តុលាការ​សម្រេច​ឃុំខ្លួន​អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​

243
ចែករម្លែក
តុលាការ​សម្រេច​ឃុំខ្លួន​លោកម៉ៃតុលាអតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​លោក រស់ ពិសិដ្ឋ បានសម្រេច​ឃុំខ្លួន​លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ នេះ​។
​លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​ខ្លួន​ល​លោក​ម៉ៃ តុលា មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ។​បន្ទាប់ពី​សាកសួរ​ព្រះរាជអាជ្ញា​បានសម្រេច​ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត​ដោយ​អភិបាល តាម​មាត្រា ៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ​។​បន្តម​កនៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី ដោយ​សម្រេច​ឃុំខ្លួន​លោក​ម៉ៃ តុលា តាម​នីតិវិធី​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​ខ្លួន​លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា​។ ការ​បញ្ជូនទៅ​តុលាការ​នេះ គឺ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្តាប់​ចម្លើយ​លោក​ម៉ៃ តុលា ចប់សព្វគ្រប់​ពាក់​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែឧសភា​។ បន្ទាប់ពី​សាកសួរ​យក​ចម្លើយ​រួច ប៉េអឹម​បាន​បញ្ជូន​ខ្លួន​លោក​ម៉ៃ តុលា ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​
ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បានទទួល​ពាក្យបណ្តឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជុំវិញ​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​របស់គាត់​ជា​ប្រធាន​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​
​ទាក់ទង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាត់​ទាត់​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ថា អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺជា​នគរបាល​យុត្តិធម៌ ក្រោយពី​មាន​បណ្តឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជុំវិញ​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​នៅពេលដែល​គាត់​ក្នុង​តំណែង​ជា​ប្រធាន​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​អគ្គលេខាធិការ​ស្តីទី​) អាវុធហត្ថ​បាន​ចាត់វិធានការ​ធ្វើការ​ស្រាវជ្រាវ​និង​បាន​រកឃើញថា គាត់​បាន​ប្រព្រឹត្ត​បទល្មើស​មែន ហើយ​គាត់​ក៏បាន​សារភាព​។
នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា “​បទល្មើស​ដែល​លោក​ម៉ៃ តុលា បាន​ប្រព្រឹត្ត​គឺពាក់ព័ន្ធ​ទៅ​និង​អំពើពុករលួយ ហើយ​អំពើពុករលួយ​នេះ ច្បាប់​បានចែង​ហើយ គឺ​មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ទើប​មាន​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ក្នុងការ​មាន​ចំណាត់​ការប្រឆាំង​អំពើពុករលួយ​នេះ តាមផ្លូវ​ច្បាប់​។ អីចឹង​អាវុធហត្ថ​បាន​ឃាត់ អាវុធហត្ថ​បាន​សួរ អាវុធហត្ថ​បាន​ប្រមូល​សំណុំរឿង ហើយ​ក៏បាន​បញ្ជូនទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​”​។​
បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃទី​៦​ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា អតីត និង​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ ផ្ទុយ​និង​ក្រមសីលធម៌ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ដូចជា លោក ម៉ៃ តុលា លោក ទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និង​លោក​គល់ សុភា​រម្យ ត្រូវបាន​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត​។
​ចំណែក​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ត្រូវបញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​តុលាការ​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម