អគ្គស្នងការរងនគរបាលជាតិ៖ បទល្មើសច្រើនជាងគេគឺមិន​ពាក់​ខ្សែក្រវាត់៤៨%មិនពាក់មួក​សុវត្ថិ​ភាព៧៦%

218
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់​ជីវិត​និងការខូចខាតទ្រព្យសម្បត្តិប្រជាពល​រដ្ឋនៅតាមដងផ្លូវជាពិសេសចង់​ឱ្យ​ប្រជា​ពល​រដ្​ឋគោរពច្បាប់ចរាចរណ៍។ក្នុងការត្រួតពិនិត្យរយៈពេល១១ថ្ងៃ​កន្លងមកបាន​រក​ឃើ​ញករណីល្មើសជាង១៩​០០​ករណីគ្នុងនោះបទល្មើសច្រើនជាងគេគឺការមិន​ពាក់ខ្សែ​ក្រវាត់ដែលមាន៤៨ភាគរយ និងល្បឿន២៦ភាគរយ ចំណែកម៉ូតូមិន​ពាក់មួកសុវត្ថិភាព​ដែលមានប្រមាណ៧៦ភាគរយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នៅទីស្ដីការក្រសួងសាធារណការ និងដឹក​ជញ្ជូន លោក នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានគូស​បញ្ជាក់ថា លទ្ធផលនៃការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងរយៈ​ពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០នេះ គឺបានត្រួត​ពិនិត្យ​រក​ឃើញករណី​ល្មើសមាន​ដល់១៩,០០៤ករណី ក្នុងនោះករណីល្មើសដោយម៉ូតូមាន​ចំនួន​១៤,២៧១​ករណី ស្មើនឹង៧៥ភាគរយ នៃចំនួនបទល្មើសសរុប។ចំពោះករណី​ល្មើស​ ​លើរថយន្ដ ឬយានយន្ដគ្រប់ប្រភេទមានចំនួន៤,៧៣៣ករណី ស្មើនឹង២៥ភាគរយ។

លោកនាយឧត្ដមសេនីយ៍បានបន្ដថា៖បញ្ហាដែលត្រូវយកចិត្ដទុកដាក់និងចង់ផ្សព្វ​ផ្សាយ​ដល់សាធារណជនក៏ដូចជាប្រជាពលរដ្ឋឱ្យបានដឹងនោះគឺបញ្ហាមិនពាក់មួកសុវត្ថិភាព ក្នុង​ការបើកបរម៉ូតូគឺជារឿងសំខាន់ដែលពួកគាត់នៅតែមិនព្រមពាក់មួក ហើយបង្កឱ្យ​មាន​គ្រោះ​​ថ្នាក់ និងប្រឈមនឹងការបាត់​បង់ជីវិតបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ក្នុង​នោះ​​មាន​ប្រមាណ៧៦ភាគរយ ក្នុងចំណោមអ្នកជិះម៉ូតូទាំងអស់។

ករណីយានយន្ដអត់ស្លាកលេខ​មានចំនួន១០ភាគរយនិងករណីល្មើសភ្លើងសញ្ញា ស្លាក​សញ្ញាចរាចរណ៍មានចំនួន៨​ភាគរយ។ ក្រៅពីនេះ មានករណីទូរស័ព្ទពេលកំពុងបើកបរ ការដឹកលើសចំណុះនិងបញ្ហា​ស្រវឹងមានចំនួនសរុប២ភាគរយ។

លោកនាយឧត្ដមសេនីយ៍បានបន្ដថា​ចំពោះរថយន្ដវិញបទល្មើសដែល​ច្រើនជាង​គេ​គឺ​៖​ការ​​មិនពាក់ខ្សែក្រវ៉ាត់គឺមានរហូតដល់៤៨ភាគរយ និងល្បឿនមាន២៦ភាគរយ ល្មើស​សញ្ញាចរាចរណ៍មាន៦ភាគរយ ដឹកលើសចំណុះ៦ភាគរយ ទូរស័ព្ទក្នុងពេលបើក​បរ​មាន​ចំនួន​៦ភាគរយ។ដោយឡែកករណីគ្មានប័ណ្ណបើកបរមានចំនួន៤ភាគរយអត់​ស្លាក​លេខនិងប្រើប្រាស់គ្រឿងស្រវឹងមានចំនួន៣ភាគរយ។

លោក នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ

នៅក្នុងសន្និសីទសារពត៌មាននោះដែរ លោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក បាន​ឲ្យដឹងថារហូតដល់ពេលនេះមានយានយន្ដនៅកម្ពុជាមកចុះបញ្ជីទាំងអស់ប្រហែ​ល​ជា៦លានគ្រឿង ។ មានរថយន្ដ៤០%ប៉ុណ្ណោះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ ខណៈមាន ៦០% មិនមកឆៀកឡើយ។

លោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក

កម្ពុជា​បាន​សម្រេច​កំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​បង្កើន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរា​​ចរណ៍​ផ្លូវ​គោក​ជាង​បណ្ដា​ឆ្នាំ​ណាៗ​ទាំង​អស់ ដើម្បីឆ្លើយតបនឹង​ភាពអាសន្ន​នៃ​គ្រោះ​នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ។ កាលពីឆ្នាំកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានអ្នកស្លាប់ជិត២ពាន់នាក់អ្នករបួសធ្ងន់​និង​ស្រា​ល​សរុបចំនួន៦១៤១នាក់ និងបានបង្កឲ្យខូចខាតម៉ូតូសរុប៤២៩១គ្រឿង រថយន្តធុន​ធ្ងន់​និងស្រាលចំនួន៣០៨៨គ្រឿង៕

ទីតាំងផ្សាយពាណិជ្ជកម្ម