កងទ័ពចិននិងឥណ្ឌារាប់រយនាក់ដាល់គ្នានិងគប់ដុំថ្មដាក់គ្នានៅចំណុចព្រំដែនដែលមានជម្លោះ

269
ចែករម្លែក

យោធាឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យទី១០ឧសភាថា ទាហានឥណ្ឌានិងចិន ជាច្រើននាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅព្រំដែនដែលមានកម្ពស់ខ្ពស់ ដែលពាក់ព័ន្ធនឹងការដាល់គ្នានិងការគប់ដុំថ្មដាក់គ្នានៅច្រកភ្នំដាច់ស្រយាលដ៏សំខាន់ជាយុទ្ធសាស្រ្តមួយនៅក្បែរតំបន់ទីបេតិ៍។

មានភាពតានតឹងតាមព្រំដែនជាយូរមកហើយរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរនេះ ដោយធ្លាប់មានសង្រ្គាមដ៏ជូរចត់នៅរដ្ឋអារុនណាចាល់ប្រាដេសភាគឦសាន ប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៦២។

អ្នកនាំពាក្យទីបញ្ជាការកងទ័ពឥណ្ឌាខាងកើត លោក ម៉ាន់ឌីប ហ៊ូដា បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ឥរិយាបថគឃ្លើនរបស់ភាគីទាំងពីរបានបណ្តាល ឱ្យរងរបួសស្រាលដល់កងទ័ព។ វាគឺជាការគប់ដុំថ្មនិងការឈ្លោះប្រកែកគ្នាដែលបាន បញ្ចប់ដោយការដាល់គ្នា”។

លោកហ៊ូដានិយាយថា ការប្រឈមមុខគ្នាកាលពីថ្ងៃសៅរ៍នៅឯតំបន់ ណាគូឡានៅជិតច្រកព្រំដែននៅកម្ពស់ ៤.៥៧២ ម៉ែត្រនៅភាគឦសានរដ្ឋស៊ីគគីម ដែលមានព្រំប្រទល់ជាប់ប៊ូតង់នេប៉ាល់និងចិន ក្រោយមកត្រូវបានដោះស្រាយ បន្ទាប់ពីការសន្ទនានិងការធ្វើទំនាក់ទំនងគ្នានៅថ្នាក់មូលដ្ឋាន។

លោកបានបន្ថែមថា “ការប្រឈមមុខគ្នាបណ្តោះអាសន្ននិងរយៈពេលខ្លីរវាង កងទ័ពការពារព្រំដែនពិតជាបានកើតឡើងដោយសារតែព្រំដែនមិនទាន់បានដោះស្រាយ”។

សារព័ត៌មាន Press Trust of India បានរាយការណ៍ថាទាហានប្រហែល ១៥០ នាក់បានចូលរួមនៅក្នុងការវ៉ៃគ្នានេះ។

មានការប្រឈមមុខដាក់គ្នានិងការវាយតប់គ្នាជាច្រើនលើករវាងទាហានចិននិងឥណ្ឌា រួមទាំងការវាយតប់គ្នាមួយនៅក្បែរតំបន់ឡាដាក់នៅភាគពាយព្យប្រទេសឥណ្ឌាដែលត្រូវបានថតនៅលើវីដេអូក្នុងឆ្នាំ ២០១៧ ដែលទាហានត្រូវគេឃើញគប់ដុំថ្ម ដាក់គ្នានិងដាល់គ្នា។

ក្នុងឆ្នាំ ២០១៧ មានការប្រឈមមុខដាក់គ្នានៅចំណុចដែលមានកម្ពស់ខ្ពស់មួយ នៅតំបន់ដុកឡាំរបស់ប្រទេសប៊ូតង់អស់រយៈពេល ២ ខែបន្ទាប់ពីឥណ្ឌាបាន បញ្ជូនកងទ័ពបញ្ឈប់ចិនកុំឱ្យសាងសង់ផ្លូវនៅទីនោះ។

ទំនាក់ទំនងចាប់តាំងពីការប្រឈមមុខដាក់គ្នានៅដុកឡាំរវាងប្រទេសយក្សអាស៊ីទាំងពីរហាក់មានភាពប្រសើរឡើងវិញបន្ទាប់ពីមានកិច្ចពិភាក្សារវាងប្រធានាធិបតីចិនលោកស៊ីជីនពីងនិងនាយករដ្ឋមន្រ្តីឥណ្ឌាណារិន ត្រាម៉ូឌីនៅទីក្រុងវូហានប្រទេសចិនក្នុងឆ្នាំ ២០១៨។

បុរសទាំងពីរក៏បានជួបគ្នាកាលពីខែតុលាឆ្នាំមុនផងដែរនៅឆេណៃនៅភាគខាងត្បូង ប្រទេសឥណ្ឌា។

ចិននៅតែទាមទារទឹកដីប្រមាណ ៩០.០០០ គីឡូម៉ែត្រក្រឡា ក្រោមការ គ្រប់គ្រងរបស់របបក្រុងញូវដែលី៕ ដោយ៖ កញ្ញាដាលីស/Ha

មានការប្រឈមមុខដាក់គ្នានិងការវាយតប់គ្នាជាច្រើនលើករវាងទាហានចិននិងឥណ្ឌានៅព្រំដែននាប៉ុន្មានឆ្នាំមកនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម