តារាចម្រៀងរ៉ុកកាណាដា ប្រាយអ៊ែន អាដាំ សុំទោសចំពោះការបង្ហោះសារបែបរើសអើងជាតិសាសន៍អំពីកូវីដ១៩

248
ចែករម្លែក

តារាចម្រៀងរ៉ុកកាណាដា ប្រាយអ៊ែន អាដាំ បានសុំអភ័យទោសកាលពីថ្ងៃអង្គារទី១២ឧសភា បន្ទាប់ពីមានប្រតិកម្មនិងការចោទប្រកាន់អំពីការប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិចិនជុំវិញការលើកឡើងរបស់គាត់តាមអ៊ីនធឺណេតអំពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបង្ខំគាត់ឱ្យលុបចោលកម្មវិធីសម្តែងនៅទីក្រុងឡុងដ៍នៅសប្តាហ៍នេះ។

តារាចម្រៀងម្ចាស់បទ “Cuts Like a Knife” បានចេញសេចក្តីថ្លែងការណ៍ “សុំអភ័យទោសចំពោះអ្នករាល់គ្នាដែលរងការប្រមាថពីសារបង្ហោះរបស់ខ្ញុំកាលពីម្សិលមិញ” ដោយបន្ថែមថា៖ “ខ្ញុំស្រឡាញ់អ្នកទាំងអស់”។

មុននេះអាដាំបាននិយាយនៅក្នុងបណ្តាញសង្គម Twitter និង Instagram ថា ការសម្តែងរបស់គាត់នៅឯសាល Royal Albert Hall ត្រូវបានលុបចោលដោយសារ “ការស៊ីប្រចៀវការលក់សាច់សត្វព្រៃនៅលើទីផ្សារនិងពួកអាចង្រៃបង្កើតមេរោគ”។

គាត់បានបន្តទៀតថា “ពិភពលោកទាំងមូលឥឡូវនេះត្រូវជាប់គាំងដំណើរការ នេះមិននិយាយដល់មនុស្សរាប់ពាន់នាក់ដែលបានរងគ្រោះឬស្លាប់ដោយសារវីរុសនេះផង” ដោយបានដាស់តឿនដល់ប្រជាជនចិនឱ្យហូបបួស។

ខណៈក្រុមសិទ្ធិសត្វបានកោតសរសើរចំពោះការអំពាវនាវរបស់គាត់ឱ្យឈប់បរិភោគសាច់ អ្នកផ្សេងទៀតបានចាត់ទុកការអត្ថាធិប្បាយពោរពេញដោយកំហឹងរបស់គាត់ថាជាការប្រឆាំងនឹងជនជាតិចិន។

លោកអាមី ហ្គោ មកពីក្រុមប្រឹក្សាជាតិសង្គមចិនកាណាដាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “នេះជាការមិនទទួលខុសត្រូវនិងជាការប្រកាន់ពូជសាសន៍”៕ ដោយ៖ កញ្ញាដាលីស

ប្រាយអ៊ែន អាដាំ សុំទោសចំពោះការរើសអើងជនជាតិចិន

ទីតាំងផ្សាយពាណិជ្ជកម្ម