បុរសបីនាក់បាត់ខ្លួនក្នុងទឹកទន្លេនៅស្រុកកំពង់សៀមដោយសារទូកនេសាទបុក

217
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ បុរសចំនួន បី នាក់ដែលបានបាត់ខ្លួន និងចំនួន ប្រាំពីរ នាក់ផ្សេងទៀតបានរួចជីវិត ក្នុងហេតុការណ៍បុកគ្នារវាងទូកកាណូតនេសាទត្រី និងទូកកាណូតរបស់ប្រជាពលរដេ្ឋត្រឡប់មកពីចូលរួមមង្គលការនៅត្រើយម្ខាងទន្លេមេគង្គ រវាងឃុំកោះសំរោង និងឃុំរំចេក ស្រុកកំពង់សៀមនាម៉ោងប្រមាណ ១០យប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០។

លោក ជាម សុឃឿន ជាមន្រ្តីស្មៀនឃុំកោះសំរោងបានប្រាប់កាសែតរស្មីកម្ពុជានៅព្រឹកថ្ងៃទី ១១ ឧសភាថា សមត្ថកិច្ច និងអាជ្ញាធរ បាន និងកំពុងស្វែងរកបុរសរងគ្រោះចំនួន បី នាក់ដែលបាត់ខ្លួនខាងលើ មកដល់ម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ១១ ខែឧសភាដដែលនេះនៅមិនទាន់បានប្រទះឃើញឈ្មោះ លោក រិន ជា អាយុ ៥៣ ឆ្នាំ លោក ធឹម ថាន អាយុ ៥២ ឆ្នាំ និងលោក ឡាង ប៉េងហ៊ត់ អាយុ ៣៣ ឆ្នាំ ដែលមានទីលំនៅភូមិទី២ ឃុំកោះសំរោងនោះទេ។ ចំណែកលោក អ៊ាង ធី អាយុ ៤៦ ឆ្នាំ បានរងរបួសកែងជើងខាងឆ្វេង។

ប្រភពនោះបានដកស្រង់សម្តីជនរងគ្រោះទាំងប្រាំពីរនាក់ដែលបានហែលតោងគែមទូកបានរួចជីវិតថា កាលពីរសៀលថ្ងៃទី ១០ ម្សិលមិញពួកគាត់ជាបុរសទាំងចំនួន ១០ នាក់បានរួមដំណើរតាមទូកកាណូតមួយគ្រឿង ដើម្បីទៅចូលរួមមង្គលការសាច់ញាតិនៅត្រើយម្ខាងក្នុងឃុំរំចេក។ លុះដល់ម៉ោងជាង ៩យប់ថ្ងៃដដែលបានត្រឡប់មកផ្ទះវិញដល់កណ្តាលទន្លេ ត្រូវបានទូកនេសាទប្រើឧបករណ៍យ៉ាងកាវបើកបុកទូកខាងពួកគាត់មានប្រវែងបណ្តោយ ១១ ម៉ែត្របណ្តាលឳ្យលិច។

ប្រភពដដែលបានឳ្យដឹងទៀតថា ក្រោយពីបើកបុកទូកខាង ១០ នាក់លិចហើយ ខាងទូកកាណូតយ៉ាងកាវដែលមានអ្នកជិះពី បី ទៅ បួន នាក់បានបើកគេចបាត់។ ចំណែកខាងទូករងគ្រោះបាននាំគ្នាហែលតោងគែមទូកចូលដល់ខាង ខាងកោះសំរោងវិញ ប៉ុន្តែម្ចាស់ទូកភ្លេចចងឥឡូវទូកនោះក៏អណ្តែតបាត់ទូកដែរ។

លោក សុខឃឿន បានបន្តថា ចំណែកជនរងគ្រោះដែលកំពុងបន្តបាត់ខ្លួននោះទំនងជាអ្នកខ្លះត្រូវរបួស ព្រោះពួកគាត់អង្គុយនៅខាងក្បាលទូក និងមានម្នាក់ឈ្មោះ ធឹម ថាន អត់ចេះហែលទឹក។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានសាកសួរខាងជនរងគ្រោះទាំងប្រាំពីរ នាក់ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម