នាយករដ្ឋមន្ត្រី​ស្តីទី​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​រាល់សកម្មភាព​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​​សង្គ្រាម​-​ភាពចលាចល​

1336
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រ​ភេ​ទ គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​រួមគ្នា​បង្ការ ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់ ចំពោះ​​សកម្មភាព​នានា ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ធ្លាក់​ទៅក្នុង​ស្ថាន​ភាព សង្គ្រាម ភាពចលាចល បង្កភាព​វឹកវរ​ និង​បាតុភាព​អសកម្ម​មួយចំនួនទៀត​នៅក្នុង​សង្គម​។​
ការបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​តំណែង​របស់លោក​អ៊ូច ភា ជា​អភិបាល​ខេត្តតាកែវ​ថ្មី ជំនួស​លោក​ឡាយ វណ្ណៈ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តតាកែវ​។​

សម្តេចក្រឡាហោមសខេង

សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ទី​៥ និង​ជា​ឆ្នាំ​ចុងក្រោយ នៃ​ការអនុវត្ត​កម្មវិធី​នយោ​បាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​ជា​ឆ្នាំ​ដែល​កម្ពុជា ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេល​ខាងមុខ។ រាជរដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធានា​ឲ្យ​ការបោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មាន​សុវត្ថិភាព ដើម្បី​បន្ត​ជម្រុញ និង​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា ឲ្យ​មានការ​រីកចំរើន​ប្រកបដោយ​ចីរភាព​រយៈពេល​វែង ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេសជាតិ ដោយ​ឈរលើ​គោលការណ៍ នៃ​ការធានា​ការពារ​ឯករាជ្យ អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និង​មោទនភាព​ជាតិ​។

នាយករដ្ឋមន្ត្រី​ស្តីទី បាន​បន្តថា ត្រូវខិតខំ​ថែរក្សា​ការពារ និង​ពង្រឹង​ឲ្យ​បាន​គត់មត់ និង​គង់វង្ស​នូវ​សន្តិភាព អធិបតេយ្យភាព​ជាតិ និង​ស្ថិរភាព​នយោបាយ ដែលជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​គាំទ្រ​ដល់​កិច្ចដំណើរការ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ក៏ដូចជា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ សម្តេច​បាន​សង្កត់​ធ្ងន់​ថា “​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រទេស គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​រួមគ្នា​បង្ការ ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់ ចំពោះ​សកម្ម​ភាព​នានា ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ធ្លាក់​ទៅក្នុង​ស្ថា​ភាព​សង្គ្រាម ភាពចលាចល និង​វឹកវរ​ក្នុងសង្គម និង​បាតុភាព​អសកម្ម​មួយចំនួនទៀត​នៅក្នុង​សង្គម​៕MN

សម្តេចក្រឡាហោមក្នុងពេលសំភាសន៍ជាមួយអ្នកាសែតកន្លងទៅ(រូបថតមុនីរ័ត្ន)

ទីតាំងផ្សាយពាណិជ្ជកម្ម