ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ប្រជែង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដើម្បី ចូ រ៉ូ​ឌិន​

272
ចែករម្លែក

តាម​សេចក្តីរាយការណ៍​ថា ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​គម្រោង​ដាក់សំណើ​ផ្ទេរ​២០ លាន​ផោន​សម្រាប់​ខ្សែការពារ ចូ រ៉ូ​ឌិន (Joe Rodon) របស់​ក្លឹប Swansea នៅ​រដូវក្តៅ​នេះ​។​

​ខ្សែការពារ​កណ្តាល​រូបនេះ​ធ្វើ​បានល្អ​គួរសម​សម្រាប់​ក្រុម​នៅ​ក្របខណ្ឌ Championship ហើយ​អតីត​វីរបុរស​យូ​ណាយ​ធី​ត រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) ដែល​ធ្លាប់​បង្វឹក​កីឡាករ​រូបនេះ នៅ​ក្រុម​ជម្រើសជាតិ​វ៉េ​ល​បាន​ណែនាំ​ឲ្យ​ក្លឹប​យូ​ណាយ​ធី​ត​ដាក់សំណើ​ផ្ទេរ​កីឡាករ​រូបនេះ​។​

​នៅពេលនេះ យូ​ណាយ​ធី​ត​ប្តេជ្ញាចិត្ត​សម្រេច​កិច្ចព្រមព្រៀង​នាំយក​កីឡាករ រ៉ូ​ឌិន ប៉ុន្តែ​ពួកគេ​ក៏​នឹង ត្រូវ​ប្រឈម​នឹង​ការ​ប្រជែង​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដែលជា​គូប្រជែង​ផងដែរ​។​

​កាលពី​ឆ្នាំមុន យូ​ណាយ​ធី​ត​ធ្វើតាម​កា​ណែនាំ​របស់ ហ្គី​ក ក្នុងការ​នាំយក​កីឡាករ​សញ្ជាតិ​វ៉េ​ល ម្នាក់ទៀត​ពី​ក្លឹប Swansea គឺ​កីឡាករ ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James)​ដែល​ចូលរួម​ក្រុម​តម្លៃ​១៥ លាន​ផោន​។​

​យូ​ណាយ​ធី​ត​មាន​កីឡាករ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) អេ​រិ​ក បៃ​លី (Eric Bailly) វី​កទ័រ លីន​ដេ​ឡូ​ហ្វ (Victor Lindelof) អាក​សេល ទូ​អាន​ហ្សេ​បេ (Axel Tuanzebe) និង​ហ្វីល ចូ​ន (Phil Jones) ជា​ជម្រើស​ខ្សែការពារ ប៉ុន្តែ​ចង់​ពង្រឹង​បន្ថែមទៀត​។​

​រ៉ូ​ឌិន វ័យ​២២​ឆ្នាំ​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​វ៉េ​ល​កាលពី​ឆ្នាំមុន ហើយ​បាន បង្ហាញមុខ​បួន​លើក​សម្រាប់​ប្រទេស​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ចូ រ៉ូ​ឌិន (Joe Rodon)

ទីតាំងផ្សាយពាណិជ្ជកម្ម