សួង ស៊ី​ធឿន ពិតជា​ស្រស់ស្អាត​ពេល​បង្ហាញខ្លួន​ជានា​ង​ទេព​មច្ឆា

331
ចែករម្លែក

ភ្នំពេញ​៖ ក្រោយ​ការវិល​ត្រឡប់មក​សិល្បៈ​ដោយ​ភាពរឹងមាំ​វិញ តារា​សម្តែង​កញ្ញា សួង ស៊ី​ធឿន បានបង្ហាញ​ខ្លួន​ដោយ​គ្រង​ឈុត​ជា​នាង​ទេព​មច្ឆា យ៉ាង​ស្រស់ស្អាត​ ខណៈ​គេ​ធ្លាប់តែ​ឃើញ​នាង​ជាតារា​ស្រី​ទាន់សម័យ​និង​សិច​ស៊ី ។

​កាលពី​ថ្មីៗ​នេះ​រូបថត​បង្ហាញ​តារា​សម្តែង​ល្បី​កញ្ញា សួង ស៊ី​ធឿន ក្នុង​ឈុត​ជា​ទេព​មច្ឆា​អមដោយ ហ​នុ​មាន ត្រូវបាន​មហាជន​សរសើរ​រូបនាង ដែល​ពិតជា​ស័ក្ដិ​សមនិង​ស្រស់ស្អាត​ក្នុង​ឈុត​បុរាណ បែប​ប​នេះ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយគ្នា​នាង​បង្ហោះ​សារ​ដោយមាន​អត្ថន័យ​ធ្វើ​ឲ្យមហាជន​ពេញចិត្ត​និង​គាំទ្រ​គំនិត​ថែ​វប្បធម៌​មួយ​នេះ​។

​តារា​ស្រី​រូបនេះ​បាន​រៀបរាប់ថា “​ឈុត​សម្លៀកបំពាក់​បុរាណ​បែប​ច្នៃប្រឌិត​ក្នុង​ទម្រង់​សិល្បៈ​ខ្មែរ ទម្រង់​ដែល​ស្ទើរតែ​បាត់បង់​ទៅហើយ ។ នេះ​ជា​ស្នាដៃ​បង្កើត​ថ្មី​របស់​កូន​ខ្មែរ​ក្នុង​គោលបំណង បង្ហាញ​នូវ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ខ្មែរ​តាំងពី​សម័យមុន​មក​។ ឈុត​នេះដែរ​ត្រូវបាន​លើកយក ហនុមាន និង សុវណ្ណ​មច្ឆា​គឺជា​ជា​តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ ដែលជា​អក្សរសិល្ប៍​ដ៏​ចំណាស់​មួយ មិនតែប៉ុណ្ណោះ​គេ​បាន​សិក្សា​ឡើង​ដោយ​យក​លំនាំ​នៃ​គំនូរ​បុរាណ​ខ្មែរ​ដែលមាន​នៅក្នុង​ព្រះបរមរាជវាំង​ជាដើម​។ សូម​ធ្វើ​ការជួយ​លើកទឹកចិត្ត​ដើម្បី​ជា​កម្លាំងចិត្ត​ក្នុងការ​ថែរក្សា​នូវ​វប្បធម៌​ដ៏​អស្ចារ្យ មួយ​នេះ ទោះបី​យើង​ដើរ​យឺត តែ​យើង​មិន​ឈប់​ឡើយ​” ។​

​សូមបញ្ជាក់ថា ក្រោយ​វិលត្រឡប់​ចូល​សិល្បៈ​កាលពី​ចុងឆ្នាំ​២០១៩​កន្លងមកនេះ​នាង​ក៏​ទទួលការងារ សម្តែង​ឱ្យ​ផលិតកម្ម ក្រុង​ពិជ័យ ដោយ​ដើរតួរ​ក្នុង​រឿង​ថ្មី “​សំណើច​៦៥២​គីឡូម៉ែត្រ​” ហើយ​រឿងនេះ​នឹង​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០២០​។ នាង​កាន់តែ​រឹងមាំ​និង​ទទួល​ការងារ​សិល្បៈ ដូច​ធម្មតា​វិញ ក្រោយ​ជួប​រឿង​អកុសល​ក្នុង​ឆាកជីវិត​ដោយ​បាត់បង់​គូស្នេហ៍​ដែល​ត្រៀម​នឹង​រៀបការជាមួយគ្នា​ដែល​សល់​តែ​២​ខែ​ទៀត កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​។

​សូម​រំលឹក​ផងដែរ​ថា កញ្ញា សួង ស៊ី​ធឿន ជា​អតីត Freshie Girl 2016​ដោយ​ផ្តើម​ការងារ​សិល្បៈ ដំបូង ប្រមាណ​ជា​ជិត​មួយឆ្នាំ កញ្ញា​សុំ​ត្រឹមតែ​ថត​អាច​លេច​វត្តមាន​តា​មក​ញ្ច​ក់​ទូរទស្សន៍ ឬ​ក្នុង​ភាពយន្ត​ណាមួយ​ប៉ុណ្ណោះ មិន​ប្រាថ្នា​ប្រាក់កម្រៃ​នោះទេ​។ តែ​យ៉ាងណា អាច​ថា​ជា​ឱកាស ឬ​សំណាង​ក៏​ថា​បាន ដែល​នាង​អាច​ក្លាយជា​តួឯក​ក្នុង​រឿង “​សសរកន្លោង​” របស់​ផលិតកម្ម ឥន្ទ្រា​និម្មិត មាន​ភាពល្បីល្បាញ​នាពេល​កន្លង​ទៅហើយ​បានប្រែក្លាយ​តារា​សម្ដែង​រូបនេះ​ឱ្យ មាន​ទីផ្សារ​ល្អ​មួយ​រំពេច កាលពី​ឆ្នាំ​២០១៨​។​

​ក្រោយមកទៀត កញ្ញា សួង ស៊ី​ធឿន ពិតជា​នឹកស្មាន​មិន​ដល់ ដោយ​ប្រើពេល​ត្រឹម​រយៈពេល​ជាង ១​ឆ្នាំ​ប៉ុណ្ណោះ អាច​ប្រែក្លាយ​ទីផ្សារ និង​តម្លៃ​ខ្លួន​ដល់​កម្រិត​នេះ រហូត​បាន​ដល់​ល្បី​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ និង​មកដល់ពេលនេះ ។​

​កន្លងមកនេះ​នាង​បាន​លេច​ថត​ខារ៉ាអូខេ ភាពយន្ត និង​ស្ប៉ត​ឱ្យ​ក្រុមហ៊ុន​មួយ​បន្ទាប់ពី​កេរ្តិ៍ឈ្មោះ ត្រូវ​ទស្សនិកជន​ទទួលស្គាល់​។ តារា​សម្ដែង​រូបនេះ គឺជា​អតីត Freshie ជំនា​ន់ទី​១៥​ដែល​ទើប​បោះជំហាន​ចូល​សិល្បៈ ក្នុង​ឆ្នាំ​២០១៦​ដោយ​កាល​ប្រឡង​ជា Freshie កញ្ញា​ជាប់​ត្រឹម Top 10 ដោយ​មិន​ទទួលបាន​ចំណាត់ថ្នាក់​អ្វី​ឡើយ​៕ ដោយ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម