ត្រាំមិនចាប់អារម្មណ៍ក្នុងការចរចាឡើងវិញលើកិច្ចព្រមព្រៀងរវាងអាម៉េរិកនិងចិន ក្រោយមានសេចក្តីរាយការណ៍អំពីការមិនពេញចិត្តនៅប៉េកាំង

235
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃចន្ទទី ១១ ឧសភាថា លោកជំទាស់នឹងការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម “ដំណាក់កាលទី១” រវាងសហរដ្ឋអាម៉េរិកនិងចិន បន្ទាប់ពីកាសែតរដ្ឋចិនមួយបានរាយការណ៍ថា ទីប្រឹក្សារដ្ឋាភិបាលមួយចំនួននៅទីក្រុងប៉េកាំងកំពុងជំរុញឱ្យមានកិច្ចចរចាថ្មី ហើយអាចនឹងធ្វើមោឃៈកិច្ចព្រមព្រៀងនេះ។

លោកត្រាំ ដែលខ្លួនលោកផ្ទាល់បានពិចារណាបោះបង់ចោលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមករា បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា លោកចង់ដឹងថាតើប៉េកាំងគោរពតាមកិច្ចព្រមព្រៀងដើម្បីបង្កើនការទិញទំនិញពីសហរដ្ឋអាម៉េរិកឬអត់។

នៅពេលសួរអំពីការចរចាឡើងវិញលើកិច្ចព្រមព្រៀងដំណាក់កាលទី១ លោកត្រាំបាននិយាយថា “ទេ មិនចរចាឡើងវិញនោះទេ។ សូម្បីតែបន្តិចក៏អត់ដែរ។ ខ្ញុំមិនចាប់អារម្មណ៍ទេ។ យើងបានចុះកិច្ចព្រមព្រៀងរួចហើយ។ ខ្ញុំបានដឹងរឿងនោះដែរ ពួកគេក៏ចង់បើកការចរចាពាណិជ្ជកម្មឡើងវិញដើម្បីធ្វើឱ្យវាកាន់តែប្រសើរឡើងសម្រាប់ពួកគេ”។

លោកបានបន្ថែមថា “ចាំមើលថាតើពួកគេគោរពតាមកិច្ចព្រមព្រៀងដែលពួកគេបានចុះហត្ថលេខាឬអត់”។

កាសែត Global Times បានរាយការណ៍កាលពីថ្ងៃចន្ទទី១១ឧសភាថា ទីប្រឹក្សាដែលគេមិនបញ្ចេញឈ្មោះមួយចំនួនដែលដឹងច្បាស់ពីកិច្ចចរចានេះ បានលើកឡើងថា ក្រុមមន្រ្តីចិនបានសើរើឡើងវិញនូវលទ្ធភាពធ្វើមោឃៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ និង ចរចាជាថ្មីដើម្បីរឹតបន្តឹងជញ្ជីងពាណិជ្ជកម្មបន្ថែមទៀតដល់ភាគីចិន។

នៅថ្ងៃអង្គារទី១២ឧសភានេះ នៅពេលសួរថាតើចិនពិចារណាចរចាកិច្ចព្រមព្រៀងនេះឡើងវិញឬយ៉ាងណា ក្រសួងការបរទេសចិនបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១រវាងចិននិងសហរដ្ឋអាម៉េរិកនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចាវ លីចៀនបានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងសន្និសីទកាសែតប្រចាំថ្ងៃថា ប្រទេសទាំងពីរគួរតែអនុវត្តកិច្ចព្រមព្រៀងនេះដោយឈរលើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមក៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំមិនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នោះឡើយ

ទីតាំងផ្សាយពាណិជ្ជកម្ម