រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រងរបួស​ធ្ងន់​

165
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​ដែលមាន​ផ្ទៃពោះ ​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​រថយន្ត​ទៅបុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង ៩​និង ៤០​នាទី​យប់ ថ្ងៃអាទិត្យ ទី​១០ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុចមុខ​ផ្សារ​ម៉ាក្រូ តាម​បណ្ដោយ​ផ្លូវ ១០០៣ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​រថយន្ត​ទី​១ មាន​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់​ពាក់​ផ្លាក​លេខ ភ្នំពេញ 2AC 6219 បើក​ដោយ​នារី​ម្នាក់​។ រថយន្ត​ទី​២ គឺ​ម៉ាក​គា ម៉ូ​នី​ង ពណ៌​ស ពាក់​ផ្លាក លេខ​ភ្នំពេញ 2AZ 7352 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់​ដែលមាន​ផ្ទៃពោះ​រងរបួស​ធ្ងន់​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ម៉ាក គា ម៉ូ​នី​ង បើក​តាម​បណ្ដោយ​ផ្លូវ ១០០៣​ទិសដៅ​ពី​ជើង​មក​ត្បូង បញ្ច្រាសទិស ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​រថយន្ត ព្រូស​បើក​តាម​បណ្ដោយ​ផ្លូវ​១០០៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​ម៉ាក​គា​ម៉ូ​នី​ង​ខ្ទាត​ទៅលើ​ចិញ្ចើមផ្លូវ​វិល​មួយ​ជុំ​ ហើយ​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​រងរបួស​ធ្ងន់​។ ភ្លាមៗ​ត្រូវបានរថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ផងដែរ រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ដ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម