​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ម្នាក់​ចាក់ដី​លុប​ផ្ទៃ​បឹង​មួយកន្លែង​បង្ក​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​

545
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​អ្នកភូមិ​រាប់សិប​នាក់​តំណាងឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត​ឃុំ​ភ្នំ​ប្រាសាទ​ស្រុក​កំពង់ត្រាច​បាននាំគ្នា​មកកាន់​ទីតាំង​ចាក់ដី​ថ្មី​មួយកន្លែង​ជាប់​នឹង​ផ្លូវ​លេខ​១១៧​ឆ្ពោះទៅ​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​។

​គោលបំណង​នៃ​ការជួបជុំ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ដោយសារ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​មួយរូប​បាន​ចាក់ដី​លុប​ផ្ទៃ​បឹង​សាធារណៈ​ប៉ុនប៉ង​កាន់កាប់​ជា​កម្មសិទ្ធិ​។​ជាការ​រំងាប់​អារម្មណ៍​អាជ្ញាធរ​ស្រុ​កំពង់ត្រាច​បានទទួល​យក​សំណើ​ប្រជាពលរដ្ឋ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​មុនពេល​រំសាយ​ទៅកាន់​លំនៅស្ថាន​វិញ​លោក​ហ៊ុន​ចិន្តា​បាន​រៀបរាប់ថា​បញ្ហា​ដែល​បងប្អូន​នាំគ្នា​មក​ទីតាំង​នេះ​ក្នុង​បំណង​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ករណី​បុគ្គល​មួយ​គ្រួសារ​បំពាន​ចាក់ដី​លុប​ផ្ទៃ​បឹង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។

​កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់បាន​ហាមឃាត់​ដែរ​តែ​គេ​នៅ​បន្ត​ចាក់​លុប​រហូត​ឈានដល់​បោះ​របង​ហ៊ុមព័ទ្ធ​ទៀត​។​តំណាង​ពលរដ្ឋ​ដដែល​បាន​បញ្ជាក់ថា​សកម្មភាព​ដែល​គេ​ធ្វើបាន​សម្រេច​តាម​បំណង​នោះ​គឺ​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ស្របពេល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ផ្តោត​ការយកចិត្តទុកដាក់​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​ហ៊ុន​ចិន្តា​បាន​បន្តថា​ដំបូង​ឡើយ​គេ​ប្រើ​វិធី​សុំ​ចាក់ដី​ធ្វើ​ផ្លូវ​សម្រាប់​ចូលទៅ​វត្ត​អង្គ​ដូន​កែវ​ដើម្បីឱ្យ​ពុទ្ធបរិស័ទ​ងាយស្រួល​ធ្វើដំណើរ​សម្រាប់​រដូវ​បុណ្យទាន​ម្តងៗ​។​

​ប៉ុន្តែ​ជា​រូបភាព​ពិតប្រាកដ​ក្រោយពី​ចាក់​លុប​លើ​ផ្ទៃ​បឹង​និង​ដី​ចំណីផ្លូវ​ទំហំ​ប្រហែល​២.០០០​ម៉ែត្រក្រឡា​រួចរាល់​ស្រាប់តែ​បុគ្គល​នោះ​ប៉ោះ​របង​ហ៊ុមព័ទ្ធ​ស្ទើរ​ដល់​បង្គោល​ខ្លោងទ្វារវត្ត​តែម្តង​។​តំណាង​ពលរដ្ឋ​បានបញ្ជាក់​ទៀតថា​ព្រោះតែ​ឃើញ​ស្ថានភាព​បែបនេះ​ទើប​ប្រជាពលរដ្ឋ​មកជួប​ជុំគ្នា​ដើម្បី​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​។​


​ប្រសិនបើ​ដី​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ធ្លាប់ជា​បឹង​និង​ជា​ចំណីផ្លូវ​នេះ​ធ្លាក់​ក្នុង​ដៃ​ឯកជន​កាន់កាប់​ជា​កម្មសិទ្ធិ​ពួកគាត់​នឹង​បន្ត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរខេត្ត​បន្តទៀត​។​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច​បាន​មានប្រសាសន៍ថា​ក្នុងនាម​ជា​អាជ្ញាធរ​លោក​បានទទួល​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​គោលការណ៍​ឈ្នះ ឈ្នះ​។

​ជំហាន​ដំបូង​រដ្ឋបាល​ស្រុក​នឹង​ឱ្យ​ជំនាញ​វាស់វែង​កំណត់​ព្រំដី​ឱ្យបាន​ជាក់លាក់​តាម​ប័ណ្ណកម្មសិទ្ធិ​របស់​ម្ចាស់​ដី​ជាប់​នឹង​ទីតាំង​ចាក់​ថ្មី​។ និយាយ​រួម ក្រៅពី​ប័ណ្ណកម្មសិទ្ធិ​កំណត់​ត្រឹមណា​នោះ​ជា​ដី​របស់​រដ្ឋ​។ លោក​អភិបាលរង​ស្រុក​បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​បាន​ប្តឹង​ចោទប្រកាន់ថា​ការចាក់ដី​នេះ​ធ្វើឡើង​ដោយ​លោក​សៅ ទីន តាមពិត​គឺ​ម្តាយក្មេក​ជា​អ្នកធ្វើ​ព្រោះ​ដី​នៅក្បែរ​នេះ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​នោះ​។​

​លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច​បានបញ្ជាក់​ថា​ការចាក់ដី​នេះ​ធ្វើឡើង​ដោយ​លោក​សៅ ទីន មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ដោយបាន​ធ្វើជា​យូរ​មកហើយ​តែ​មិនឃើញ​ប្រជាពលរដ្ឋ​ប្តឹង​មក​សាលាស្រុក​សោះ​។​ទោះជា​យ៉ាងណា​កិច្ចការងារ​នេះ​លោក​ជួន​សុភា​អភិបាលរង​ស្រុក​បានទទួល​បន្ទុក​ដោះស្រាយ​ហើយ​។ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ក្រុមការងារ​ជំនាញ​នឹង​ចុះទៅ​វាស់វែង​ជាក់ស្តែង​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​បញ្ហា​រំលោភបំពាន​យក​ផ្ទៃ​បឹង​និង​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​ពី​ជនខិលខូច​ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​កើតឡើង​ជា​ហូរហែ​តែ​អាជ្ញាធរ​ស្រុក​នេះ​ហាក់​មិនទាន់មាន​ការប្រមូល​មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញ​ឡើយ​។​ស្រប​ពេលដែល​ការចាក់​លុប​ផ្ទៃ​បឹង​ក្នុងករណីនេះ​ធ្វើឡើង​ដោយ​មន្ត្រី​សាលាស្រុក​ទៀត​នោះ​ប្រជាពលរដ្ឋ​ហាក់​គ្មាន​ជំនឿ​ចិត្ត​ថា​កិច្ចការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​ជោគជ័យ​ឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម