ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន រកឃើញ​គ្រឿងញៀន​មួយចំនួនទៀត​

201
ចែករម្លែក

ដោយ​: បាយ័ន / ព្រះវិហារ​: កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រមណីយ បាន​ចុះ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការខេត្ត​ព្រះវិហារ ហើយ​បាន​រកឃើញ​មួយចំនួនទៀត​។​

​លោក​វរសេនីយ៍ឯក សាយ ដេ​ត អធិការនគរបាល​ស្រុក​រវៀង បាន​និយាយថា ការចុះ​អនុវត្តតាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​៤៥​គ​ព្រ ចុះ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ ដោយ​លោក ជៀន ស្រស់ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រះវិហារ បង្គាប់​អោយ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ផាន សង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ។​

​អធិការនគរបាល​ស្រុក​រវៀង បាន​បន្តថា ជន​ត្រូវ​ចោទ​ឈ្មោះ ផាន សង់ ត្រូវបាន​ចោទ​ពីបទ​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រព្រឹត្តឡើង​នៅ​ភូមិ​គោក​បេង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ ។​

​លោក​បាន​បន្តថា នៅពេល​ចាប់ខ្លួនបាន​រកឃើញ​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​(២​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច​)​បន្ថែមទៀត​។ ជន​ត្រូវ​ចោទ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម