តោះមកមើលនាវាមុជទឹកទេសចរណ៍អាចដឹកមនុស្សបាន២៤នាក់ចុះទៅមើលបាតសមុទ្រនៅជម្រៅ ១០០ ម៉ែត្រ

564
ចែករម្លែក

នាវាមុជទឹកអស្ចារ្យមួយគ្រឿងគ្រោងនឹងនាំភ្ញៀវទេសចរចុះទៅមើលទេសភាពបាតសមុទ្រដែលគ្មាននរណាអាចធ្វើដូច។

នាវាមុជទឹកឈ្មោះ Triton DeepView 24 អាចនាំអ្នកដំណើរ ២៤ នាក់ចុះទៅបាតសមុទ្រជម្រៅ ១០០ ម៉ែត្រ និងអាចឱ្យពួកគេមើលទេសភាពបាតសមុទ្រពេញភ្នែកគ្រប់ទីកន្លែង ដោយសារបង្អួចកញ្ចក់ថ្លានៅជុំវិញនាវា ហើយពួកគេអាចឈរមើលទេសភាពពីក្នុងនាវាប្រវែង ១៥,៤ ម៉ែត្រនេះប្រកបដោយផាសុកភាពជាមួយម៉ាស៊ីនត្រជាក់ ត្រជាក់ស្រេប។

អ្នកដែលមានអារម្មណ៍ខ្លាចមិនហ៊ានជិះនាវានេះគួរជូនដំណឹងទៅក្រុមហ៊ុនផលិតនាវាមួយនេះ ដែលមានឈ្មោះថា Triton Submarines។ ក្រុមហ៊ុននេះដឹងរឿងគ្រប់យ៉ាងអំពីនាវានៅក្រោមទឹក ព្រោះធ្លាប់បានផលិតនាវាមុជទឹកទេសចរណ៍ Limiting Factor ដែលកាលពីឆ្នាំមុនបានបំបែកឯតទគ្គកម្មចុះដល់ចំណុចជ្រៅបំផុតក្នុងមហាសមុទ្ររបស់ផែនដីហៅថា Challenger Deep នៅចំណុចមួយហៅថា Mariana Trench នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានជម្រៅប្រមាណ ១០.៩២៧ ម៉ែត្រ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដានេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវាមុជទឹក Triton DeepView 24 គឺជានាវាមុជទឹកទេសចរណ៍បែបពាណិជ្ជកម្មសំខាន់បំផុត ដែលគេនាំមកទីផ្សារទេសចរណ៍ក្នុងរយៈពេល២ទសវត្សរ៍មកនេះ”។

ក្រុមហ៊ុនបានបកស្រាយថា នាវានេះមានសភាពស្ងាត់ មិនបំពុលបរិស្ថាន និងមានភាពងាយស្រួលក្នុងការជិះនិងចូលចត សូម្បីអ្នកទេសចរដែលមានបញ្ហាពិបាកដើរ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម