ទិវា​ឯករាជ្យ​ជាតិ​នៃ​រដ្ឋ​អ៊ីស្រាអែល​

325
ចែករម្លែក

ភ្នំពេញៈ​បន្ទាប់ពី​មានទំនាស់ រវាង​ជនជាតិ​អារ៉ាប់ និង​ជនជាតិ​ជ្វី​ស ដែល​រស់​នៅលើ​ដែនដី​តែមួយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយមាន​សាសនា​គ្រិស្ត និង​សាសនា​យូ​ដា ជា​មូលដ្ឋាន​សំខាន់​មក ចក្រភព​អង់គ្លេស ដែលជា​អាណាព្យាបាល និង​អង្គការ​សហ​ប្រជា​តិ បានសម្រេច​ឱ្យ​បំបែក​ដែនដី ប៉ា​ឡេ​ស្ទី​ន ជា ៣ ផ្នែក ហើយ​អ៊ីស្រាអែល បានប្រកាស​បង្កើតជារ​ដ្ឋ​ឯករាជ្យ​របស់​ជនជាតិ​ជ្វី​ស​មួយ នៅ​ឆ្នាំ​១៩៤៨ ប៉ុន្តែ​ត្រូវបាន​ជំទាស់ ដោយ​ពួក​អាជ្ញាធរ​មូល ដ្ឋា​ន ដែលមាន​ទំនោរ​ទៅរក​ជនជាតិ អារ៉ាប់ ទើប​សង្គ្រាម​អារ៉ាប់​-​អ៊ីស្រាអែល បាន​ផ្ទុះឡើង ប្រហែលជា ១០ ខែ ទើប​បញ្ចប់​ទៅវិញ ដោយ​អ៊ីស្រាអែល​ចំណេញ​ផ្ទៃដី ប្រមាណ​ជា ៥០ ភាគរយ ហើយ​បង្កើតបានជា​រដ្ឋ​ជ្វី​ស​ឯករាជ្យ មួយ នៅ​ឆ្នាំ​១៩៤៩ ហើយ​ពលរដ្ឋ​អ៊ី​ស្រា អែល ក៏បាន​ប្រារព្ធ​ពិធី​ឯករាជ្យ​ជាតិ​របស់​ពួកគេ ជា​រៀងរាល់ឆ្នាំ​មក​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​រដ្ឋ​នៃ​អ៊ីស្រាអែល មាន​ផ្ទៃដី ២០.៧៧០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់ អាស៊ី​ខាង លិច ភាគ​អាគ្នេយ៍ នៃ​ឆ្នេរ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​លី​បង់ ស៊ី​រី ហ្ស​ក ដង់ តំបន់​វ៉េ​ស្ត​បែង​ក៍ និង​ហ្កា​ហ្សា ស្ទ្រី​ព ដែលជា​ទឹកដី​របស់ ប៉ា​ឡេ​ស្ទី​ន អេ​ហ្ស៊ី​ប និង ឈូង សមុទ្ទ Aqaba នៅក្នុង​សមុទ្ទ​ក្រហម ។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជិត ៩ លាន​នាក់​ភាគច្រើន​ជា​អ្នក​កាន់ សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​ហេ​ប្រ៊ូ​វ និង​ភាសា​អារ៉ាប់ ។ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់ ប្រទេស​អ៊ីស្រាអែល គឺ​ទីក្រុង​តែ​ល​អា​វីវ ចំណែក​ទីក្រុង​រដ្ឋបាល​សំខាន់ គឺ​ទីក្រុង​យេ​រូ​សា​ឡឹម ។

​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ​១៥១៦ ក្នុង​យុទ្ធនាការ ដើម្បី​ត្រួតត្រា​អាស៊ី​ខាងលិច​ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី​) បាន​ចូល លុកលុយ និង​កាន់កាប់​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។ នៅ​១៩១៥ គឺ​អំឡុងពេល​សង្គ្រាមលោកលើកទី​១ ( ១៩១៤-១៩១៨ ) ចក្រភព​អង់គ្លេស បានចាប់ផ្តើម​បើក​យុទ្ធនា​ការចូល​ដែនដី​ប៉ា​ឡេ​ស្ទី​ន ហើយ​បាន រីក​រាលដាល​ដល់ ប៉ា​ឡេ​ស្ទី​ន​ខាងត្បូង នៅ​ឆ្នាំ​១៩១៧ និង​ចូលដល់ តំបន់​ហ្កា​ហ្សា​ហើយ​ដណ្តើម បាន​ទីក្រុង​យេ​រូ​សា​ឡឹម ពី​ចក្រភព​អូ​តូ​ម៉​ង់ នៅ​ខែធ្នូ ឆ្នាំ​១៩១៧ រហូត​គ្រប់គ្រង​បាន​ដែនដី ប៉ា​ឡេ​ស្ទី​ន ទាំងស្រុង ។​

​បន្ទាប់ពី​សង្គ្រាមលោក លើក​ទី​១ មក ចក្រភព​អង់គ្លេស ត្រូវបាន​ផ្តល់​អំណាច​ឱ្យ​គ្រប់គ្រង​ដែន ដី​ប៉ា​ឡេ​ស្ទី​ន ដែល​ពួកគេ​បាន​ដណ្តើម​ពី​ចក្រភព​អូ​តូ​ម៉​ង់ ក្នុងអំឡុងពេល​សង្គ្រាម​លោក​លើក​ទី​១ ។​

​ដែនដី​ប៉ា​ឡេ​ស្ទី​ន នៅតែ​ជា​ដែនដី​របស់​ពួក​អ្នក​កាន់សាសនា​គ្រិស្ត និង ពួក​អ្នក​កាន់សាសនា​យូ​ដា ហើយ​ជា​ញឹកញាប់ គេ​ឃើញ​មានទំនាស់​កើតឡើង​រវាង​អ្នករស់នៅ​ដែនដី​នោះ​ដោយសារតែ មនោគមវិជ្ជា និង​ការប្រកាន់​សាសនា​រៀងៗ​ខ្លួន ។ ទំនាស់​ទាំងនោះ ក៏​រីក​កាន់តែ​ធំ​ឡើងៗ ជា​បន្តបន្ទាប់ ។ អង្គការ​ហ្សូ​នី​ត​និយម (​ជនជាតិ​ជ្វី​ស​) របស់​ពួក​អ្នក​កាន់សាសនា យូ​ដា តែងតែ ប្រាថ្នា​ចង់បាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ធ្វើជា​រដ្ឋ​របស់​ជនជាតិ​ជ្វី​ស​មួយ តាំងពី​ចុង​សតវត្សរ៍​ទី​១៩ មកម្ល៉េះ​។​

​បន្ទាប់ពី​មាន​ឃាតកម្ម​ទៅលើ​អ្នក​ប្រដៅ​សាសនា​ម្នាក់​ឈ្មោះ​ហ្សេ​ក​អ៊ី​ហ្ស​អាដ​-​ឌី​ន​អាល់​-​កា​ស្សាម កាលពី​ឆ្នាំ​១៩៣៥ មក នៅ​ឆ្នាំ​១៩៣៦ មាន​ការធ្វើ​កូដកម្ម​ដ៏​រីក​រាលដាល​ទប់​មិន​ឈ្នះ​មួយ​កើតឡើង ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស ។ នៅ​ឆ្នាំ​១៩៣៩ ដដែល​នោះ អង់គ្លេស​បាន​បង្កើត​គ​ណៈ​កម្ម​ការ​ស៊ើប អង្កេត​មួយ​ឈ្មោះ Peel Commission ដើម្បី​ស៊ើបអង្កេត​រក​មូលហេតុ​នាំឱ្យ​មាន​ចលាចល​នោះ ។​

​ទំនងជា​មើលឃើញថា ជនជាតិ​ទាំង ២ គឺ​ជនជាតិ​អារ៉ាប់ ( គ្រិស្ត ) និង ជនជាតិ​ជ្វី​ស ( យូ​ដា ) ដែលមាន​ប្រភព​ជាមួយគ្នា​អស់​លទ្ធភាព​ក្នុង​ការរស់នៅ​ជាមួយគ្នា ទើប នៅ​ឆ្នាំ ១៩៣៧ គណៈកម្មការ Peel Commission​របស់​អង់គ្លេស បានស្នើ​ឱ្យ​ដែនដី ប៉ា​ឡេ​ស្ទី​ន បង្កើតជា​រដ្ឋ ២ គឺ​ឱ្យទៅជា​រដ្ឋ​អារ៉ាប់ ១ និង រដ្ឋ​ជ្វី​ស ១ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ដែលមាន​ទំនោរ​ខាង ជនជាតិ​អារ៉ាប់ បដិសេធ ហើយ​ស្តីបន្ទោស​ថា ជាការ​ធ្វើ​បដិវត្តន៍​អារ៉ាប់ ។​

​ទំនាស់​របស់​ជនជាតិ​ទាំង ២ នៅ​ដែនដី ប៉ា​ឡេ​ស្ទី​ន កាន់តែ​ធំ​ឡើងៗ ជា​បន្តបន្ទាប់ ។ ប្រឈម​នឹង អំពើហិង្សា ដែល​ចេះតែ​កើនឡើង បន្ទាប់ពី​សង្គ្រាមលោកលើកទី ២ ( ១៩៣៩-១៩៤៥ ) ចក្រភព អង់គ្លេស ដែលជា​ភាគី​ឈ្នះ​សង្គ្រាម ប៉ុន្តែ​ដែល​ខ្សោះ​កម្លាំង និង ធនធាន ក៏​ថែមទាំង​ជាប់រវល់ នឹង​សង្គ្រាម​បះបោរ ប្រឆាំង​អាណានិគម ពាសពេញ​ពិភពលោក​ផង​បានប្រគល់​បញ្ហា​នេះ ទៅឱ្យ​អង្គការសហប្រជាជាតិ ដែល​ទើបតែ​បង្កើតឡើង​ថ្មីថ្មោង ជា​អ្នកដោះស្រាយ ។​

​ក៏​ស្រដៀង​ទៅនឹង​យោបល់​របស់​គណៈកម្មកា​រ Peel Commission​របស់​អង់គ្លេស ដែរ ដំណោះ ស្រាយ ឬ សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ លេខ ១៨១ បានសម្រេច​ឱ្យ​ដែនដី​ប៉ា ឡេ​ស្ទី​ន បង្កើតជា ៣ ផ្នែក​គឺ “ គម្រោង​មួយ​ដើម្បី​បំបែក ដែនដី ប៉ា​ឡេ​ស្ទី​ន ឱ្យទៅជា​រដ្ឋ​អារ៉ាប់ ១ រដ្ឋ​ជ្វី​ស ១ និង របប​គ្រប់គ្រង​ដោយ​អន្តរជាតិ​ពិ​សេសមួយ​សម្រាប់​ទីក្រុង យេ​រូ​សា​ឡឹម ។ រដ្ឋ​ជ្វី​ស នឹង​ទទួលបាន​ផ្ទៃដី​ប្រហែលជា ៥៦ ភាគរយ នៃ តំបន់ ដែនដី ប៉ា​ឡេ​ស្ទី​ន សម្រាប់​ជាទី​លំនៅ នៃ​ប្រជាពលរដ្ឋ​ជ្វី​ស ៨២ ភាគរយ ។ ផែនការ​នេះ​ត្រូវបាន​សាទរ ដោយ​ប្រជាជន​ជ្វី​សភាគ​ច្រើន បំផុត ប៉ុន្តែ​ត្រូ​បាន​បដិសេធ​ដោយ​ប្រជាជន​អារ៉ាប់ ។​

​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ សេចក្តីសម្រេច លេខ ១៨១ នេះ បានដាក់​ជូន​សុំ​អនុសាសន៍​ពី ចក្រភព​អង់គ្លេស ក្នុងឋានៈ​ជា​អ្នក​គ្រប់​គ្រប់គ្រង​អំណាច សម្រាប់ ប៉ា​ឡេ​ស្ទី​ន និង​ទៅកាន់​រដ្ឋ​ជា សមាជិក​ទាំងអស់ នៃ អង្គការសហប្រជាជាតិ សម្រាប់​អនុម័ត និង អនុវត្ត ។ លទ្ធផល នៃ​ការបោះ ឆ្នោត​នោះ គឺ ៣៣ សំលេង គាំទ្រ ជំទាស់ ១៣ អនុប្បវាទ ១០ ។ សហរដ្ឋអាមេរិក​មិន​គាំទ្រ​ឱ្យ បំបែក​រដ្ឋ​ឡើយ គឺ​ចង់ឱ្យ​ផ្អាក​សង្គ្រាម ព្រោះ​ការ​បង្កើតជា​រដ្ឋ​បែប​នោះ គឺ​គ្មានអ្វី​ចំណេញ​សម្រាប់​ខ្លួន ( អាមេរិក ) ឡើយ ហើយ​ថែមទាំង​នាំឱ្យមាន​ភាពល្អក់​កករ​ជាមួយ​បណ្តា​ប្រទេស អារ៉ាប់ ដែល​ជំ​ទាំ​ស់នឹង​កា​រង​បង្កើត​រដ្ឋ​នោះ​ទៀតផង ។​

​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ជំទាស់​នឹង​គម្រោង​របស់​អង្គការសហប្រជាជាតិ​នោះបាន​ដាក់​សំណួរ ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ស្តីពី​អំណាច​របស់​សភា​អង្គការសហប្រជាជាតិ​ក្នុងការ​បំបែក ប្រទេសមួយ​ប្រឆាំងនឹង​ឆន្ទៈ នៃ អ្នកស្រុក​ភាគច្រើនបំផុត ។ ប៉ុន្តែ​សំណួរ​នេះ​ត្រូ​បាន​បដិសេធ ។​

​បោះឆ្នោត​ក្នុងស្រុក​ដើម្បី​បង្កើត​រដ្ឋ​អ៊ីស្រាអែល​
​នៅ​ថ្ងៃទី​១២ ខែ​ឩ​សភា ឆ្នាំ​១៩៤៨ រដ្ឋបាល​ប្រជាជន​បណ្តោះអាសន្ន របស់​អ៊ីស្រាអែល ឈ្មោះ Minhelet HaAm​ត្រូវបាន​កោះប្រជុំ​ឱ្យ​បោះឆ្នោត​ស្តីពី​ការប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ ។ ពេលនោះ មាន​សមាជិក ៣ រូប ក្នុងចំណោម​សមាជិក​ទាំង ៣៧ រូប បាន​អវត្តមាន​ដោយសារ ២ នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម និង ម្នាក់ទៀត​កំពុង​នៅ​សហរដ្ឋអាមេរិក ។​

​ទោះ​យ៉ាងនេះ​ក្តី រដ្ឋបាល Minhelet HaAm នៅតែ​ដំណើរ​ការប្រជុំ​យ៉ាង​ស្វិតស្វាញ ដោយ​ពួកគេ បាន​ជួបប្រជុំ​ជជែក​ដេញដោល​តាំងពី​ម៉ោង ១: ៤៥ នាទី រសៀល ហើយ​បញ្ចប់​នៅ​រំលង​អា​ធ្រា​ត នា​ថ្ងៃនោះ ដោយ​សេចក្តីសម្រេចចិត្ត​គឺ ការទទួលយក​សំណើ​របស់​អាមេរិក គឺ​ការផ្អាក​សង្គ្រាម ឬ ក៏ ការប្រកាស​ឯករាជ្យ តាម​ការបង្គាប់​របស់​អង្គការសហប្រជាជាតិ ។ ទីបំផុត​បាន​បោះឆ្នោត ដោយ​ក្នុងនោះ​មាន​សមាជិក​១០​នាក់​គាំទ្រ​ការប្រកាស​ឯករាជ្យ ។​

​សេចក្តីប្រកាស​ឯករាជ្យ តម្រូវឱ្យមាន​សមាជិក​ទាំង ៣៧ រូប​នៃ រដ្ឋបាល​ប្រជាជន​បណ្តោះអាសន្ន ចុះហត្ថលេខា ប៉ុន្តែ​ពេលនោះ​មាន​សមាជិក​១២​រូប​មិនអាច​ចូលរួម​បានឡើយ ដោយសារ​ពេល នោះ​មាន​សមាជិក​១១​នាក់ ត្រូវគេ​បង្ខាំង​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម និង ម្នាក់ទៀត​នៅឯ​បរទេស នៅឡើយ ពោលគឺ​មានតែ​សមាជិក ២៥ រូ​ប៉ុណ្ណោះ​បាន​ចុះ​ហត្ថ​ខា​លើ​សេចក្តីប្រកាស​បង្កើត រដ្ឋ​អ៊ីស្រាអែល​ឯករាជ្យ នោះ ។​

​សេចក្តីប្រកាស​បង្កើតរ​ដ្ឋ​អ៊ីស្រាអែល ឯករាជ្យ នោះ ត្រូវបាន​ចុះហត្ថលេខា​ក្នុង​បរិបទ សង្គ្រាម ស៊ី​វី​ល រវាង ប្រជាជន​អារ៉ាប់ និង ប្រជាជន​ជ្វី​ស ដែល​នៅក្រោម​អំណាច​ជាមួយគ្នា​ហើយ​ត្រូវបាន ប្រកាស​នៅ​ថ្ង​ទី ១៤ ខែ ឩ​សភា ឆ្នាំ ១៩៤៨ ។​

សង្គ្រាម អារ៉ាប់​-​អ៊ីស្រាអែល​
​ស្អែក​ឡើង គឺ​នៅ​ថ្ងៃទី​១៥ ខែ​ឩ​សភា ឆ្នាំ​១៩៤៨ អគ្គលេខាធិការ នៃ សហព័ន្ធ រដ្ឋ​អារ៉ាប់ បាន​ថ្លែង ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថា “ រដ្ឋ​អារ៉ាប់​ទាំងឡាយ បាន​មើលឃើញថា ខ្លួន​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​អន្តរាគមន៍ ដើម្បី​ស្តារ​ច្បាប់ និង សណ្តាប់ធ្នាប់ ដើម្បី​គ្រប់គ្រង​ការបង្ហូរ ឈាម​តទៅទៀត “ ។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ទាហាន​អេ​ហ្ស៊ី​ប ហ្ស​ក​ដង់ អ៊ីរ៉ាក់ និង ស៊ី​រី បាន​ចូល​ប្រយុទ្ធ​ប្រឆាំងនឹង ទាហាន​អ៊ីស្រាអែល នៅ​តំបន់​ដែនដី ប៉ា​ឡេ​ស្ទី​ន​ជាទី​ដែល​អង្គការសហប្រជាជាតិ ប្រគល់ឱ្យ ជនជាតិ ជ្វី​ស បង្កើតជា​រដ្ឋ​អ៊ីស្រាអែល ។​ពេល​នោះឯង​ហើយ​ដែល សង្គ្រាម អារ៉ាប់​-​អ៊ីស្រាអែល ១៩៤៨ បាន​ឆាបឆេះ​ឡើង ។​

​អង្គការសហប្រជាជាតិ​ដែលជា​អ្នកចេញ​សេចក្តីសម្រេច​ឱ្យ​បំបែក​ដែនដី​ប៉ា​ឡេ​ស្ទី​ន ឱ្យទៅ​ទៅជា ៣ ផ្នែក​ដែល​ក្នុងនោះ ក៏មាន​រដ្ឋ​អ៊ីស្រាអែល​មួយ​ផង​នោះ ពុំ​ឃើញ​មាន​បញ្ចេញ​សកម្មភាព​អ្វី​ធំ ដុំ​ក្នុងការ​ទទួលខុសត្រូវ​ចំពោះ​សេចក្តីសម្រេច​របស់ខ្លួន​ឡើយ នៅពេលដែល​អ៊ីស្រាអែល រង​ការ​ឡោម​ព័​ទ​ពី​បច្ចាមិត្ត​ជុំជិត​បែបនេះ ។​

​ការផ្អាក​សង្គ្រាម​បានចាប់ផ្តើម នៅ​ថ្ងៃទី​១១ ខែមិថុនា ប៉ុន្តែ​បានចាប់ផ្តើម​ប្រយុទ្ធ​គ្នា​ឡើងវិញ នៅ​ថ្ងៃទី​៨ ខែកក្កដា ហើយ​បាន​ឈប់​ម្តងទៀត នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ១៩៤៨ ដដែល​នោះ ។ បន្ទាប់មក​ការប្រយុទ្ធ​គ្នា​បានចាប់ផ្តើម​ឡើងវិញ​នៅ​ពាក់​កណ្តាលខែ តុលា ហើយ​នៅ​ទីបំផុត សង្គ្រាម​នោះ បានបញ្ចប់​នៅ​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៤៩ ជាមួយនឹង​ការចុះហត្ថលេខា​លើ យុទ្ធសន្តិភាព ឬ បទ​ឈប់​បាញ់​គ្នា ជាមួយ​ប្រទេស​ស៊ី​រី ។ នៅពេលនោះ អ៊ីស្រាអែល​បាន​រក្សា ការពារ​នូវ​ឯករាជភាព​របស់​ខ្លួន និង បាន​រីក​ទំហំ​ផ្ទៃដី​ជិត ៥០ ភាគរយ បើ​ធៀប​ទៅនឹង​ផ្ទៃដី ដែលជា​ការបែងចែករ​បស់​អង្គការសហប្រជាជាតិ ឆ្នាំ ១៩៤៧ ។​

​មាន​សំណួរ​មួយ ដែល​គេ​តែងតែ​ចោទសួរ​ជា​ញឹកញាប់​ថា “ កត្តា​អ្វីខ្លះ បណ្តាលឱ្យ អ៊ីស្រាអែល ដ៏​មិនទាន់មាន​រូបរាង​ជា​រដ្ឋ​ច្បាស់លាស់ និង​តែម្នាក់ឯង អា​ចត​ទល់នឹង​ប្រទេស​ទាំង​ប៉ុន្មាន​នោះ និង​ថែមទាំង​អាច​ពង្រីក​ទឹកដី បាន​ទៀតផង ? “ ។​

​អាចមាន​កត្តា​មួយចំនួន ដូចតទៅ​នេះ ៖ ១. ដោយសារ ការឈ្លានពាន​នានា​ទៅលើ​អាណាចក្រ អ៊ីស្រាអែល ពី​អតីតកាល ធ្វើឱ្យ​អាណាចក្រ​មួយ​នោះ រលាយ​រលត់ ហើយ​ជនជាតិ​ជ្វី​ស ដែលជា​ម្ចាស់​ប្រទេស អ៊ីស្រាអែល គ្មាន​ប្រទេសជាតិ​ពិតប្រាកដ​របស់ខ្លួន រស់នៅ​រសាត់អណ្តែត ជ្រកកោន​ក្រោម​ដំបូល​ប្រទេស​នានា ទូទាំង​ពិភពលោក ជាហេតុ​ធ្វើឱ្យ​ពួកគេ​មានការ​តាំងចិត្ត​ខ្ពស់ មោះមុត​បំផុត ក្នុង​ការកសាង​ប្រទេសជាតិ​ឡើងវិញ ។​
២. ក្នុងពេល ណា​ស៊ី​ស កាន់កាប់​អំណាច​នៅ​អាល្លឺម៉ង់ ជាពិសេស នៅ​ក្នង​សង្គ្រាមលោកលើកទី​២ ពួកគេ​បាន​កាប់សម្លាប់​យ៉ាង​រង្គាល និង​យ៉ាង​ឃោរឃៅ​ទៅលើ​ជនជាតិ​ជ្វី​ស​ដែល​គេ​ហៅថា ប្រល័យពូជសាសន៍ ពេលនោះ​គ្មាន​ប្រទេស​ណាមួយ ចេញមុខ​ទទួលយក​ជនជាតិ​ជ្វី​ស​ទៅ​ការពារ ឱ្យ​រួច​ផុតពី​ក្តី​ស្លាប់​ឡើយ ហើយ​នោះ​ក៏​ជា​មូលហេតុ​មួយទៀត​ធ្វើឱ្យ ជនជាតិ​ជ្វី​ស​ទូទាំង​ពិភព លោក ប្តេជ្ញា​ត្រូវតែ​បង្កើត​រដ្ឋ​អ៊ីស្រាអែល ឡើងវិញ សម្រាប់​ជាទី​កន្លែង​រស់នៅ​ពិតប្រាកដ របស់​ពួកគេ ។
៣. តាំងតែ​ពី​ដើម​មក ពួក​ជនជាតិ​ជ្វី​ស គឺជា​ពួក​មនុស្ស​ឧស្សាហ៍​ព្យាយាម មិន​ខ្ជិលច្រអូស​ទេ ហើយ​ពួកគេ​ពូកែ​រកស៊ី​ណាស់ ហើយ​តាំងពី រលាយ​អាណាចក្រ អ៊ីស្រាអែល​ហើយ​ពួកគេ​ត្រូវ រស់នៅ​ប្រទេស​នេះ​ខ្លះ ប្រទេស​នោះ​ខ្លះ​ក្តី ក៏​ពួកគេ​នៅតែ​ពូកែ​រកស៊ី មានទ្រព្យ​សម្បត្តិ​ច្រើន ប៉ុន្តែ​មានតែ​មនុស្ស​ដែល​បាត់បង់​ផ្ទះសម្បែង​ទេ ទើប​ដឹង​ពី​អារម្មណ៍​បែប​នោះ​។ ដូច្នេះ​ពួកគេ ក៏​សុទ្ធតែ​ចង់​កសាង រដ្ឋ​អ៊ីស្រាអែល​ឡើងវិញ សម្រាប់​ពួកគេ​ផង និង​សម្រាប់​កូនចៅ​ជំនាន់ ក្រោយៗ​របស់​ពួកគេ កុំឱ្យ​ជូរចត់​ដូច​ពួកគេ​ទៀតផង ។ ហេតុនេះ​ពួកគេ​តែងតែ​បញ្ជូន​ទ្រព្យសម្បត្តិ របស់​ពួកគេ ទៅធ្វើ​សង្គ្រាម ដើម្បី​កសាង​ទីតាំង​ពិតប្រាកដ គឺ រដ្ឋ​អ៊ីស្រាអែល​មួយ​សម្រាប់​កូន ចៅ​ពួកគេ ។​
៤. ជនជាតិ​ជ្វី​ស មិនមែន​គ្រាន់តែ​ជា​អ្នកមាន​ការតាំង​ចិត្ត​មោះមុត រឹងមាំ និង ពួ​កែ​រកស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រសិនបើ​គេ​ក្រឡេកមើល​ទៅក្នុង​បញ្ជី​ឈ្មោះ​អ្នកប្រាជ្ញ​នៅ​អឺរ៉ុប នោះគេ​នឹង​ឃើញថា ក្នុង​បញ្ជី​នោះ មានឈ្មោះ​ជន​ដែល​ដើមកំណើត ជា​ជនជាតិ ជ្វី​ស ឬ​យ៉ាងហោចណាស់​ជាប់ ឈាមជ័រ​ជា ជ្វី​ស ច្រើនជាងគេ ហើយ​ពួកគេ​ក៏​មិន​ព្រងើយកន្តើយ​ដែរ គឺ​ក៏​តែងតែ​លះបង់​យ៉ាងខ្លាំង ដើម្បី បុព្វហេតុ​ក​បង្កើត​រដ្ឋ ជ្វី​ស ឡើងវិញ ។​
៥. បណ្តា​ប្រទេស អារ៉ាប់ ទាំង​ប៉ុន្មាន​ដែល​ចេញមុខ​ជំទាស់ ឬ ធ្វើសង្គ្រាម​ប្រឆាំង​ការបង្កើត​រដ្ឋ អ៊ីស្រាអែល នោះ ខ្វះ​សាមគ្គីភាព​ពិតប្រាកដ ពោលគឺ​ពួកគេ​មើលបំណាំ​គ្នា ដណ្តើម​អំណាច និង ប្រយោជន៍​គ្នា ។​

រដ្ឋ​អ៊ីស្រាអែល បង្កើត​ដោយ​ជោគជ័យ​
​បន្ទាប់ពី​សេចក្តីប្រកាស​ឯករាជ្យ​មក រដ្ឋបាល​ប្រជាជន​បណ្តោះអាសន្ន បាន​ក្លាយជា​ក្រុមប្រឹក្សារដ្ឋ បណ្តោះអាសន្ន ដែល​បំពេញ​តួនាទី​ជា​ស្ថាប័ន​ស្របច្បាប់ សម្រាប់​រដ្ឋ​ថ្មី​នេះ​រហូតដល់​ការបោះ ឆ្នោត​លើកដំបូង ត្រូវបាន​ធ្វើឡើង​នៅ ខែមករា ឆ្នាំ ១៩៤៩ ។​

​នៅពេលដែល​ប្រជាជន​ជ​អ៊ីស្រាអែល ជោគជ័យ​សង្គ្រាម ( អារ៉ាប់​-​អ៊ីស្រាអែល ១៩៤៨) នោះបាន សេចក្តី​ថា​រដ្ឋ​អារ៉ាប់​ឯករាជ្យ​មួយ​ប្រាកដជា​កើត​ឡើងជា​រូបរាង​ដោយ​ពុំមាន​អ្វី​បន្ទច់បង្អាក់​បាន ឡើយ ។ ជា​អ្នក​ភ្នាល់​ខាង​អ្នកឈ្នះ នៅ​ម៉ោង ០០: ១១ នាទី បន្ទាប់ ពី​ការបោះឆ្នោត​នោះ សហរដ្ឋអាមេរិក ដែល​ធ្លាប់ជា​អ្នករក្សា​គោលជំហរ​មិន​គាំទ្រ​បង្កើត​រដ្ឋ​អ៊ីស្រាអែល បានប្រកាស ទទួលស្គាល់ អ៊ីស្រាអែល ថា​ជា​រដ្ឋ​ឯករាជ្យ មួយ ( ចាប់ពីពេលនោះ​មក អាមេរិក និង​អ៊ីស្រាអែល ក៏បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ដ៏​ចាក់ទឹកមិនលិច​ហើយក៏​ទទួលបាន​ផលប្រយោជន៍​ពីគ្នា​ទៅវិញ ទៅមក​យ៉ាង​ពេញចិត្ត ដូចជា អាមេរិក អាច​លក់​អា​វុ​យុទ្ធ​ភ័​ណ្ឌ ភូមិសាស្ត្រ​យោធា នយោបាយ និង ផលប្រយោជន៍​ប្រេងកាត ជាដើម ខណៈ អ៊ីស្រាអែល ទទួលបាន អាមេរិក​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់ ជាដើម ) ។ បន្ទាប់មក​ក៏មាន​រដ្ឋ​ដទៃ​ជា​បន្តបន្ទាប់​ប្រកាស​ទទួលស្គាល់ អ៊ីស្រាអែល ថា​ជា​រដ្ឋ​ឯករាជ្យ​ដែរ ហើយ អ៊ីស្រាអែល ត្រូវបាន​ដាក់សំណើ​សុំចូល​ជា​សមាជិកភាព នៃ អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​១១ ខែ​ឩ​សភា ឆ្នាំ​១៩៤៩ នោះដែរ ។​

​ប្រជាជន​អ៊ីស្រាអែល បាន​ប្រារព្ធ​ទិវា​ឯករាជ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី ១២ ខែ ឩ​សភា តាំងពី​ពេល នោះមក ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​រដ្ឋបាល​បណ្តោះអាសន្ន​ប្រជាជន​អ៊ីស្រាអែល ប្រជុំ និង បោះឆ្នោត​សម្រេច​បង្កើត​រដ្ឋ​អ៊ីស្រាអែល ។​

៣ ឆ្នាំ បន្ទា​ពី​សង្គ្រាម​នៅ ប៉ា​ឡេ​ស្ទី​ន ១៩៤៨ មក មាន​ជនជាតិ​ជ្វី​ស​ប្រមាណ​ជា ៧០០.០០០ នាក់ បាន​ចូលទៅ​រស់នៅក្នុង​ទឹកដី អ៊ីស្រាអែល ហើយ​បាន​សង់​លំនៅឋាន​នៅតាម​បណ្តោយ​ព្រំដែន និង អ​តី​តី​ទឹកដី​អារ៉ាប់ ។ ក្នុងនោះ​ប្រមាណ​ជា ១៣៦.០០០ នាក់​គឺជា​មនុស្ស​ក្នុងចំណោម​ប្រជាជន ជ្វី​ស ប្រមាណ​ជា ២៥០.០០០ ដែល​បាន​ចាក​ចេញពី​តំបន់​នេះ​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី ២ ។​

​ពី​សង្គ្រាម​ម​អារ៉ាប់​-​អ៊ីស្រាអែល ១៩៤៨ រហូតដល់​ដើម​ទសវត្សរ៍ ១៩៧០ មាន​ជនជាតិ ជ្វី​ស ប្រមាណ​ជា ៨០០.០០០-១.០០០.០០០ នាក់ បាន​ចាកចេញ ភៀសខ្លួន ឬ ត្រូ​បាន​បណ្តេញចេញ ពី​លំនៅស្ថាន​របស់​ពួកគេ​នៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ហើយ​អ្នក​ទាំង​នោះបាន​មកដល់​ប្រទេស អ៊ីស្រាអែល​ក្នុង​រវាង​ឆ្នាំ ១៩៤៨-១៩៧២ ។​

​ក្នុងអំឡុងពេល​ដូចគ្នានេះដែរ បើតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទទួល​បន្ទុក​ជនភៀសខ្លួន ដាក់ជូន​អង្គការសហប្រជាជាតិ ក៏មាន​ជន​អារ៉ាប់ បាន​ចាកចេញ ភៀសខ្លួន ឬ​ត្រូវ​បណ្តេញ​ចេញពី តំបន់​ដែល​បាន​ក្លាយជា​ទឹកដី​អ៊ីស្រាអែល​ប្រមាណ​ជា ៧១១.០០០ នាក់ ដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

រដ្ឋបាល​ប្រជាជន​បណ្តោះអាសន្ន អាន​សេចក្តីប្រកាស​បង្កើត​រដ្ឋ​អ៊ីស្រាអែល
ក្បួនព្យុហយាត្រា​កងទ័ព​អ៊ីស្រាអែល​នៅក្នុង​ទិវា​ឯករាជ្យ​ជាតិ
​ទីក្រុង យេ​រូ​សា​ឡឹម នៃ ប្រទេស អ៊ីស្រាអែល

ទីតាំងផ្សាយពាណិជ្ជកម្ម