ព្រឹក​នេះ​អភិបាលខេត្ត​បាត់ដំបង​នឹង​បង្ហាញ​ពី​«​វឌ្ឍនភាព​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង​»

261
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី ​«​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង»​ នៅវេលា​ម៉ោង ​០៩៖៣០ ​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ នេះ​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ សន្និសីទ​នេះ​ចូលរួម​ដោយ​លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ដោយមាន​ការសម្របសម្រួល​ពី​លោក ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​

​សន្និសីទ​នេះ​មាន​គោលបំណង​បង្ហាញជូន​សាធារណៈ​ឲ្យ​បាន​យល់ច្បាស់​ពី​សកម្មភាព សមិទ្ធផល និងទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង​ក្នុង​ទិសដៅ​ស្នួល​ជំរុញ​គោលនយោបាយ​អភិបាលកិច្ច​ល្អ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាពឆ្លើយតប​ទៅនឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹងថា​ សន្និសីទ​សារព័ត៌មាន​នេះ​មានការ​សម្របសម្រួល​ពី​លោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​និង​មានការ​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ពី​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

ខេត្តបាត់ដំបង​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​មាន​ចម្ងាយ ២៩១ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ​ដែលមាន​ព្រំប្រទល់​ខាងកើត​ជាប់​ខេត្តពោធិ៍សាត់​និង​បឹង​ទន្លេសាប ខាងលិច​ជាប់​ខេត្ត​ប៉ៃលិន​និង​ប្រទេស​ថៃ​ ខាងជើង​ជាប់​ខេត្តបន្ទាយមានជ័យ ខាងត្បូង​ជាប់​ខេត្តពោធិ៍សាត់ ។ ទិស​ភាគ​ខាងលិច​មាន​ព្រំប្រទល់​ប្រវែង​១៤៤.៨ គីឡូម៉ែត្រ​ជាប់​ខេត្ត​ច័ន្ទ​បុរី ត្រាត និង ស្រះកែវ​របស់​ប្រទេស​ថៃ​។​ខេត្ត​មាន​ផ្ទៃដី​សរុប​១១,៧៤៨​គម​២ ស្រុក​មាន​១៣ និង​ក្រុង​១ ឃុំ​ចំនួន​៩២សង្កាត់​១០និង​ភូមិចំនួន​៨០៩ ។ចំនួន​គ្រួសារ​មាន​ប្រមាណ២៦៣. ៤៣៥​គ្រួសារ មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ១.២០៥.០៥០​នាក់​ស្ត្រី​ចំនួន ៦០២.៩៩៤​នាក់ កម្លាំង​ពលកម្ម​ជា​សក្តានុពល​ចាប់ពី​អាយុ​១៨-៣៥​ឆ្នាំ មាន​ចំនួន​៥៦% កំណើន​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ​២.៣% ដង់ស៊ីតេ​១០៤.៩២​នាក់​/​គ​.​ម ។ ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​ជា​ចម្បង​មាន​៧២,២០% កម្ពស់​ទឹកភ្លៀង​ជា​មធ្យម​៩៦០.១​ម​ម​/១​ឆ្នាំ អាកាសធាតុ​១៣.៥0ºc – ៤១.៥0ºc ។ ខេត្ត​មាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​១ គឺ​ច្រក​ដូង​(​ស្រុក​កំរៀង​) និង ច្រកទ្វារ​តំបន់​ព្រំដែន​៤​ទៀត​គឺ​ច្រកទ្វារ​គីឡូ​១៣(​ភ្នំ​ដី​) ក្នុងស្រុក​សំពៅ​លូន ច្រកទ្វារ​អូរ​រំដួល​ក្នុងស្រុក​ភ្នំព្រឹក ច្រកទ្វារ​អូរ​អន្លក់​(​សួន​ស៊ុំ​)​ក្នុងស្រុក​កំរៀង និង​ច្រកទ្វារ​ឆក​រកា​(៤០០)​ក្នុងស្រុក​សំឡូត​។ ស្ថានភាព​នៅតាម​ច្រកព្រំដែន​កម្ពុជា​-​ថៃគឺមាន​កិច្ច​សហការគ្នា​ល្អប្រសើរនិង​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​សម្រួល​ចរាចរ​នាំចេញ​-​នាំចូល​ពិសេស​កសិផល​ប្រជា​នៅ​ស្រុក​ជាប់​ព្រំដែន ។ លទ្ធផល GDP ឆ្នាំ ២០១៦ សេដ្ឋកិច្ច​ខេត្តបាត់ដំបង​មាន​ប្រមាណ ៦.២៧៤.០៨៣.៨​លាន​រៀល​គិត​ជា​ដុល្លារ​ប្រហែល ១.៥៥៧,៦​លាន​ដុល្លារ (​អត្រា​ប្តូរប្រាក់​១$=៤០២៨៛) បើ​គិត​តាម​ថ្លៃ​បច្ចុប្បន្ន​នៅ​ឆ្នាំ​២០១៥ ។ បើ​ធៀប​នឹង​ឆ្នាំ ២០១៤ សេដ្ឋកិច្ច​ខេត្ត​មាន ៥.៨៨៧.៤០២,៥​លាន​រៀល ស្មើនឹង ១.៤៦០,៩​លាន​ដុល្លារ​អា​មេ​រិច ។ សេដ្ឋកិច្ច​មាន​កំណើន ៤.១% នៅ​ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤ ចំណូល សម្រាប់​ម្នាក់ ១.៣២៤,៥$ នៅ​ឆ្នាំ​២០១៥ និង ១.២៥៨,០$ នៅ​ឆ្នាំ​២០១៤ ។ នេះ​បើ​យោងតាម​ឯកសារ​ផេ​ក​ផ្លូវការ​ខេត្តបាត់ដំបង ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម