ដំណឹង​ល្អ​ទៀតហើយ ! អ្នកជំងឺ​កូ​វីដ ១៩ នៅកម្ពុជា នៅសល់តែ១ នាក់​ទៀត​ប៉ុណ្ណោះ

243
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ នេះ អ្នកជំងឺ​កូ​វីដ ១៩ នៅ កម្ពុជា បានជា​សះស្បើយម្នាក់ទៀតហើយ នាំឱ្យ​នៅសល់​អ្នកជំងឺ​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ ហើយ​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជាដូចតទៅ ៖

១.​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ឡើងដល់ ១២១ នាក់ ( ស្មើនឹង ៩៩ , ១៨ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ ) ដែលមាន​បុរស​ជនជាតិ ចិន ០១ នាក់ , ស្ត្រី​ជនជាតិ ចិន ០២ , ស្ត្រី​ជនជាតិ អង់គ្លេស ០៣ នាក់​, បុរស​ជនជាតិ អង់គ្លេស ០២ នាក់ , បុរស​ជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រី​ជនជាតិ អាមេរិកាំង ០១ នាក់ , បុរស​ជនជាតិ ប៊ែ​ល​ហ្សិ​ក ០១ នាក់ , បុរស​ជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះ​មាន​ទារក​អាយុ ០៤ ខែ ម្នាក់ ) ស្ត្រី​ជនជាតិ បារាំង ២១ នាក់ , បុរស​ជនជាតិ កាណាដា ០២ នាក់ , បុរស​ជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរស​ជនជាតិ ឥណ្ឌូណេស៊ី ០២ នាក់ , ស្ត្រី​ជនជាតិ វៀតណាម ០៣ នាក់ , បុរស​ជនជាតិ ខ្មែរ ៤៣ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ០៧ ( គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន ) នាក់ ។​

២. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ ០១ នាក់ ប៉ុណ្ណោះ ( គឺជា ស្ត្រី ដែល​បាន​បញ្ហា​ផ្លូវចិត្ត ) ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ ។​

៣. អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )​។​

៤. ករណី​ជាសះស្បើយ​ថ្មី​៖ ០១ នាក់ គឺជា​បុរស​ជនជាតិខ្មែរ មាន​ដើមកំណើត​នៅ​ខេត្ត កំពុងឆ្នាំង អាយុ ៧៥ ឆ្នាំ ចាត់​ចូល​ជា​អ្នកជំងឺ​ដែល​ត្រូវ​ព្យាបាល​យូរ​ជាងគេ​ម្នាក់ ដោយសារ​គាត់​មាន​ជំងឺលើសឈាម និង ទឹកនោមផ្អែម បន្ថែម​លើ​វ័យ​ចំណាស់ ហើយ​គាត់​ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។​

៥. ករណី​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ៖ គ្មាន


​ទោះ​បែបនេះ​ក្តី ជា​បន្តបន្ទាប់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក តែងតែ​មិនបាន​បន្ធូរបន្ថយ​ដៃ​ឡើយ ហើយ​នៅតែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ពោលគឺ សាធារណជន កម្ពុជា ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាចជា​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេលនេះ ៕ Kh/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម