ល្វីស គូ នឹងធ្វើការជាមួយក្រុមហ៊ុន Emperor Group ដើម្បីសង្គ្រោះឧស្សាហកម្មភាពយន្តហុងកុង

296
ចែករម្លែក

ឧស្សាហកម្មភាពយន្ដនៅហុងកុងត្រូវបានវាយលុកដោយជំងឺកូរ៉ូណា ខណៈផលិតកម្មជាច្រើនបានផ្អាកនិងរោងកុនត្រូវបិទទ្វារតាំងពីចុងខែមីនា។

ប៉ុន្តែឥឡូវគេមានសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងជាមួយនឹងការបើករោងកុនឡើងវិញកាលពីថ្ងៃសុក្រ ទី៨ ឧសភា និងសេចក្តីប្រកាសនៅសប្តាហ៍នេះអំពីគម្រោងដើម្បីជំរុញឧស្សាហកម្មនេះ។

កាលពីថ្ងៃព្រហស្បតិ៍ តារាសម្តែងហុងកុងលោក ល្វីស គូ អាយុ ៤៩ ឆ្នាំនិងមហាសេដ្ឋីភាពយន្ត អាល់បឺត យឿង អាយុ ៧៧ ឆ្នាំបានប្រកាសថាពួកគេនឹងធ្វើការរួមគ្នាដើម្បីផលិតខ្សែភាពយន្តហុងកុងចំនួន ១០ រឿងក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

លោកគូ ដែលបានបង្កើតផលិតកម្មភាពយន្តមួយ One Cool Group ក្នុងឆ្នាំ ២០១៣ និងលោកយឿង ដែលជាម្ចាស់ផលិតកម្ម Emperor Motion Pictures បាននិយាយថាខ្សែភាពយន្តទាំងនោះនឹងត្រូវថតជាចម្បងនៅហុងកុងហើយពួកគេនឹងជួលភាគច្រើនជាតារាសម្តែងនិងសមាជិកថតរបស់ហុងកុង។

ពួកគេសង្ឃឹមថាចំណាត់ការនេះនឹងផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់សមាជិកថត ដែលគ្មានការងារធ្វើឬត្រូវបង្ខំឱ្យទទួលយកការងារផ្សេងទៀតដើម្បីរស់។

ក្រុមហ៊ុន One Cool Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងសង្ឃឹមថានឹងបង្កើតស្គ្រីបល្អៗបន្ថែមទៀតនិងអភិវឌ្ឍអ្នកផលិតភាពយន្ដជំនាន់ថ្មីជាមួយនឹងការសហការនេះ”។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីពានរង្វាន់ភាពយន្តហុងកុងប្រចាំឆ្នាំត្រូវបានប្រកាសកាលពីថ្ងៃពុធនេះ ដែលនេះជាលើកដំបូងហើយដែលពានរង្វាន់នេះត្រូវបានប្រកាសតាមការផ្សាយផ្ទាល់តាមអ៊ីនធឺណេត។ ពិធីបង្ហាញពានរង្វាន់ត្រូវបានលុបចោលដោយសារស្ថានភាពកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស

លោក ល្វីស គូ កំពុងជួយស្រោចស្រង់វិស័យភាពយន្តហុងកុង ដែលរងផលប៉ះពាល់ពីកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម