ដើម្បីជួយសម្រួលដល់ការស្នើសុំ​សាង​សង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា​បើក​ទីតាំងទទួលពាក្យចំនួន​៣​បន្ថែមទៀត

166
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានបើកទីតាំងទទួលពាក្យចំនួន៣​បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការស្នើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។

នេះបើតាមការបញ្ញាក់អោយដឹងពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។

អាជ្ញាធរជាតិអប្សរា បាននិយាយថា កន្លែងទទួលពាក្យចំនួន៣កន្លែង ទើបនឹងបង្កើតទីតាំងបន្ថែមទៀត គឺទី១ នៅមជ្ឈមណ្ឌលសេវាកម្មអតីតបញ្ជរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ទី២ ច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអង្គរធំ , និងទី៣ នៅស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការហើយ ដើម្បីសម្រួលដល់ការស្នើសុំសាងសង់ផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានអង្គរ។

អាជ្ញាធរជាតិអប្សរា បានបន្តថាជាក់ស្តែងរយៈពេល១មួយសប្តាហ៍ចុងខែមេសាកន្លងទៅ អាជ្ញាធរជាតិអប្សរាបានទទួលពាក្យស្នើសុំសាងសង់ថ្មី និងជួសជុលចំនួន៥២ករណី ហើយក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរបានចុះពិនិត្យសំណើសុំសាងសង់ទាំងនេះបានចំនួន២៤ករណី ជួយសម្រួល និងរៀបចំគំនូសប្លង់ជូនប្រជាពលរដ្ឋបាន៦ករណី បំណងឱ្យពលរដ្ឋយកទៅសាងសង់ឱ្យបានត្រឹមត្រូវ និងរក្សាបាននូវស្ថាបត្យកម្មមានលក្ខណៈជាខ្មែរ។

អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពល​រដ្ឋ។ ពិសេសការបង្កើតឱ្យមានបញ្ជរទទួលពាក្យឱ្យមានតាមតំបន់ទាំង៣នេះ នឹង​ជួយសម្រួលដល់ការលំបាកឱ្យមានតិច កាត់បន្ថយពេលវេលា រួមនឹងការចំណាយលើមធ្យោបាយធ្វើដំណើរផង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម