អាជ្ញាធរ​សម្រេច​ដកហូត​ទីតាំង​ចាក់ដី​លុប​បឹង​នៅ​ស្រុក​កំពង់ត្រាច​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​

240
ចែករម្លែក

ដោយ​: បូកគោ / កំពត​: អាជ្ញាធរ​ស្រុក​កំពង់ត្រាច​បានសម្រេច​ដ​ក​ហូត​ទីតាំង​ដី​ចាក់​លុប​ផ្ទៃ​បឹង​ធម្មជាតិ​ក្នុងភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ​ធ្វើឡើង​ដោយ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​មួយរូប​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​។ ប្រតិបត្តិ​ការដែល​ទទួល​បាន​នូវ​កិច្ច​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​វាស់វែង​ផ្ទៀងផ្ទាត់​តាម​ប័ណ្ណកម្មសិទ្ធិ​ដីឯកជន​នៅជាប់​នឹង​បឹង​នោះ​។ នេះ​ជា​កិច្ច​ឆ្លើយតប​នឹង​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​ចំពោះ​អាជ្ញាធរ​ស្រុក​ដើម្បី​ជួយ​អន្តរាគមន៍​នូវ​ការបំពាន​កាន់កាប់​ជា​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​។

​សូម​រំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា​ឆ្នាំ​២០២០ អ្នកភូមិ​រាប់សិប​នាក់​តំណាងឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច​បាននាំគ្នា​មកកាន់​ទីតាំង​ចាក់ដី​ថ្មី​មួយកន្លែង​ជាប់​នឹង​ផ្លូវ​លេខ​១១៧​ឆ្ពោះទៅ​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​។ គោលបំណង នៃ​ការជួបជុំ​គឺ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ដោយសារ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​មួយរូប បាន​ចាក់ដី​លុប​ផ្ទៃ​បឹង​សាធារណៈ​ប៉ុនប៉ង​កាន់កាប់​ជា​កម្មសិទ្ធិ​។ នៅ​ទីនោះ​តំណង​ប្រជាពលរដ្ឋ​បាន​រៀបរាប់ថា ការណ៍​ដែល​ពួកគាត់​នាំគ្នា​មក​ទីតាំង​នេះ ក្នុង​បំណង​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ចំពោះ​បុគ្គល​មួយ​គ្រួសារ​បំពាន​ចាក់ដី​លុប​ផ្ទៃ​បឹង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។ សកម្មភាព​ដែល​គេ​ធ្វើបាន​សម្រេច​តាម​បំណង​នោះ គឺ​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ស្របពេល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ផ្តោត​ការយកចិត្តទុកដាក់​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ក្រុមអ្នកតវ៉ា​បានបញ្ជាក់​ថា ដំបូង​ឡើយ​គេ​ប្រើ​វិធី​សុំ​ចាក់ដី​ធ្វើ​ផ្លូវ​សម្រាប់​ចូលទៅ​វត្ត​អង្គ​ដូន​កែវ​ដើម្បីឱ្យ​ពុទ្ធបរិស័ទ​ងាយស្រួល​ធ្វើដំណើរ​សម្រាប់​រដូវ​បុណ្យទាន​ម្តងៗ​។ ប៉ុន្តែ​ក្រោយពី​ចាក់​លុប​លើ​ផ្ទៃ​បឹង និង​ដី​ចំណីផ្លូវ​ទំហំ​ប្រហែល​២.០០០​ម៉ែត្រក្រឡា​រួចរាល់ ស្រាប់តែ​មានការ​បោះបង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ស្ទើរ​ដល់​សសរ​ខ្លោងទ្វារវត្ត​តែម្តង​។ ព្រោះតែ​ឃើញ​ស្ថានភាព​បែបនេះ​ទើប​ប្រជាពលរដ្ឋ​មកជួប​ជុំគ្នា​ដើម្បី​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​។

​ក្នុង​គ្រា​នោះដែរ លោក​ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច​បានបញ្ជាក់​ថា​ក្នុងនាម​អាជ្ញាធរ លោក​បាន​ទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​គោលការណ៍​ឈ្នះ ឈ្នះ​។ ជំហាន​ដំបូង​រដ្ឋបាល​ស្រុក​នឹង​ឱ្យ​ជំនាញ​វាស់វែង​កំណត់​ព្រំដី​ឱ្យបាន​ជាក់លាក់​តាម​ប័ណ្ណកម្មសិទ្ធិ​របស់​ម្ចាស់​ដី​ជាប់​នឹង​ទីតាំង​ចាក់​ថ្មី​។ និយាយ​រួម ក្រៅពី​ប័ណ្ណកម្មសិទ្ធិ​កំណត់​ត្រឹមណា​នោះ​ជា​ដី​របស់​រដ្ឋ​។ លោក​អភិបាលរង​ស្រុក​បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​បាន​ប្តឹង​ចោទប្រកាន់ថា​ការចាក់ដី​នេះ​ធ្វើឡើង​ដោយ​លោក​សៅ ទីន តាមពិត​គឺ​ម្តាយក្មេក​ជា​អ្នកធ្វើ​ព្រោះ​ដី​នៅក្បែរ​នេះ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​នោះ​។​

​ចំណែក​លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច​បានបញ្ជាក់​ថា​ការចាក់ដី​នេះ​ធ្វើឡើង​ដោយ​លោក​សៅ ទីន មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ដោយបាន​ធ្វើជា​យូរ​មកហើយ​តែ​មិនឃើញ​ប្រជាពលរដ្ឋ​ប្តឹង​មក​សាលាស្រុក​សោះ​។ ដូច្នេះ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ជំនាញ​នឹង​ចុះទៅ​វាស់វែង​ជាក់ស្តែង​។ និយាយ​រួម​ក្រៅពី​ទំហំ​ដី​កំណត់​ក្នុង​ប័ណ្ណកម្មសិទ្ធិ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​។ បញ្ហា​នេះ​មិន​ពិបាក​ដោះស្រាយ​ទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម