ឈុតត្រាយគីនី ដែលមានប៊ីគីនីស៊ីគ្នាជាមួយម៉ាស់ កំពុងមានការពេញនិយមនៅអ៊ីតាលីអំឡុងពេលបិទប្រទេស

286
ចែករម្លែក

ឈុតត្រាយគីនី (Trikini) ដែលសំដៅលើឈុតប៊ីគីនីស៊ីគ្នាជាមួយម៉ាស់ កំពុងទទួលបានជោគជ័យខ្លាំងសម្រាប់អ្នករចនាម៉ូតជនជាតិអ៊ីតាលីម្នាក់ ក្រោយលោកស្រីបានបង្កើតវាឡើងអំឡុងពេលបិទប្រទេសសម្រាប់ជាការលេងសើច។

លោកស្រី ធីហ្សាណា ស្ការ៉ាម៉ូសហ្សូ ម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ Elexa Beachwear នៅទីក្រុងសេនីហ្គាល់លីយ៉ា នៅកណ្តាលប្រទេសអ៊ីតាលី បានចាប់ផ្តើមផលិតឈុតការពារកូវីដ១៩នេះដើម្បីជំរុញស្មារតីឱ្យប្រជាជនស្នាក់នៅផ្ទះ ក្រោយរដ្ឋាភិបាលបានប្រកាសការរឹតបន្តឹងលើបំលាស់ទីដោយសារការផ្ទុះឡើងនៃកូវីដ១៩។

អ្នកផ្គត់ផ្គង់របស់ស្ការ៉ាម៉ូសហ្សូបានប្រាប់លោកស្រីថា ពួកគេនឹងបិទទ្វារនៅរដូវផ្ការីក ដែលនាំឱ្យលោកស្រីគ្មានលទ្ធភាពផលិតប៊ីគីនីសម្រាប់រដូវពេញនិយមនោះទេ។ លោកស្រីបានប្រាប់វេបសាយអ៊ីតាលី Centropagina ថា ការណ៍នេះបានធ្វើឱ្យប៉ះពាល់អាជីវកម្មសម្លៀកបំពាក់យ៉ាងខ្លាំង។

ត្បិតជួបបញ្ហាដូច្នេះក្តី លោកស្រីបានចាប់ផ្តើមលេងសើចជាមួយគ្រួសារអំពីការបង្កើតម៉ាស់ស៊ីគ្នាជាមួយឈុតប៊ីគីនី ដើម្បីលើកម្ពស់ស្មារតីឱ្យស្នាក់នៅផ្ទះ។

ក្រោយពេលបង្ហោះរូបថតកូនស្រីរបស់លោកស្រីស្លៀកពាក់ឈុតត្រាយគីនីនៅលើហ្វេសប៊ុក ឈុតនេះបានល្បីមួយរំពេច ហើយលោកស្រីស្ការ៉ាម៉ូសហ្សូបានទទួលសំណើពីមនុស្សជាច្រើនសុំទិញឈុតនេះពីហាងរបស់លោកស្រី។

លោកស្រីបានបន្ថែមថា លោកស្រីសឹងមិនជឿថាការបិទប្រទេសអូសបន្លាយពេលយូរដូច្នេះ និងបំផ្លាញរដូវកាលកើបលុយអស់រលីង។

ប៉ុន្តែលោកស្រីឥឡូវមើលឃើញក្តីសង្ឃឹមចំពោះការបញ្ជាទិញ ដែលលោកស្រីបានទទួលពីភ្ញៀវ និងជឿថាមនុស្សនឹងទិញម៉ាស់ពណ៌ឆើតដើម្បីឱ្យពួកគេមើលទៅមិនស្រពាប់ស្រពោន។

ការបញ្ចេញឈុតត្រាយគីនីធ្វើឡើងចំពេលល្អឥតខ្ចោះ ខណៈអ៊ីតាលីចាប់ផ្តើមបន្ធូរបន្ថយច្បាប់បិទប្រទេសកាលពីសប្តាហ៍មុន៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម