ប៉ូលិស​កំពុង​ស្រាវជ្រាវ​ស្វែងរក​ប្រភព​មេខ្លោង​ញុះញង់​ដឹកនាំ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​

858
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ

ដោយៈ មុនី​រ័ត្ន​,ឆាយានាថ/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​ប្រភព​មេខ្លោង​ញុះញង់​ដឹកនាំ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​ក្រុម​នេះ​អាច​ចង​ជា​ប្រព័ន្ធ​។​ជា​បណ្តាញ​ដើម្បី​បង្កើត​ព្រឹត្តិការ​រណ៍​បំពុលបរិយាកាស​សង្គម​លើ​បញ្ហា​គ្រប់យ៉ាង​ដូចជា បញ្ហា​ជំងឺ​កូ​វីដ ១៩ ,​ប្រមាថ​រដ្ឋាភិបាល ,​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ,​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន ក៏​ក្រុម​នោះ​ចេញមក​បំពុលសង្គម​ច្រើនណាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​វង្វេងវង្វាន់​ស្មារតី ពិបាក​យល់​ចំពោះ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ខ្លួនឯង​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា​សមត្ថកិច្ច​បាន​ចាត់វិធានការ​ច្បាប់​ចំពោះ​ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​ការស្វែងរក​កោះហៅ​បំភ្លឺ និង​ឲ្យ​សារភាព​ទទួលស្គាល់​កំហុស រួមទាំង​អប់រំ ធ្វើ​កិច្ចសន្យា និង​ចាក់ផ្សាយ​ជា​សាធារណៈ​ដើម្បី​លុបបំបាត់​ទស្សន​ភ័ន្តច្រឡំ​ពី​មហាជន​។​កន្លងទៅ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មក​សួរនាំ និង​ឲ្យ​ត្រឡប់​ទៅវិញ​ចំនួន​ប្រាំ​នាក់ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​បីនាក់ និង​នៅ​ខេត្តកំពង់ស្ពឺ​ពីរ​នាក់​។​


​សូមជម្រាបថា មនុស្ស​ចំនួន​បីនាក់​ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហៅ​មក​សាកសួរ​ពាក់ព័ន្ធ​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជេរប្រមាថ មើលងាយ​មកលើ​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់ នៅក្នុង​ការចុះអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ប៉ុន្តែ​មនុស្ស​ទាំងបី​នាក់​នោះ មិន​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​នោះទេ ដោយ​គ្រាន់តែ​ឲ្យ​ធ្វើការ​បំភ្លឺ​ជា​សាធារណៈ និង​ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​


មនុស្ស​ទាំងបី​ដែល​សមត្ថកិច្ច​កោះហៅ​មក​សារ​សួរ​មានដូចជា ១. ឈ្មោះ ហែម ផល្លា ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ YVON HEM Phalla បាន​ផុស​ព័ត៌មាន​ជេរប្រមាទ មើលងាយ​យ៉ាងខ្លាំង​មកលើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ បុរស​ឈ្មោះ ហែម ផល្លា បាន​ចូលខ្លួន​មក​បំភ្លឺ តាម​ការកោះហៅ​របស់​ស​ម​ត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ ហើយ​គាត់​ក៏បាន​ទទួលកំហុស​ទាំង​ស្រុង និង​បាន​ថត​វីដេអូ​សុំទោស​ជា​សាធារណ​:​ដល់​ប្រជាពលរដ្ឋ ជាពិសេស​សុំទោស​ដល់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ២. ឈ្មោះ គួ​ក ស្រី​ណា ភេទ​ស្រី ប្រើប្រាស់​គណនី TIKTOK ឈ្មោះ អែ ណា បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ ដែល​បាន​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ យកមក​ផុស​ខុសពី​ការពិត​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២០ ធ្វើ ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ជាពិសេស​គាត់​បាន​និយាយ​ខុសពី​ការពិត មើលងាយ​មកលើ​សមត្ថ​កិ​ច្វ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ស្ត្រី​ឈ្មោះ គួ​ក ស្រី​ណា បាន​ចូលខ្លួន​មក​បំភ្លឺ តាម​ការកោះហៅ​របស់​ស​ម​ត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ ហើយ​គាត់​ក៏បាន​ទទួលកំហុស​ទាំង​ស្រុង និង​បាន​ថត​វីដេអូ​សុំទោស​ជា​សាធារណ​:​ដល់​ប្រជាពលរដ្ឋ ជាពិសេស​សុំទោស​ដល់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ៣. ឈ្មោះ រស់ ដា​រ៉ា ភេទ​ប្រុស ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Alex Piano ដែល​បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស​ស្លាក​សញ្ញា​ចរាចរណ៍ យកមក​ផុស​ខុសពី​ការពិត​កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។
​មនុស្ស​ទាំងបី​នាក់​ខាងលើនេះ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិតមេដៃ​រួចមក សមត្ថកិច្ច​ក៏បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម