​ជំងឺ​កូ​វីដ​១៩​នៅតែ​ជាការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​និង​សប្បុរស​ជនកម្ពុជា​

227
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​មាន​លក្ខណៈ​ល្អប្រសើរ​និង​មិនមាន​ការចម្លង​ថ្មី​ទូទាំង​កម្ពុជា​ក៏ដោយ​ទាំង​ថ្នាក់ដឹកនាំ​ទាំង​សប្បុរសជន​នៅតែ​បន្ត​យកចិត្តទុកដាក់​ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

កាលពី​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​លោកស្រី​ឈុំ​ផល្លី​សប្បុរសជន​មកពី​ខេត្តកណ្តាល​បាន​ចំណាយ​ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្តកំពត​។​

​នាពេល​ទទួល​អំណោយ​ពោរពេញ​ដោយ​អំពើ​សប្បុរស​នេះ​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ជំងឺ​កូ​វីដ​១៩​ជា​បញ្ហា​សកល​ដែល​គ្រប់​ជាតិ​សាសន៍​លើ​ភពផែនដី​កំពុងមាន​ការព្រួយបារម្ភ​។ នៅ​កម្ពុជា​បញ្ហា​ជំងឺ​ក៏​កាច​សាហាវ​នេះ​ហាក់​មាន​ភាពល្អប្រសើរ​ដោយ​មិនមាន​ករណី​កើតឡើង​ថ្មី​ទេ​។​រីឯ​អ្នករងគ្រោះ​ដែល​បាន​ឆ្លង​កន្លងមក​ក៏​ជាសះស្បើយ​ស្ទើរ​មួយរយ​ភាគរយ​។

​ប៉ុន្តែ​ថ្នាក់ដឹកនាំ​មិនបាន​ព្រងើយកន្តើយ​ឬ​ធ្វេសប្រហែស​ចំពោះ​ស្ថានភាព​ស្ងប់ស្ងាត់​នោះទេ​គឺ​ការគិតគូរ​នៅតែ​បន្ត​តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដើម្បីឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ក្នុងការ​បញ្ចៀស​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​ជាមួយ​អំណោយ​ដ៏​សន្ធឹកសន្ធាប់​របស់លោក​ស្រី​ឈុំ​ផល្លី​លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា​លោក​នឹង​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរសធម៌​នេះ​ឱ្យបាន​ចំ​គោលដៅ​ស្របតាម​បំណងប្រាថ្នា​របស់លោក​ស្រី និង​ក្រុមគ្រួសារ​។​និយាយ​រួម​លោក​នឹង​បន្ត​ផ្តល់ជូន​បណ្តា​ស្រុក​មន្ទីរ​អង្គភាព​ដែល​ត្រូវ​បំពេញការងារ​តាម​គោលដៅ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​ដោយសារ​ករណី​ជំងឺ​កូ​វីដ​១៩​។​

​សូមបញ្ជាក់ថា​អំណោយ​ដែល​លោកស្រី​ឈុំ​ផល្លី​និង​ក្រុមគ្រួសារ​ផ្តល់ជូន​មក​ខេត្តកំពត​ដើម្បី​សកម្មភាព​បង្ការ​ទប់​ស្តា​ត់​ជំងឺ​កូ​វីដ​១៩​គឺ​ថវិកា​ប្រាំ​ពាន់​ដុល្លារ និង​១៧​លាន​រៀល​។ ចំណែក​គ្រឿង​ឧបភោគបរិភោគ រួមមាន​អង្ករ​១៦​តោន​មី​ខ្លាឃ្មុំ​១៦០​កេស​ត្រីខ​១៦០​យួរ​ទឹកស៊ីអ៊ីវ​១៦០​យួរ​និង​ទឹកបរិសុទ្ធ​វី​តា​ល់​១៦០​កេស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម