ឡាវ​នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន លើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​

194
ចែករម្លែក
ឡាវ​នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន លើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​យោង​សេចក្តីប្រកាស​ព័ត៌មាន​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​រដ្ឋាភិបាល​ប្រទេស​ឡាវ នឹង​អនុវត្ត​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ (MRC) សម្រាប់​គម្រោង​ទំនប់​វា​រី​អគ្គិសនី សា​ណា​ខាំ​។ គម្រោង​ទំនប់​មិន​បង្កើតជា​អាងទឹក ដែលជា​គម្រោង​ទី​៦​ឋិត​លើ​ទន្លេមេគង្គ​នេះ នឹង​ដំណើរ​ការជាប់​ពេញ​មួយឆ្នាំ និង​អាច​ផលិត​អគ្គិសនី​ចំនួន​៦៨៤ ម៉េ​ហ្គា​វ៉ា​ត់​។


​នៅក្នុង​សេចក្ដីជូនដំណឹង ដែល​ដាក់ជូន​លេខាធិការដ្ឋាន MRC រដ្ឋាភិបាល​ឡាវ បានផ្តល់​នូវ​សំណុំ​ឯកសារ វិស្វកម្ម និង​ការសិក្សា​លទ្ធភាព​គម្រោង​ក្នុង​កម្រិត​បច្ចេកទេស រួមមាន​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​របស់​គម្រោង ព្រមទាំង​ការសិក្សា​លើ​កំណក​កករ និង​ជលផល ដែល​លទ្ធផល​សិក្សា​ទាំងនេះ​ត្រូវបាន​ផ្ញើរ​ជូន​ប្រទេស​ជា​សមាជិក​របស់ MRC រួមមាន​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​។
​យោង​លើ​សេចក្តីជូនដំណឹង​នេះ ការសាងសង់​គម្រោង នឹង​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០២០ និង​បញ្ចា​ប់​នៅ​ឆ្នាំ​២០២៨ ក៏​ជា​ឆ្នាំ​ដែល​គម្រោង​នេះ​នឹង​ដាក់អោយ​ដំណើរការ​ផងដែរ​។ ថាមពល​ដែល​ផលិត​បាន​ភាគច្រើន អាច​នឹងត្រូវ​លក់​ទៅឱ្យ​ប្រទេស​ថៃ​។​
“​ប្រទេស​ឡាវ បានដាក់​ស្នើ​គម្រោង​ប្រើប្រាស់​ទឹក​មាន​លក្ខណៈ​ពេញ​មួយឆ្នាំ លើ​ដង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ ដែល​គម្រោង​នេះ​តម្រូវ​ឲ្យ​ឆ្លងកាត់​ដំណើរការ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​។ ការដាក់​ស្នើ​នេះ នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រទេស​ជា​សមាជិក​ដែល​ទទួលបាន​ការជូន​ដំណឹង ព្រមទាំង​សាធារណជន​ទូទៅ ទទួលបាន​នូវ​ព័ត៌មាន​លម្អិត និង​ធ្វើការ​សិក្សា​ពី​គម្រោង​ប្រើប្រាស់​ទឹក​និង​ផលប៉ះពាល់​របស់​វា ដែល​អាច​កើតមាន​ផ្សេងៗ​ពី​គម្រោង​នេះ​”​។ នេះ​បើតាម​ការលើកឡើង​រប​ស់ បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC ។​


​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​នេះ គឺជា​ផ្នែក​មួយ​នៃ​នីតិវិធី​របស់ MRC ស្ដីពី​ការប្រើប្រាស់​ទឹក​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ ពោលគឺ​នីតិវិធី​ស្តីពី​ការជូនដំណឹង ពិគ្រោះ​យោបល់​ជាមុន និង​កិច្ចព្រមព្រៀង (​ហៅ​កាត់​ថា PNPCA)​។ ក្រោម​នីតិវិធី​នេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយណា ដែល​ប្រើប្រាស់​ទឹក​ក្នុង​ដង​ទន្លេ​មេ​នា​រដូវប្រាំង​ក្នុង​អាង​ទន្លេ​តែមួយ ក៏ដូចជា​ក្នុង​រដូវវស្សា​សម្រាប់​ឆ្លង​អាង​ទន្លេ​២ ត្រូវ​ឆ្លងកាត់​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​។ គម្រោង​ដែល​ត្រូវ​អនុវត្តតាម​នីតិវិធី​នេះ មានដូចជា​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ និង​វា​រី​អគ្គិសនី​ខ្នាត​ធំ ដែល​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន លំហូរ​ទឹក និង​គុណភាព​ទឹក​ក្នុង​ដង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​។
​ក្នុង​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​នេះ ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​រដ្ឋបាល ពី​លេខាធិការដ្ឋាន MRC គណៈកម្មាធិការ​ចម្រុះ ដែលជា​ស្ថាប័ន​អភិបាលកិច្ច​របស់ MRC នឹង​ពិនិត្យ​លើ​ទិដ្ឋភាព​បច្ចេកទេស​របស់​គម្រោង វាយតម្លៃ​ពី​ផលប៉ះពាល់​ឆ្លងដែន​ដែល​អាច​កើតមាន​លើ​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​តាម​ដង​ទន្លេ និង​លើក​ស្នើ​វិធានការ​ដើម្បី​ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​ទាំងនេះ​។ គណៈកម្មាធិការ​ចម្រុះ មាន​គោលបំណង​បង្កើត​នូវ​កិច្ចព្រមព្រៀង​មួយ ស្តីពី​ការប្រើប្រាស់​ទឹក​ដែល​បានស្នើ​ឡើង និង​ចេញ​សេចក្តីសម្រេច ដែល​បង្ហាញ​នូវ​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀងគ្នា​រួច​។ សេចក្តីសម្រេច​នេះ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កំណត់ត្រា​នៃ​ការប្រើប្រាស់​ទឹក​ដែល​បាន​ស្នើឡើង និង​ការប្រើប្រាស់​ទឹក​នៅពេលដែល​គម្រោង​ចាប់ផ្តើម​ដំណើរការ​។​


​តាម​ធម្មតា ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​មាន​រយៈពេល​៦ ខែ ប៉ុន្តែ​អាច​នឹង​បន្ត​បន្ថែមទៀត​តាម​ការសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ចម្រុះ​។ ដំណើរការ​នេះ ពុំ​មានន័យថា​ជាការ​អនុម័ត ឬ​មិន​អនុម័ត​លើ​គម្រោង​ដែល​ស្នើឡើង​នោះទេ​។
​យោងតាម​ព័ត៌មាន​ពី MRC ប្រទេស​ឡាវ បានដាក់​ស្នើ​គម្រោង​សា​ណា​ខាំ​សម្រាប់​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ ភ្លាមៗ​បន្ទាប់ពី​ខ្លួន​បានដាក់​ស្នើ​គម្រោង​លួង​ប្រា​បាង​រួច​។ ដើម្បី​ធានាថា​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​ប្រព្រឹត្តិ​ទៅដោយ​អត្ថន័យ និង​ពេញលេញ គណៈកម្មាធិការ​ចម្រុះ បានសម្រេច​ចិត្ត​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​សម្រាប់​គម្រោង​សា​ណា​ខាំ បន្ទាប់ពី​គម្រោង​លួង​ប្រា​បាង​។
​បើតាម​នីតិវិធី​របស់ MRC បន្ទាប់ពី​មានកា​ដាក់សំណើរ លេខាធិការដ្ឋាន MRC ត្រូវ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ភាព​ពេញលេញ​នៃ​ឯកសារ​ដែល​បានដាក់​មក​។ ក្រោយពី​បញ្ចប់​ការត្រួតពិនិត្យ​ដំណើរការ​ពិគ្រោះ យោបល់​ជាមុន​សម្រាប់​គម្រោង​លួង​ប្រា​បាង​ថ្មីៗ​នេះ​លេខាធិការដ្ឋាន​ក៏បាន​បញ្ចប់​ដំណាក់កាល​ផ្ទៀងផ្ទាត់​ឯកសារ​ជំ​ហ៊ាន​ដំបូង​របស់​គម្រោង​សា​ណា​ខាំ និង​បាន​ផ្ញើ​ឯកសារ​ទាំងអស់​ទៅកាន់​ប្រទេស​៣​ផ្សេងទៀត ដែល​ទទួលបាន​ការជូន​ដំណឹង សម្រាប់ធ្វើ​ការពិនិត្យ​។ បច្ចុប្បន្ននេះ ឯកសារ​ទាំងនេះ មាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់ MRC សម្រាប់​ជូន​សាធារណជន​ទាំងអស់​។
​គួររំលឹកថា ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​សម្រាប់​គម្រោង​លួង​ប្រា​បាង បានចាប់ផ្តើម​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០​។ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ គណៈកម្មាធិការ​ចម្រុះ មិនអាច​ជួបប្រជុំ​ដើម្បី​សម្រេច​ឯកភាព​លើ​សេចក្តីថ្លែងការណ៍ និង​រៀបចំ​ផែន​សកម្មភាព​រួម​បានទេ​។ កិច្ចប្រជុំ​បន្ទាប់​ទៀត គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​។​


​រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​គម្រោង​ចំនួន​៤9 តាម​ដៃ​នៃ​ដង​ទន្លេមេគង្គ ត្រូវបាន​ដាក់​ស្នើ​សម្រាប់​ដំណើរការ​ជូនដំណឹង​ក្រោម​នីតិវិធី PNPCA​។ ក្នុងនោះ​រួមមាន គម្រោង​ចំនួន​៣ ពី​ប្រទេស​កម្ពុជា ៣០​ពី​ឡាវ ២​ពី​ថៃ និង ១៤​ពី​វៀតណាម​។ បន្ថែម​ពីលើ​ការដាក់​ស្នើរ​គម្រោង​សា​ណា​ខាំ​នេះ គម្រោង​៥ ផ្សេងទៀត រួមមាន​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី ដន​សា​ហុង ប៉ាក់​បេង ប៉ាក់​ឡាយ និង​លួង​ប្រា​បាង កន្លងមក​ត្រូវបាន​លើក​ស្នើ​ដើម្បី​សាងសង់ លើ​ដង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ក្រោម និង​បាន​ដាក់ឱ្យ​ឆ្លងកាត់​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​។


​គម្រោង​អគ្គិសនី​សា​ណា​ខាំ ដែលមាន​ទីតាំង​ចន្លោះ​ខេត្ត​សា​យ៉ា​បូរី និង​ខេត្ត​វៀង​ចន្ទ​ប្រទេស​ឡាវ ឋិត​នៅ​ចម្ងាយ​ប្រមាណ ២ គីឡូម៉ែត្រ ខាងលើ​ព្រំប្រទល់​ប្រទេស​ថៃ​និង​ឡាវ ក្នុង​ខេត្ត​ឡឺ​យ​របស់​ថៃ និង​ប្រមាណ ១,៧៣៧ គីឡូម៉ែត្រ​ពី​សមុទ្រ​។ គម្រោង​នេះ ឋិត​នៅ​ចម្ងាយ​ប្រមាណ​២៥ គីឡូម៉ែត្រ​ផ្នែក​ខាងលើ​ទន្លេ ពី​ស្រុក​សា​ណា​ខាំ​ខេត្ត​វៀង​ចន្ទ ហើយ​ប្រមាណ​១៥៥ គីឡូម៉ែត្រ​ពី​ទីក្រុង​វៀងចន្ទន៍​នៅ​ផ្នែក​ខាងក្រោម​ទន្លេ និង ប្រមាណ ៨៤ គីឡូម៉ែត្រ​ខាងក្រោម​គម្រោង​អគ្គិសនី​ប៉ាក់​ឡាយ​។
​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​របស់​គម្រោង​នេះ មាន​បណ្ដោយ​៣៥០ ម៉ែត្រ និង​កម្ពស់​៥៨ ម៉ែត្រ និង​មាន​តួប៊ីន​ចំនួន​១២ ដែល​តួប៊ីន​នីមួយៗ អាច​ផលិត​អគ្គិសនី​បាន​ចំនួន​៥៧ មេ​ហ្គា​វ៉ា​ត់​។​


​បើតាម​ឯកសារ​ដែល​ដាក់​មក ក្រុមហ៊ុន ដា​តាង (​ឡាវ​) សា​ណា​ខាំ​ហាយ​ដ្រូ​ផា​វឺ (Datang (Lao) Sanakham Hydropower Co. Limited) ត្រូវបាន​ចុះបញ្ជីរ​ជា​អ្នក​អភិវឌ្ឍ​គម្រោង​។ គម្រោង​វា​រី​អគ្គិសនី​នេះ អាច​នឹងត្រូវ​ចំណាយ​ស​រុ​ប ប្រមាណ​២,០៧៣ លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​ចំនួន​នេះ ទឹកប្រាក់​ប្រមាណ ២៧.៧ លាន​ដុល្លារ​អាមេរិក ត្រូវបាន​រៀបចំ​ទុក​សម្រាប់​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម និង​កម្មវិធី​តាមដាន​ផ្សេងៗ​។
​ក្រុមការងារ​នៃ​គណៈកម្មាធិការ​ចម្រុះ​របស់ MRC (​ហៅ​កាត់​ថា JCWG) ដែលមាន​សមាជិក​ជា​តំណាង​កម្រិត​បច្ចេកទេស​ជាន់ខ្ពស់​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម និង​ដែលជា​ស្ថាប័ន​ផ្ដល់​ប្រឹក្សា​ឱ្យ​គណៈកម្មាធិការ​ចម្រុះ MRC ក្នុងការ​អនុវត្ត​នីតិ​វិធី PNPCA គ្រោង​នឹង​ជួបប្រជុំ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​ជុំវិញ​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​សម្រាប់​គម្រោង​នេះ ដូចជា​កាលបរិច្ឆេទ​ចាប់ផ្ដើម​នៃ​ដំណើរការ​ដែលមាន​រយៈ​ពេល ៦ ខែ​នេះ​ជាដើម​។
MRC រួម​នឹង​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ នឹង​សម្របសម្រួល​កិច្ច​ពិគ្រោះ​យោបល់​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​ប្រមែប្រមូល​គំនិត​យោបល់​របស់​សាធារណជន​ទូទៅ​អំពី​ករណីនេះ​។
​គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែលមាន​តួនាទី​ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ ស្ថាប័ន​នេះ បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​ការទូត​ទឹក ក៏ដូចជា​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ​ប្រកបដោយ​ចីរភាព​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម