ចិន​ផ្អាក​នាំ​ចូល​សាច់គោ​ពី​អូស្ត្រាលី ចំ​ពេល​​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២

228
ចែករម្លែក

​ប្រទេស​ចិន​បាន​ផ្អាក​ការនាំ​ចូល​សាច់សត្វ​ពី​កន្លែង​សត្វឃាត​ចំនួន​៤​នៅ​អូស្ត្រាលី​ចំ​ពេល​ភាព​តានតឹង​ពាណិជ្ជកម្ម​កើន​ឡើង​រវាង​ប្រទេស​ទាំង​២​នេះ​។​

​ការផ្អាក​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រទេស​ចិន​បានប្រកាស​ផែន​ដាក់​ពន្ធ​៨០ ភាគរយ​ទៅ​លើ​ស្រូវ​សាឡី​អូស្ត្រាលី​និង​ក្រោយ​ពី​ចិន​ព្រមាន​ឈប់​ប្រើ​សាច់គោ​អូស្ត្រាលី​ដោយសារតែ​រដ្ឋាភិបាល​ក្រុង​កង់​​បេរ៉ា​ជំរុញ​អោយ​ស៊ើបអង្កេ​តរក​ប្រភព​វីរុស​កូរ៉ូណា​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​អង្គារ​ទី​១២​ឧសភា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​បញ្ហា​ផ្អាក​នាំចូល​នេះ​មិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​រឿងកូ​វីដ​១៩​ទេ​។​

​ប្រទេស​ចិន​គឺជា​ទីផ្សារ​លេខ​មួយ​របស់​អូស្ត្រាលី​សម្រាប់​សាច់គោ​ដោយ​មាន​បរិមាណ​នាំចេញ​តម្លៃ​សរុប​ជាង ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ក្រុមប្រឹក្សា​ឧស្សាហកម្ម​សាច់​អូស្ត្រាលី​បានដាក់​បញ្ហា​នៃ​ការផ្អាក​នេះ​ទៅលើ​បញ្ហា​ស្លាក​សញ្ញា​ទំនិញ​។​

​លោកប៉ា​ទ្រិក ហ៊ុត​ជី​សុន នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​នេះ បាន​និយាយប្រាប់​សារព័ត៌មាន​AAP​ថា “​ខណៈពេលដែល​មិន​មាន​ការពេញចិត្ត​នោះ យើង​បាន​ដោះស្រាយ​បញ្ហា​នេះ​កាលពីមុន​ហើយ​កំពុង​​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ពាណិជ្ជកម្ម​ខុម​មិន​វ៉ែល​។​នេះ​គឺជា​បញ្ហា​ពាណិជ្ជកម្ម​និង​ការចូល​ទៅ​កាន់​ទីផ្សា​រដែ​ល​កំពុង​ត្រូវបាន​ដឹកនាំ​ដោយ​សហគមន៍​ពាណិជ្ជកម្ម​”​។​

​ចំណែក​លោក​ស៊ីម៉ុន បៀមិ​ង​ហ្កា​ម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម មាន​ការភ្ញាក់ផ្អើល​ចំពោះ​បម្រាម​នេះ​។​

​លោក​បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​”​វា​ជា​ការ​គួរឱ្យ​ខកចិត្ត​ដែល មិន​មាន​ការជូន​ដំណឹង​ណា​មួយ​នៅ​មុនពេល​ការផ្អាក​នោះ ចូល​ជា​ធរមាន​នៅថ្ងៃនេះ ” ។​

​រដ្ឋមន្ត្រី​នេះ​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​កែច្នៃ​សាច់​ដែល​ពាក់ព័ន្ធ​ដើម្បី​កែសម្រួល​បញ្ហា​ស្លាក​សញ្ញា​ទំនិញ​និង​ទទួលបាន​ការអនុញ្ញាត​ឡើងវិញ​។​

​លោក​បាន​និយាយថា​”​យើង​មាន​ការព្រួយបារម្ភ​ថា​ការផ្អាក​នេះ​ទំនងជា​ធ្វើឡើង​ដោយ​ផ្អែក​លើ​បញ្ហា​បច្ចេកទេស​ខ្ពស់ ដែល​នៅក្នុង​នោះ ករណី​ជា​បញ្ហា​មួយចំនួន មាន​រយៈពេល​ជាង​មួយឆ្នាំ​​មកហើយ​។​ខ្ញុំ​បាន​និយាយ​ជាមួយ​ក្រុម​មេដឹកនាំ​ឧស្សាហកម្ម​សហសេវិក​និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការឆ្លើយតប​ដ៏​ទូលំទូលាយ​”​។​

​លោក​បាន​បន្ថែមថា ” យើង​នឹង​ធ្វើការ​ជាមួយ​ឧស្សាហកម្ម​និង​ក្រុ​អាជ្ញាធ​រនៃ​ប្រទេស​ទាំងពី​២​គឺ​អូស្ត្រាលី​និង​ចិន​ដើម្បី​ស្វែករក​ដំណោះស្រាយ​ដែល​អាច​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​នេះ​​ដំណើរការឡើ​វិញ​ជាធម្មតា​។​

​ទំនាក់ទំនង​ការទូត​រវាង​អូស្ត្រាលី​និង​ចិន​កាន់តែ​យ៉ាប់យ៉ឺន​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បានចាប់ផ្តើម​ជំរុញ​ឱ្យ​មាន​ការស៊ើបអង្កេត​ជា​សកល​អំពី​ប្រភពដើម​នៃ​វីរុស​កូវី​ដ​១៩​។​

​កាលពីដើម​ខែ​នេះ ឯកអគ្គរដ្ឋទូត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​ប្រជាជន​ចិន​នឹង​ពិចារណា​ឡើងវិញ​អំពី​ការទិញ​សាច់គោ​អូស្ត្រាលី ប្រសិនបើ​អូស្ត្រាលី​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​​អង្កេត​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

ចិន​ផ្អាក​ទិញ​សាច់គោ​អូស្ត្រាលី​មក​ពី​ក្រុមហ៊ុន​៤ ដោយសារ​រំលោភ​បទដ្ឋាន​ត្រួតពិនិត្យ​និង​ភូតគាម​អនាម័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម