ម៉ៃថៃសាន់បង្ហោះវីដេអូមួយប្រកាសថា “ខ្ញុំនឹងត្រឡប់មកវិញ”

294
ចែករម្លែក

អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ម៉ៃ ថៃសាន់ នៅតែបន្តជន្លចិត្ត អ្នកគាំទ្រប្រដាល់អំពីលទ្ធភាពវិលត្រឡប់មកសង្វៀនប្រដាល់វិញ ដោយបង្ហោះ វីដេអូហ្វឹកហាត់មួយផ្សេងទៀតនៅលើ Instagram កាលពីថ្ងៃចន្ទទី១១ឧសភា ដោយបញ្ចប់ជាមួយសារមួយថា “ខ្ញុំនឹងត្រឡប់មកវិញ”។

បុរសវ័យ ៥៣ ឆ្នាំរូបនេះបានបង្កការចាប់អារម្មណ៍ពីពិភពប្រដាល់កាលពីសប្តាហ៍មុន នៅពេលគាត់បង្ហោះវីដេអូខ្លីនៃការហាត់ប្រាណ ដោយបង្ហាញថាគាត់នៅមាន ថាមពលនិងល្បឿនដាល់យ៉ាងច្រើនសម្បើមដដែល ដែលអនុញ្ញាតឱ្យគាត់ ក្លាយជាអ្នកប្រដាល់ទម្ងន់ធ្ងន់ដំបូងគេដែលគ្រងខ្សែក្រវាត់ស្ថាប័ន WBA, WBC និង IBF ។

នៅគ្រានោះថៃសាន់និយាយ គាត់កំពុងពិចារណាវិលត្រឡប់មកសង្វៀនវិញ​សម្រាប់ការប្រកួតមិត្តភាពមួយចំនួនដើម្បីរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។

វីដេអូថ្មីនេះបានបង្ហាញថៃសាន់ស្រែករោទ៍អំឡុងពេលហាត់ប្រាណ ដោយហាត់​បញ្ចេញកណ្តាប់ដៃខ្លាំងៗ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកប្រដាល់ដែលមានកណ្តាប់ដៃ​គួរឱ្យខ្លាចបំផុតនៃកីឡាប្រដាល់។

ដោយហេតុថាថៃសាន់បានបង្ហើបអំពីការវិលត្រឡប់មកវិញនោះ ក៏មានឈ្មោះ​កីឡាករជាច្រើនមុខតែនឹងចេញមកប្រកួតជាមួយអ្នកប្រដាល់រហស្សនាម “កណ្តាប់ដៃដែក ម៉ៃថៃសាន់”។

កីឡាករបាល់ឱបដ៏អស្ចារ្យណូរបស់នូវែលសេឡង់ សូននី ប៊ីល វីលលៀម ដែលមានអាជីពប្រដាល់ផងដែរនោះនិងកាន់កំណត់ត្រាប្រដាល់ ៧-០-០ និង កីឡាករបាល់ឱបអូស្ត្រាលី ផូល ហ្គលឡិន ដែលមានកំណត់ត្រាប្រដាល់ ៩-០-១ នៅលើសង្វៀន ត្រូវគេមើលឃើញថាជាគូប្រជែងដ៏មានសក្តានុពល។

ទោះយ៉ាងណា លទ្ធភាពគូប្រជែងទំនងធ្លាក់ទៅលើ អេវ៉ាន់ឌ័រ ហូលីហ្វៀល ដែលថៃសាន់ធ្លាប់ប្រកួតជាមួយជាច្រើនដងក្នុងអំឡុងអាជីពរបស់ពួកគេ។

ប្រសិនបើថៃសាន់ ដែលបានចូលនិវត្តន៍បន្ទាប់ពីចាញ់ខេវិន ម៉ាកប្រ៊ីដ កាលពីឆ្នាំ ២០០៥ ពិតជាវិលត្រឡប់មកសង្វៀនវិញមែននោះ រូបគេនឹងដើរតាមគន្លងរបស់ផ្លយ មេវេឌ័រ និងមែននី ប៉ាកគីអៅ ដែលចេញពីការចូលនិវត្តន៍ដើម្បីប្រកួតមិត្តភាព។

ថៃសាន់ ដែលបានក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់វ័យក្មេងជាងគេគ្រប់ជំនាន់ នៅពេលគាត់បានផ្តួលកីឡាករ ត្រេវ៉ូ បឺប៊ីក ក្នុងឆ្នាំ ១៩៨៦ នៅអាយុ ២០ ឆ្នាំនោះ បានឈ្នះ ៥០ ដងក្នុងចំណោម ៥៨ ប្រកួតអាជីពរបស់គាត់មុនពេលចូលនិវត្តន៍៕ ដោយ៖ កញ្ញាដាលីស/Ha

ថៃសាន់ទំនងត្រឡប់មកសង្វៀនវិញប្រកួតមិត្តភាពដើម្បីរៃអង្គាសប្រាក់ជួយដល់ផ្នែកសប្បុរសធម៌

ទីតាំងផ្សាយពាណិជ្ជកម្ម