សាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះលើសំណុំរឿងលោកកឹម សុខា នៅថ្ងៃនេះ

226
ចែករម្លែក
លោក កឹម សុខា

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស នៅរសៀលថ្ងៃទី១៣ខែឧសភា នេះ។សវនាការនេះ មានលោកសេង ស៊ីវុត្ថា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកស្រី លី និរតី ជាក្រឡាបញ្ជី។

  សវនាការនេះជំនុំជម្រះលើសំណុំរឿងក្តីលោកកឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស គឺពាក់ព័ន្ធនឹងបណ្តឹងរបស់មេធាវីលោកកឹម សុខា ប្តឹងទាស់ទៅនឹងដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។

  លោកស្រី ម៉េង សុភារី មេធាវីការពារលោកកឹម សុខា បានថ្លែងប្រាប់រស្មីកម្ពុជា ថា សវនាការនៅថ្ងៃទី១៣ ខែឧសភា គឺទាក់ទងទៅនឹងសវនាការលើបណ្តឹងឧទ្ធរណ៍របស់សហមេធាវីដែលប្តឹងទៅនិងការសម្រេចទទួលយកភស្តុតាងថ្មីរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ(បញ្ចូលភស្តុតាងថ្មីរបស់តំណាង អយ្យការ)។ ការប្តឹងរបស់សហមេធាវី គឺកាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០។

ម៉េង សុភាវី

  លោកស្រី ម៉េង សុភារី បានបញ្ជាក់ថា “ការដែលតំណាងអយ្យការដាក់ភស្តុតាងថ្មី យើងខ្ញុំមិនឯកភាពទៅនឹងការដាក់ភស្តុតាងថ្មីរបស់តំណាងអយ្យការ ដោយហេតុថា មុនពេលដែលសម្រេចយករឿងនឹងមកជំនុំជម្រះ គឺនៅក្នុងដីកាសន្និដ្ឋានស្ថាពររបស់តំណាងអយ្យការ បានយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់អស់ហើយ ក្នុងការចោទប្រកាន់ និងដាក់បន្ទុកមកលើកូនក្តីយើងខ្ញុំ តែពេលនេះក្នុងអំឡុងពេលសវនាការលើអង្គសេចក្តី ស្រាប់តែតំណាងអយ្យការបានយកភស្តុតាងយកមកដាក់បញ្ចូលបន្ថែមទៀត ដូច្នេះហើយយើងខ្ញុំជំទាស់នឹងការដាក់ភស្តុងតាង យើងយល់ថា បើសិនជាមានការដាក់ភស្តុតាងថ្មី មានន័យថា រឿងកន្លងមកស៊ើបអង្កេតមិនទាន់មូល​មានន័យថា មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកលើកូនក្តីយើងខ្ញុំទេ ឬយ៉ាងណា? បានជាសវនាការកំពុងដំណើរការលើអង្គសេចក្តីស្រាប់តែមានភស្តុតាងថ្មីចឹង”។

  លោកស្រីមេធាវីបានបញ្ជាក់ថា ចំពោះលោកកឹម សុខា ចូលរួម ឬមិនចូលក្នុងសវនាការជំនុំជម្រះនៅថ្ងៃទី១៣ ខែឧសភា គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែសហមេធាវីនឹងចូលរួមក្នុងសវនាការ។

  សូមជម្រាបថា តុលាការបានបិទការស៊ើបសួរលើសំណុំរឿងលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បន្ទាប់ពីដំណើរការនីតិវិធីអស់រយៈពេលជាងពីរឆ្នាំ។ នៅក្នុងសំណុំរឿងនេះ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូឃ្លីបមួយដែលលោក កឹម សុខា បាននិយាយសារភាពកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣នៅប្រទេសអូស្ត្រាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់សហរដ្ឋអាម៉េរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ។

លោកគី ឫទ្ធី ចៅក្រមស៊ើបសួរសាកាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩បានចេញលិខិតជូនដំណឹងស្តីពីការបិទការស៊ើបសួរលើសំណុំរឿងលោកកឹម សុខា ដែលដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ។

សូមរម្លឹកថា លោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំង សមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ។ហើយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចដាក់លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល តែបានកែប្រែលក្ខខណ្ឌមួយចំនួន ដែលក្នុងនោះរួមមានលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកផងដែរ ពោលគឺលោកអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ ដោយផ្អែកលើស្ថានភាពសុខភាពនិងកិច្ចសហការល្អរបស់ លោក កឹម សុខា ជាមួយសមត្ថកិច្ចនាពេលកន្លងមក។ ប៉ុន្តែលោកត្រូវហាមឃាត់មិនឱ្យចេញទៅបរទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម