គណបក្សកម្លាំងប្រជាធិបតេយ្យគ្រោងចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ

429
ចែករម្លែក
លោកអ៊ុង សាម៉េត ស្ថាបនិកគណបក្សកម្លាំងប្រជាធិបតេយ្យ

ភ្នំពេញៈ គណបក្សនយោបាយមួយចំនួនដែលទើបតែបង្កើតថ្មី មានគម្រោងចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ជាមួយនឹងគណបក្សនយោបាយនានា ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក។ប៉ុន្តែមានគណបក្សខ្លះស្វាគមន៍ និងខ្លះមិនស្វាគមន៍នោះទេ។ គណបក្សនយោបាយដែលមានគម្រោងចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ គឺគណបក្សកម្លាំងប្រជាធិបតេយ្យ ដែលទើបតែបង្កើតឡើងកាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។

លោកអ៊ុង សាម៉េត ស្ថាបនិកគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងប្រាប់រស្មីកម្ពុជាថាគណបក្សកម្លាំងប្រជាធិបតេយ្យ គ្រោងនឹងដាក់លិខិតទៅគណបក្សនយោបាយធំៗ និងគណបក្សនយោបាយដែលទើបបង្កើតថ្មី ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងបង្កើតជាសម្ព័ន្ធដើម្បីស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យ និងការចូលរួមចំណែកនៃលទ្ធិប្រជាធិបតេយ្យ។ ហើយមូលហេតុអ្វីបានជាយើងបង្កើតគណបក្សនយោបាយថ្មីៗ និងអ្វីខ្លះជាគោលជំហរ? ពីព្រោះកន្លងមកគណបក្សនយោបាយបង្កើតឡើង គឺមិនបានសិក្សាពីគ្នាទៅវិញទៅមកទេ ដោយសារតែយើងគិតថា គោលនយោនបាយយើងខុសៗគ្នា ហើយយើងចង់ដឹកនាំបក្សមួយដែលអ្វីជាផ្លូវរបស់ខ្លួនឯង។

លោកបន្តថា “ដូចជាក្រុមរបស់ពួកខ្ញុំ គឺយើងចង់បានលទ្ធិប្រជាធិបតេយ្យ ហើយបច្ចុប្បន្នលទ្ធិប្រជាធិបតេយ្យដែលយើងមាន គឺនៅក្នុងកម្រិតមួយទទួលយកអត់ទាន់បាន។ ហើយយើងជាយុវជន យើងគិតថា អត់ទាន់បានអ្វីដែលយើងចង់បានទេ”។ 

លោកអ៊ុង សាម៉េត បានបន្តទៀតថា លោកក៏បានរៀបចំជារបាយការណ៍ដើម្បីដាក់ចូលទៅគណបក្សប្រជាជនកម្ពុជាផងដែរ ពីព្រោះលោកបានរៀបចំរួចហើយ។ ហើយលោកនឹងស្នើសុំជួបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគាត់យល់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរដល់កម្រិតណា។

លោក សុខ ឥសាន

ចំណែកលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថាការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ គឺជាសិទ្ធិនយោបាយរបស់គេ និងជារឿងគណបក្សនិងគណបក្សនយោបាយ។

រីឯលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងថា ការដែលគណបក្សនយោបាយមួយចំនួនដែលទើបបង្កើតថ្មី ហើយមានគម្រោងចង់បង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យ គឺជាសិទ្ធិសេរីភាពរបស់គេ ប៉ុន្តែសម្រាប់គណបក្សខ្មែររួបរួមជាតិ គឺលោកមិនអាចសម្រេចអំពីការចូលរួមបានទេ ពីព្រោះតាមលក្ខន្តិកៈបទបញ្ជារបស់គណបក្ស ទាល់តែមានការយល់ព្រមពីសំណាក់គណៈកម្មការនាយក ហើយលោកក៏មិនទាន់បានគិតគូររឿងនេះនៅឡើយទេ។

លោក ញឹក ប៊ុនឆៃ

លោកបន្តថា ការបង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យនេះ គឺជាការមួយល្អប្រសើរដែរ ពីព្រោះគណបក្សនិមួយៗ មិនមានសំឡេងគ្រប់គ្រាប់ទេ តែបើទៅប្រមូលផ្តុំគ្នាវាអាចធ្វើឲ្យមានសំឡេងខ្លះដែរ ហើយគណបក្សដែលទើ់បបង្កើតនោះ គឺមិនមានបក្សណាមួយដែលធំនិងមានសំឡេងច្រើនទេ។

លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងថា គណបក្សខ្មែរស្រឡាញ់ជាតិ សូមស្វាគមន៍ការបង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យ ដើម្បីរួបរួមជាកម្លាំងដើម្បីខ្មែរតែមួយផ្សះផ្សាជាតិ ប៉ុន្តែអ្វីដែលសំខាន់លោកមិនទាន់ដឹងថា ខ្លឹមសារនៃការចង់សម្ព័ន្ធភាពប្រជាធិបតេយ្យមានយន្តការកម្រិតណា ដូច្នេះខាងគណបក្សលោកនឹងពិចារណា ហើយខាងលោកនៅមិនទាន់បានទទួលលិខិតជាផ្លូវការពីខាងគណបក្សកម្លាំងប្រជាធិបតេយ្យនៅឡើយទេ។ 

លោក ខឺយ សុីនឿន

លោកបន្តថា ការរួបរួមអ្នកប្រជាធិបតេយ្យ ឬក៏សម្ព័ន្ធភាពប្រជាធិបតេយ្យ គឺជាបំណងរបស់គណបក្សប្រជាធិបតេយ្យដែលប្រាថ្នាចង់បាន ប៉ុន្តែអ្វីដែលសំខាន់តើខ្លឹមសារនៃការបង្រួបបង្រួមមានប្រសិទ្ធភាព និងយន្តការបែបណា គឺនៅមិនទាន់ដឹងដូច្នេះខាងលើនឹងសិក្សាបន្តទៀត។

លោកញឹម សុធន តំណាងស្ថាបនិកគណបក្សឯកភាពជាតិខ្មែរ បានថ្លែងថា គណបក្សឯកភាពជាតិខ្មែរ គឺមិនប្រកាន់និន្នាការខាងណាទេ និងធ្វើការងារដើម្បីឯកភាពគ្នាទាំងអស់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ចំពោះការដែលគណបក្សកម្លាំងប្រជាធិបតេយ្យគ្រោងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយនានា គឺលោកមិនទាន់ធ្វើអត្ថាធិប្បាយទេដោយសារលោកមិនទាន់ទទួលបានព័ត៍មានជាក់លាក់នៅឡើយ។

សូមជម្រាបថា គណបក្សនយោបាយដែលទើបសុំបង្កើតថ្មីមានចំនួនបីគណបក្ស និងគណបក្សនយោបាយដែលបានចុះបញ្ជីមានចំនួន៤៤គណបក្ស៕សរន