អាជ្ញាធរឥណ្ឌូនេស៊ីចាប់អ្នកល្មើសវិធានការរក្សាគម្លាតពីគ្នា ឱ្យមកលាងបង្គន់សាធារណៈ

246
ចែករម្លែក

ប្រជាជនឥណ្ឌូនេស៊ីដែលល្មើសនឹងវិធានការរក្សាគម្លាតពីគ្នានៅក្នុងរដ្ឋធានីនឹងត្រូវបង្ខំឱ្យលាងសម្អាតបង្គន់ដើម្បីទទួលយកនូវទណ្ឌកម្មចំពោះអំពើបាបរបស់ពួកគេ។

កាតព្វកិច្ចលាងបង្គន់អនាម័យគឺស្ថិតក្នុងចំណោមការដាក់ទណ្ឌកម្មមួយចំនួនដែលមានចែងក្នុងច្បាប់ថ្មីក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងទីក្រុងហ្សាការតា។

ការចេញទៅខាងក្រៅដោយគ្មានម៉ាស់អាចរងការផាកពិន័យ ២៥០.០០០ រូពី (១៧ ដុល្លារ) ខណៈប្រជាជនដែលប្រមូលផ្តុំគ្នាទាំងហ្វូងអាចត្រូវបង្ខំឱ្យលាងសម្អាតកន្លែងសាធារណៈរួមទាំងបង្គន់ ហើយពួកគេត្រូវពាក់អាវកាក់ដើម្បីបង្ហាញថាពួកគេជាអ្នករំលោភច្បាប់។

ក្រុមហ៊ុនណាដែលមិនអើពើនឹងបទបញ្ជាបិទប្រទេសឬរំលោភលើច្បាប់សុខភាពសាធារណៈអាចរងការពិន័យរហូតដល់ ៥០ លានរូពីក្រោមច្បាប់ដែលបានផ្សព្វផ្សាយជាសាធារណៈនៅសប្តាហ៍នេះ។

ទីក្រុងហ្សាការតាដែលមានមនុស្សរស់នៅប្រមាណ ៣០ លាននាក់បានបង្ខំចិត្តបិទទ្វារមួយផ្នែកធំកាលពីខែមុនដោយសារការឆ្លងកូវីដ១៩បានកើនឡើងហើយក្រុមអ្នករិះគន់បានព្រមានអំពីគ្រោះមហន្តរាយសុខភាពសាធារណៈដែលកំពុងកើតមាន។

ទីក្រុងឥណ្ឌូនេស៊ីជាច្រើនទៀតបានដាក់ការរឹងបន្តឹងស្រដៀងគ្នានេះដែរ ប៉ុន្តែការរំលោភច្បាប់នៅតែមានជាទូទៅ។

កាលពីចុងសប្តាហ៍មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងហ្សាការតាដើម្បីប្រារព្ធពិធីបិទភោជនីយដ្ឋានអាហារសម្រន់មួយ ដោយបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។

កាលពីថ្ងៃអង្គារទី១២ឧសភា ចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅប្រទេសឥណ្ឌូនេស៊ីបានកើនដល់ ១.០០៧ នាក់ និងអ្នកឆ្លងមានចំនួន ១៤.៧៤៩ នាក់។

ប៉ុន្តែចំនួនឆ្លងពិតប្រាកដត្រូវគេជឿថាមានច្រើនជាងនេះនៅក្នុងប្រទេសដែលមានប្រជាជនចំនួន ២៦០ លាននាក់នេះ៕ ដោយ៖ កញ្ញាដាលីស

អ្នកល្មើសច្បាប់នឹងត្រូវបង្ខំឱ្យលាងបង្គន់

ទីតាំងផ្សាយពាណិជ្ជកម្ម