សម្តេចក្រឡាហោមប្រជុំពិនិត្យ វឌ្ឍនភាពនៃត្រួតពិនិត្យ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

210
ចែករម្លែក
សម្តេចក្រឡាហោមសខេងប្រជុំពិនិត្យវឌ្ឍនភាពនៃត្រួតពិនិត្យ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

ដោយៈមុនីរ័ត្ន/ភ្នំពេញៈសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ស្តីពី​ការត្រួតពិនិត្យ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលមាន​រយៈពេល​មួយ​សប្តាហ៍​កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា លទ្ធផល​គួរកត់សម្គាល់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ (​ពីថ្ងៃ​ទី​១-៧ ខែឧសភា​) គឺ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​បាត់​បង់ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានការ​ថយចុះ​បើ​ប្រៀបធៀប​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​មុន​មានការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ។ សម្តេច​ក៏បាន​​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​បានល្អ​ប្រសើរ ។ ជាពិសេស​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការបញ្ចេញមតិ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ផ្ទាល់​តែម្តង ដែល​សុទ្ធតែជា​សារ និង​មតិ​ប្រកបដោយ​ខ្លឹមសារ​ចូលរួម​ស្ថាបនា​និង​កែលំអរ ។​
​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង បានលើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់​ក្នុងន័យ​ស្ថាបនា​និង​កែលំអរ​ថែមទៀត​ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​គឺ មានន័យថា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាន់តែ​ថយចុះ ចំនួន​អ្នកស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀប​រៀបរយ​ល្អប្រសើរ សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ​។​


​ទាក់ទង​កិច្ចប្រជុំ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងថា កិច្ច​ប្រជុំបាន​ត្រួតពិនិត្យ​ចំពោះ​លទ្ធផល​តាមរយៈ​របាយ​ការណ៍​របស់​អនុគណៈកម្មការ​ទី​២ ដែល​ក្នុង​នោះបាន​បញ្ជាក់ថា រយៈពេល​៧​ថ្ងៃ ពីថ្ងៃ​ទី​១-៧ ខែឧសភា សមត្ថកិច្ច​បាន​ពិន័យ​យានយន្ត​សរុប ១៣.៩៦៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០.៨១៥​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន ៣.១៥៣​គ្រឿង​។ បទល្មើស​ដែលមាន​តួលេខ​ខ្ពស់​កត់សម្គាល់​នោះ គឺពាក់ព័ន្ធ​ម៉ូតូ​មិនមាន​ពាក់មួក​សុវត្ថិភាព គ្មាន​ស្លាក​លេខ ល្មើស​សញ្ញា​ចរាចរណ៍​ដឹក​លើស​ចំណុះ និង​ទូរស័ព្ទ​ពេល​បើក​បើក​។ ចំណែក​រថយន្ត គឺ​មិន​ពាក់​ខ្សែក្រវាត់ លើស​ល្បឿន លើស​ចំណុះ ល្មើស​សញ្ញា​ចរាចរណ៍ ប្រើ​ទូរស័ព្ទ​ពេល​បើកបរ និង​គ្មាន​ប័ណ្ណបើកបរ​។


អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា តាមរយៈ​កា​ររ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ខ្លឹមសារ​អនុក្រឹត្យ​៣៩ ឃើញថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​មួយ​សប្តាហ៍​កន្លងទៅនេះ មាន​ស្ថានភាព​ល្អប្រសើរ​។ បើ​ប្រៀបធៀប​ជាមួយ​ដើមខែ​មេសា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៤៣​លើក ថយចុះ​១២​លើក ស្មើ​២២​ភាគរយ ស្លាប់​២៤​នាក់ ថយចុះ​១១​នាក់ ស្មើ​៣០​ភាគរយ របួស​៣៦​នាក់ ថយចុះ​២​នាក់ ស្មើ​៣​ភាគរយ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា មួយ​សប្តាហ៍​ដូចគ្នា នៃ​ខែឧសភា ឆ្នាំ​២០១៩ ឃើញថា គ្រោះថ្នាក់​ថយចុះ​រហូត ៥២​លើក ស្មើនឹង​៥៩​ភាគរយ ស្លាប់​ថយ​១៩​នាក់ ស្មើ​៤០​ភាគរយ និង​របួស​ថយ ៥៩​នាក់ ស្មើ​៥១​ភាគរយ​។​
អ្នកនាំពាក្យ​បាន​បញ្ជាក់ថា “​ក្នុង​កិច្ចដំណើរការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ ៣៩ ក៏មាន​ប្រតិកម្ម​ខ្លះៗ មាន​ច​រិ​ក​លក្ខណៈ​តិះ​ទៀន​ការ​លំអរ ឬ​ជា​សំណូមពរ និង​ក៏មាន​ប្រតិកម្ម​ច​ចេញពី​ក្រុម​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​ក្នុង​នោះបាន​បង្ហោះ​សារ​តាម​គេហទំព័រ ទំនាក់ទំនង​សង្គម ខ្លឹមសារ​នៃ​ការ​បង្ហោះ​នោះ គឺមាន​ច​រិ​តញុះញង់ ប្រមាថ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់ អ្វីដែល​បង្ហោះ​នោះ​ក្នុង​គោលបំណង​កេងចំណេញ​នយោបាយ បំផ្លើស​សភាពការណ៍ កាត់ត​រូបភាព​មិន​ពិត និយាយ​បំពុល​អំពី​ស្ថានភាព​ពិត​នៃ​ការអនុវត្ត​ច្បាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទស្សន​យល់ច្រឡំ​ចំពោះ​គុណប្រយោជន៍ ចំពោះ​គោលបំណង​ពិតប្រាកដ​ការ​ព​ពង្រឹង​អនុវត្ត​ច្បាប់​តាម​អនុក្រឹត្យ ៣៩ និង​ធ្វើ​ឲ្យ​សង្គម​មានការ​ជ្រួលច្របល់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​យើង​ក៏​ទទួលយក​ផងដែរ នៅ​រាល់​ប្រតិកម្ម​រិះគន់​មួយចំនួន​ពាក់ព័ន្ធ​និង​សេវា ចេញ​លិខិតស្នាម​យឺត​យាវ ពាក់ព័ន្ធ​អាកប្ប​ក​រិ​យាម​ន្ត្រី​អនុវត្ត​ច្បាប់ លើស​វិធានការ​ណែនាំ មាន​ច​រិ​ត​មិន​សមរម្យ​ជាដើម​។​លើ បញ្ហា​នេះ​យើង​ទទួលយក ហើយនឹង​ធ្វើការ​ពិនិត្យ​កែលំអរ​ឡើងវិញ ”​៕សរន

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ទិដ្ឋភាពនៃកិច្ចប្រជុំ

ទីតាំងផ្សាយពាណិជ្ជកម្ម