សឹង ក្លើ​ល ហៅ នី​ន ជនជាតិ​ទំពួន​ ​ប្រធាន​យានដ្ឋាន​ជួសជុល​ឡាន យ​-១ ក្រសួង​ឧស្សាហកម្ម​ ​(ដកស្រង់​ចេញពី​ចម្លើយសារភាព​ឯកសារ D០២០៤២)

416
ចែករម្លែក

ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ខ្ញុំ​ឈ្មោះ សឹង ក្លើ​ល ហៅ នី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ គិត​ត្រឹម​ឆ្នាំ​១៩៧៨​។ ខ្ញុំ គឺជា​ជនជាតិ​ទំពួន​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​សា​ម៉ុ​ត ឃុំ​ជីព ស្រុក​លំផាត់ ខេត្តរតនគិរី​។ ឪពុកម្តាយ​របស់ខ្ញុំ បាន​ឈឺ​ស្លាប់ចោល​ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​តូច​។ បន្ទាប់មក ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយមីង​វិញ​។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​។


​រស់នៅ​ជាមួយ​ម្តាយមីង​រហូតដល់​ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​ប្រកបមុខរបរ​ជីក​ត្បូង​នៅ​បប៉ៃលិន ខេត្តបាត់ដំបង (​សព្វថ្ងៃ​ស្ថិតក្នុង​ខេត្ត​ប៉ៃលិន​)​។ បន្ទាប់មក​នៅក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​បានសម្រេច​ចិត្ត​ចូល​ព្រៃ​ធ្វើ​បដិវត្តន៍​ជាមួយ​យោធា​ភូមិភាគ​ពាយព្យ​ចំនួន​២​នាក់​គឺ​បង សាន និង បង សាយ​។ ខ្ញុំ​ក៏បាន​ជាប់​ខ្សែរយៈ​សេ​អ៊ី​អា​ជាមួយ​គាត់​ចាប់តាំងពី​ពេលនោះ​មក​។ រហូតដល់​ឆ្នាំ​១៩៧២ បង​សាន និង​បង​សាយ បានទទួល​ការចាត់​តាំងពី អ៊ុំ​ញឹម ខាង​ភូមិភាគ ហើយ បង​សាន បាន​ឲ្យ​ខ្ញុំ​និង​គ្នីគ្នា​ចំនួន​៤​នាក់​ផ្សេងទៀត​មក​បង្កប់ខ្លួន​ជាមួយ បង​វន នៅ​ភូមិភាគ​ពិសេស​។ បង​សាន និង​បង​សាយ បាន​ណែនាំ​ខ្ញុំ​ជាច្រើន​អំពី​ការ​បង្កប់ខ្លួន​និង​ការធ្វើសកម្មភាព​។ គាត់​ឲ្យ​ខ្ញុំ​មក​ធ្វើជា​នីរសា​ដើម្បី​ទាក់ទង​ពី​ភូមិភាគ​ពិសេស​ទៅ​ភូមិភាគ​ពាយព្យ​វិញ​។ ខ្ញុំ​និង​គ្នីគ្នា​ចំនួន​៤​នាក់ បានមក​ស្នាក់នៅ​មន្ទី​៣០៤ ឃុំ​ពាម​ជាមួយ​បង​វន ហើយ​បន្ទាប់មក គ្នីគ្នា​របស់ខ្ញុំ​ចំនួន​២​នាក់​ទៀត​ត្រឡប់​ទៅវិញ​អស់ គឺ​នៅតែ​ខ្ញុំ​និង​មិត្ត​សាញ់​តែប៉ុណ្ណោះ​។ ក្រោយមក​ខ្ញុំ​បាន​ភ្ជាប់​ខ្សែរយៈ​ជាមួយ​ឈ្មោះ ហុង វឺ​ន សន មុត ហ៊ិ​ន និង​បងអន​។ រហូតដល់​ឆ្នាំ​១៩៧៤ បង​វន ដឹងថា​ខ្ញុំ​ក្បត់ គាត់​ក៏​យក​ខ្ញុំ​ធ្វើជា​នីរសារ និង​ជូន​ដំណើរ​គាត់​រហូតដល់​ឆ្នាំ​១៩៧៥​។
​នៅពេលដែល​ខ្មែរក្រហម​បាន​ឡើង​កាន់កាប់​អំណាច​ទាំងស្រុង នៅក្នុង​ឆ្នាំ​១៩៧៥ បង​វន បាន​ឲ្យ​ខ្ញុំ​មក​ធ្វើការ​នៅក្នុង​រោងចក្រ​ជួសជុល​ឡាន ជា​អនុប្រធាន​រហូតដល់​ខែមេសា ឆ្នាំ​១៩៧៦ ទើប​ធ្វើជា​ប្រធាន​នៅ​យានដ្ឋាន​យ​-១ ជួសជុល​ឡាន​ដដែល​។ ចំពោះ​ខ្សែ សេ​.​អ៊ី​.​អា ដែល​ខ្ញុំ​ធ្លាប់​ទំនាក់ទំនង​មាន​ច្រើន​ទាំង​ក្នុង​និង​ខាងក្រៅ​ក្រសួង​។ នៅក្នុង​ក្រសួង​ឧស្សាហកម្ម ប្រធាន​រោងចក្រ​ភាគច្រើន និង​ប្រជាជន​មួយចំនួនទៀត​សុទ្ធសឹង​ជា​ខ្សែរយៈ​របស់​យើង​។

រោងចក្រ​ផលិត​ចាន នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩)
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅ​ខែកក្កដា ឆ្នាំ​១៩៧៨ បងអន ប្រធាន​ក្រសួង​ឧស្សាហកម្ម បាន​ហៅ​គ្រប់​រោងចក្រ​មក​ប្រជុំ​។ នៅ​មន្ទីរ​ឧស្សាហកម្ម ដោយមាន បងអន និង បង​រ៉ុ​ម ដឹកនាំ​ប្រជុំ​រហូតដល់​ម៉ោង​១០​ព្រឹក​។ បងអន បានប្រកាស​បើក​អង្គប្រជុំ​អំពី​ផែនការ​ក្បត់​អង្គការ​ដោយ​លើកឡើងថា «​ថ្ងៃនេះ​យើង​ប្រជុំ​ដើម្បី​រៀបចំ​ផែនការ​អប់រំ​បំផុស​មហាជន កម្មករ ឲ្យ​បំផ្លាញ​សម្ភារ​សំខាន់ៗ​នៅក្នុង​រោងចក្រ​ឲ្យ​ខូច​រាល់ថ្ងៃ​មិន​ថា រោងចក្រ​តូចក្តី ឬ​ធំក្តី ហើយ​គ្រប់​រោងចក្រ​យើង​ត្រូវ​បំផុស​ខាង​ផ្នែក​នយោបាយ​ឲ្យ​ច្របូកច្របល់​លើ​នយោបាយ​របស់​បក្ស ព្រោះ​បញ្ហា​ទាំងអស់នេះ វា​សំខាន់​ណាស់​សម្រាប់​ការរារាំង​ដល់​បដិវត្តន៍​»​។ បងអន បាន​ណែនាំ​ឲ្យ​បំផ្លាញ​កី​តម្បាញ សម្ភារ​ជួសជុល​ម៉ាស៊ីន បំផ្លាញ​សម្ភារ​តូចតាច​ដែល​ប្រើ​ប្រចាំថ្ងៃ​នៅក្នុង​រោងចក្រ​។ ចំណែក​ផ្នែក​ឡាន​វិញ គឺ​ត្រូវ​បើកឡាន​ឲ្យ​បុក​ភ្ញៀវ ឬ​បើក​ឲ្យ​ក្រឡាប់​ដើម្បី​ឲ្យ​ខូច​នយោបាយ​បក្ស ថែមទាំង​ធ្វើ​ឲ្យ​ឡាន​ខូច​ច្រើន​ដើម្បី​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​។ ក្រៅពីនោះ ត្រូវ​លួច​ដាក់​ថ្នាំពុល​ខ្លះៗ​នៅក្នុង​ទឹកក្រូច ទឹកដោះគោ និង​ទឹកស៊ីអ៊ីវ​ដើម្បី​ឲ្យ​ខូច​នយោបាយ​បរទេស​។ មុនពេល​បែក​គ្នា បងអន បាន​ផ្តាំ​ថា «​យើងទាំងអស់គ្នា​ត្រូវតែ​យកចិត្តទុកដាក់​លើ​ភារកិច្ច​ទាំងអស់នេះ ដោយ​សំខាន់​អប់រំ​មហាជន​ឲ្យ​ធ្វើ​សកម្មភាព​បំផ្លាញ​ឲ្យ​ខ្លាំង​»​។ ខ្ញុំ​បាន​យក​យោបល់​របស់ បងអន មក​ណែនាំ​បំផុស​ក្នុង​អង្គភាព​របស់ខ្ញុំ​ឲ្យ​ស្អប់ និង​ស្មុគស្មាញ​ប្រឆាំង​បដិវត្តន៍ ដើម្បី​វាយ​បក្ស​កុម្មុយនីស្ត ថែមទាំង​ណែនាំ​ឲ្យ​បំផ្លាញ​ឡាន​ដោយ​ប្រើប្រាស់​មិន​ប្រុងប្រយ័ត្ន​។ ចាប់តាំងពី​ខ្ញុំ​ចូលមក​ធ្វើការ​នៅក្នុង​យានដ្ឋាន​នេះ ខ្ញុំ​មាន​ខ្សែរយៈ​ក្បត់ មានឈ្មោះ ម៉ន អនុប្រធាន​ខ្ញុំ ម៉េង សមាជិក មឿ​ន ប្រធាន​ក្រុម ប៉ក់​ប្រធាន​ក្រុម តា​ទី ប្រធាន​ក្រុម គា ប្រធាន​ក្រុម ស្រេង ប្រធាន​ក្រុម ឡាយ អនុប្រធាន​ក្រុម ហ៊ាង អនុប្រធាន​ក្រុម ឆែ អនុប្រធាន​ក្រុម អ៊ី អនុប្រធាន​ក្រុម និង​ណាក់ អនុប្រធាន​ក្រុម​។

រោងចក្រ​តម្បាញ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩)
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅក្នុង​ខែកក្កដា​ឆ្នាំ​១៩៧៨​នេះ​ដដែល បងអន បាន​ហៅ​ខ្ញុំ និង​សន ប្រធាន​រោងចក្រ​ដ​៧ ទៅ​ជួប​និង​ទទួល​ការចាត់​តាំងពី​គាត់​ថា ឲ្យ​ខ្ញុំ​ទៅ​កន្លែង មិត្ត​ជន និង មិត្ត​ម៉ែន ជា​ជំនួយការ​នៅ​ក្រសួង​សាធារណការ​ដើម្បី​ប្រាប់​ដំណឹង​ថា​យើង​ត្រូវ​រៀបចំ​ផែនការ​ជាថ្មី​ដើម្បី​វាយ​រំលំ​បក្ស​កុម្មុយនីស្ត និង​បំផុស​ចលនា​ត្រៀម​វាយ​បក្ស​កម្ពុជា​កុម្មុយនីស្ត​ដើម្បី​កសាង​សង្គម​ថ្មី​ឡើងវិញ​។ បង​ជន បាន​ឆ្លើយតប​បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​ខ្ញុំ​ថា «​ខ្ញុំ​បាន​និយាយ​រឿង​ទាំងអស់នេះ​ជាមួយ​បងអន​រួចហើយ​ពីថ្ងៃ​មុន ខ្ញុំ​យល់​អស់​ហើយពី​បញ្ហា​នេះ ហើយ​ខ្ញុំ​បានចាប់ផ្តើម​ដំណើរការ​ជា​បណ្តើរៗ​ដែរ​»​។ បន្ទាប់មក ខ្ញុំ​ក៏បាន​ចាប់ដៃ បង​ជន លា​ត្រឡប់មក​ក្រសួង​ឧស្សាហកម្ម​វិញ​ដើម្បី​ប្រាប់​ដំណឹង​នេះ​ដល់ បងអន​។ មិនយូរប៉ុន្មាន ខ្ញុំ​និង​បង​សន ក៏បាន​ទៅទាក់ទង​ខាង​ក្រសួង​សាធារណការ​ដើម្បី​ប្រាប់​ពី​ផែនការ​បន្ថែមទៀត ព្រោះ​នៅ​ទីនោះ មាន បង​ហេង និង​បង​ម៉ែន ដែល​ខ្ញុំ​ធ្លាប់​រស់នៅ​ជាមួយ​តាំងពី​ឆ្នាំ​១៩៧៤​មកម្ល៉េះ​។ ក្រោយៗ​មកទៀត ខ្ញុំ​បាន​ទំនាក់​ទំនងជា​ញឹកញាប់​ជាមួយ​ក្រសួង​សាធារណការ​នៅ​កន្លែង​អគ្គិសនី ថែមទាំង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​រួមសហការ​ជាមួយ​ក្រសួង​ផ្សេងៗ​នៅក្នុង​ក្រុងភ្នំពេញ​ដែរ​។

រោងចក្រ​ផលិត​ជ័រកៅស៊ូ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩)
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅ​ខែសីហា ឆ្នាំ​១៩៧៨ បងអន បាន​ហៅ​ប្រធាន​រោងចក្រ​មួយចំនួន​មក​ប្រជុំ​ម្តងទៀត ដើម្បី​រំឭក​ពី​សភាពការណ៍​មួយចំនួន និង​ពង្រឹង​សកម្មភាព​ឲ្យ​ខ្លាំងក្លា ដោយ​ពង្រីក​ខ្សែបណ្តាញ​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។ បន្ទាប់ពី​ទទួលបាន​ការណែនាំ​រួច ខ្ញុំ​បាន​ទៅ​អប់រំ​កម្មករ​ក្នុង​រោងចក្រ​របស់ខ្ញុំ​តាម​បណ្តាំ​របស់ បងអន ថា «​ឲ្យ​មើលឃើញ​ពី​សង្គមចាស់​ដូចជា​រឿង​ចាយលុយ មាន​ប្រាក់ខែ មាន​ផ្សារ​លក់ដូរ ឲ្យ​ស្អប់​បដិវត្តន៍ ឲ្យ​ស្មុគស្មាញ​ពី​សង្គម​បដិវត្តន៍ ប្រឆាំងនឹង​បដិវត្តន៍​តាមរយៈ​ការបំផ្លិចបំផ្លាញ​សម្ភារ​ផ្សេងៗ​»​។ ក្រៅពីនេះ ខ្ញុំ​ក៏បាន​ធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់​តាម​ការចាត់​តាំងរបស់ បងអន​។ ចំពោះ​សកម្មភាព​ទំនាក់ទំនង​ខាងក្រៅ មិត្ត​វ៉ឺ​ន មិត្ត​ណ​យ និង​ខ្ញុំ បានទទួល​ការចាត់​តាំងពី​បងអន​ឲ្យ​ទៅ​ជួប បង​ប្រា​ង និង​បង​សាំង នៅ​ក្រសួង​រទេះភ្លើង​អំពី​ផែនការ​ថ្មីៗ​ជំនួស​គាត់​ព្រោះ បងអន ខ្លាច​គេ​ចាប់អារម្មណ៍​មកលើ​គាត់​។ បងអន បាន​ផ្តាំផ្ញើ​ពាក្យសំដី​ថា «​ខ្ញុំ​សុំ​រំឭក​អំពី​ផែនការ​របស់​យើង និង​ស្នើ​រៀបចំ​ឲ្យ​បាន​ស្រួល​និង​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​មែនទែន​។ មិនតែប៉ុណ្ណោះ ត្រូវ​ខំ​យកចិត្តទុកដាក់​បំផុស​សកម្មភាព​ដើម្បី​ឲ្យ​ទទួលបាន​ការឯកភាព​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​ផ្សេងទៀត​»​។ ខ្ញុំ​ក៏​ត្រឡប់មកវិញ​រាយការណ៍​ជូន​បងអន​វិញ និង​សុំ​ទាក់ទង​ផ្ទាល់​ទៅ មិត្ត​ចាន់ មិត្ត​ដា​និង​មិត្ត​សឿន នៅ​ក្រសួង​រទេះភ្លើង ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ជា​យូរ​មកហើយ​បន្ថែមទៀត​។ បងអន ក៏​អនុញ្ញាត ព្រោះ​គាត់​មិនសូវ​ស្គាល់​នរណា​ច្រើន​នោះទេ​។ យើង​ទាំងបី​នាក់​បាន​ត្រឡប់​ទៅ​ទីនោះ​ម្តងទៀត ដើម្បី​ទាក់ទង មិត្ត​ចាន់ មិត្ត​ដា និង​មិត្ត​សឿន​។ នៅពេល​ទៅដល់ ខ្ញុំ​មិនទាន់​និយាយ​រឿង​បំផុស​ចលនា​នោះទេ គឺ​ខ្ញុំ​បាន​សួរនាំ​ជុំវិញ​បញ្ហា​ធ្វើស្រែ ដំណើរការ​នៅក្នុង​រោងចក្រ និង​រឿង​ដោះស្រាយ​ជីវភាព​កម្មករ​នៅក្នុង​រោងចក្រ ហើយ​ជា​ចុងក្រោយ ពេលដែល​ខ្ញុំ​ក្តាប់​សភាពការណ៍​បាន ខ្ញុំ​ក៏​និយាយ​ចូលដល់​សភាពការណ៍​ប​ដិ​វត្ត​ន៍​តែម្តង​។ ក្រោយពី​ខ្ញុំ​ដាក់​ផែនការ​រួច មិត្ត​ទាំងបី​នាក់ បាន​ឯកភាព​ទទួលយក​ផែនការ​នេះ​។ បន្ទាប់មកទៀត ខ្ញុំ និង បង​ភិន ត្រូវ​បងអន ចាត់តាំង​ម្តងទៀត​ឲ្យ​ទៅទាក់ទង មិត្ត​សាវ៉ាត និង​មិត្ត​ជឿន នៅ​ក្រសួងកសិកម្ម​វិញ​ម្តង​។ បន្ទាប់ពី​ទាក់ទង​រួច បង​សាវ៉ាត និង​បង​ជឿន ឲ្យ​ខ្ញុំ​ជម្រាប​ទៅ​បងអន​វិញ​ថា «​នៅក្នុង​ក្រសួង​របស់ខ្ញុំ​កំពុងតែ​ចាប់ផ្តើម​ដំណើរការ​ជា​បណ្តើរៗ​តាម​ការពិភាក្សា​ពីមុន ដោយ​ខ្ញុំ​បាន​ព្យាយាម​អប់រំ​កម្មករ និង​កម្មាភិបាល​ទាំងអស់​ដើម្បី​បម្រើ​ដល់​ផែនការ​និង​សកម្មភាព​របស់​យើង​ខាងមុខនេះ​»​។

រោងចក្រ​កែវ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩)
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​រហូតមកដល់​ខែតុលា ឆ្នាំ​១៩៧៨ បងអន បាន​កោះហៅ​ប្រធាន​រោងចក្រ​ទាំងអស់​ឲ្យ​មក​ប្រជុំ​ជា​លើកចុងក្រោយ​នៅ​មន្ទីរ​ឧស្សាហកម្ម​។ បងអន និយាយថា «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​យើង​ប្រជុំ​ចុងក្រោយ​ដើម្បី​ឲ្យ​មិត្ត​ក្តាប់បាន​នូវ​ផែនការ​ល្អិត​របស់​យើង​នៅ​ចុងក្រោយ​នេះ ព្រោះ​ពេលនេះ​ជិត​ដល់ពេល​កំណត់​ដែល​យើង​ត្រូវ​វាយ​ក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៧៩ ខាងមុខនេះ​»​។ បងអន សុំ​ឲ្យ​មានការ​ចាត់តាំង​ផែនការ​ទៅតាម​រោងចក្រ​នីមួយៗ​ដូចជា​៖
១) ត្រូវ​បំផុស​នយោបាយ​សតិអារម្មណ៍​ដោយ​ចាត់តាំង​ឲ្យ​កម្មករ​នៅក្នុង​រោងចក្រ​វាយ​បក្ស​កុ​ម្មុយ​នី​ស​កម្ពុជា រួមគ្នា​ជាមួយ​វៀតណាម​។​
២) អប់រំ​កម្មករ​ឲ្យ​បំផ្លិចបំផ្លាញ​សម្ភារ​នៅក្នុង​រោងចក្រ​ឲ្យ​កាន់តែខ្លាំង​
៣) ដាក់​ថ្នាំ​បំពុល​នៅក្នុង​រោងចក្រ​ទឹកដោះគោ ទឹកក្រូច ទឹកស៊ីអ៊ីវ ទឹកត្រី ដើម្បី​ឲ្យ​បែកបាក់​នយោបាយ​នៅ​បរទេស​។
៤) នៅ​មន្ទីរពេទ្យ ត្រូវ​ចាក់​ថ្នាំ​សម្លាប់​អ្នកជំងឺ និង​ព្យាយាម​កម្ទេច​មន្ទីរពេទ្យ​ឲ្យ​បាន​ច្រើនជាងគេ​។
៥) រៀបចំ​ដក​របប​កម្មករ​សម្រាប់​ទុក​ត្រៀម​ពេល​កំពុង​វាយ​ដើម្បី​ជួយ​វៀតណាម​ឲ្យ​ចូលមក​វាយ​ដល់​ក្នុង​ទីក្រុង និង​ញុះញង់​ដល់​កម្មករ​ពី​បញ្ហា​ដក​របប​នេះ​ដោយ​យក​ហេតុផល​ថា មកពី​អង្គការ​ខ្វះខាត​ច្រើន ហើយ​អង្គការ​ឲ្យ​ដកយក​វិញ​។
​ ​នៅពេល​ប្រជុំ​នេះ បងអន បាន​ប្រាប់​អំពី​ផែនការ​វាយ​ចូល​ទីក្រុង និង​ការរៀបចំ​ទិសដៅ​និង​មុខសញ្ញា​នីមួយៗ​ដើម្បី​វាយ​ចូល​នៅក្នុង​ទីក្រុង​ភ្នំពេញ​រួចជាស្រេច​។
​ ​ក្រោយពី​ទទួលបាន​ការណែនាំ​និង​ការចាត់តាំង​រួចហើយ ខ្ញុំ​យក​បញ្ហា​ទាំងអស់នេះ​មក​រៀបចំ​ត្រៀម​ដើម្បី​សហការ​ជាមួយ​រោងចក្រ​គេ​ធំៗ ឲ្យ​ត្រៀមកម្លាំង​ដែលមាន​ក្នុង​រោងចក្រ​របស់ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​ថ្ងៃ​ខាងមុខនេះ​។ ខ្ញុំ​បានធ្វើ​សកម្មភាព​តាម​ការចាត់​តាំងពី បងអន ដែល​បាន​ណែនាំ​ជា​បន្តបន្ទាប់​រហូតដល់​ខែវិច្ឆិកា​ឆ្នាំ​១៩៧៨​។
​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​អង្គការ​ចាប់ខ្លួន និង​យកមក​ឃុំឃាំង​ក្នុង​គុក​ទួលស្លែង​ដោយមាន​ឈ្មោះ រស់ ទិ​ត គឺជា​អ្នក​សួរចម្លើយ​ខ្ញុំ​។
​កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ​យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ សឹង ក្លើ​ល ហៅ នី​ន ពិត​ឬ​យ៉ាងណា​នោះទេ​៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម