លោកត្រាំបញ្ចប់សន្និសីទកាសែតភ្លាម ក្រោយឈ្លោះគ្នាជាមួយ អ្នកកាសែតអាម៉េរិកដើមកំណើតចិន

593
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានបញ្ចប់ការធ្វើសន្និសីទកាសែតអំពីជំងឺ​កូវីដ១៩​របស់គាត់ភ្លាមៗកាលពីថ្ងៃចន្ទទី១១ឧសភា បន្ទាប់ពីផ្តោះផ្តងសក្ខីកម្មជាមួយ​អ្នកយកព័ត៌មានអាម៉េរិកដើមកំណើតអាស៊ីម្នាក់។

អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CBS News ឈ្មោះ វៃជា ជាង បានសួរទៅកាន់​លោកត្រាំថា ហេតុអ្វីបានជាលោកនៅតែបន្តទទូចថាសហរដ្ឋអាម៉េរិក​ធ្វើបានល្អ​ជាងប្រទេសដទៃទៀតនៅពេលនិយាយដល់ការធ្វើតេស្តរកមេរោគកូវីដ១៩។

នាងបានសួរថា “ហេតុអ្វីវាជារឿងសំខាន់? តើហេតុអ្វីបានជាវាក្លាយជាការប្រកួត​ប្រជែងជាសកល នៅពេលដែលរាល់ថ្ងៃជនជាតិអាម៉េរិកនៅតែបន្តបាត់បង់ជីវិត?”។

លោកត្រាំបានឆ្លើយតបថា “ពួកគេកំពុងបាត់បង់ជីវិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ហើយប្រហែលនោះជាសំណួរដែលអ្នកគួរតែសួរចិន។ កុំសួរខ្ញុំ សួរចិននូវសំណួរនោះ​ទៅ អូខេ?”។

នាងជាង ដែលបង្ហាញអត្តសញ្ញាណខ្លួននាងនៅក្នុងជីវប្រវត្តិនៅលើ Twitter របស់នាងថាជា “ជនជាតិចិនកើតនៅរដ្ឋវើជីនៀភាគខាងលិច” បានសួរផ្ទុញ​ត្រឡប់ទៅវិញ។

ដោយចង់សំដៅថាត្រាំរើសអើងជាតិសាសន៍ចិន នាងបានសួរថា “លោកហ្អា ម៉េចក៏និយាយចឹងដាក់ខ្ញុំ?”។

លោកត្រាំបាននិយាយថា “ខ្ញុំនឹងនិយាយបែបនេះទៅកាន់អ្នកណាដែល​សួរចាក់ដោតដូចអ៊ីចឹង”។

បន្ទាប់មកគាត់បានព្យាយាមបន្តទៅអ្នកយកព័ត៌មានម្នាក់ទៀត នៅពេល​ដែលនាងជាង​បន្តសង្ខុញគាត់អំពីការឆ្លើយតបរបស់គាត់។

លោកត្រាំបានហៅទៅអ្នកយកព័ត៌មានស្រីម្នាក់ផ្សេងទៀត​​ ប៉ុន្តែបន្ទាប់មក​ភ្លាមៗនោះបានហៅអ្នកផ្សេងទៅវិញ។

នៅពេលដែលស្ត្រីម្នាក់នោះព្យាយាមសួរសំណួររបស់នាង លោកត្រាំក៏បញ្ចប់​សន្និសីទសារព័ត៌មានភ្លាម ហើយបានដើរត្រឡប់ទៅសេតវិមានវិញ។

អ្នកលេងអ៊ីនធឺណិតភ្លាមៗបានប្រមូលផ្តុំគ្នាយ៉ាងលឿនគាំទ្រនាងជាង ដោយឃ្លាមួយថា “#ឈរជាមួយវៃជាជាង” បានក្លាយជាឃ្លាដែលល្បីរន្ទឺពេញ Twitter៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំបញ្ចប់សន្និសីទកាសែតភ្លាមៗក្រោយឈ្លោះជាមួយនាង វៃជា ជាង

ទីតាំងផ្សាយពាណិជ្ជកម្ម