ធ្វើការងារនៅទីណាក៏គេដេញចោលព្រោះស្អាតពេក មកថតរូបសិចស៊ីបង្ហោះលើបណ្តាញសង្គម រកបាន ៦០.០០០ ដុល្លារក្នុងមួយខែ

328
ចែករម្លែក

តារាបង្ហាញម៉ូតលើ Instagram ម្នាក់ ដែលរកប្រាក់បាន ៦០.០០០ ដុល្លារក្នុងមួយខែពីការចែករំលែករូបភាពសិចស៊ីតាមអ៊ីនធឺណេតបានអះអាងថា នាងបាត់បង់ការងារជាច្រើនដោយសារនាងស្អាតពេក។

នាង ស្តេហ្វានី វីលឡាហ្គោម៉េស អាយុ ២៩ ឆ្នាំ ដែលគេស្គាល់ថា @tiff08 នៅលើបណ្តាញសង្គម Instagram បានលាតត្រដាងថា នាងងាកទៅរកសេវាជាវសម្រាប់មនុស្សពេញវ័យតែប៉ុណ្ណោះហៅថា OnlyFans ដើម្បីរកលុយ បន្ទាប់ពីត្រូវគេបង្ខំឱ្យចាកចេញពីតួនាទីជាអ្នកបម្រើកាលពីពេលមុនៗ ដោយសារតែមិត្តរួមការងារច្រណែននឹងសម្រស់នាង។

នាងវីលឡាហ្គោម៉េស ដែលរស់នៅរដ្ឋផ្លរីដានិងមានកូនស្រីម្នាក់អាយុ ១១ ឆ្នាំឈ្មោះដេស្ទីនី បាននិយាយថា អ្វីៗនៅឯកន្លែងធ្វើការងារមួយនោះពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់ ព្រោះថៅកែរបស់នាងត្រូវបង្ខំចិត្តបណ្តេញនាងចេញពីក្រុមហ៊ុន ព្រោះប្រពន្ធរបស់គាត់ប្រច័ណ្ឌនឹងសម្រស់របស់នាង។

តារាបង្ហាញម៉ូតរូបនេះបានបកស្រាយថា “ខ្ញុំបានធ្វើការនៅភោជនីយដ្ឋានមួយជាអ្នករត់តុហើយមិត្តរួមការងារស្អប់ខ្ញុំពីព្រោះបុរសៗដែលទៅញ៉ាំអាហារនៅទីនោះតែងសុំខ្ញុំឱ្យជួយលើកអាហារឱ្យពួកគេ ហើយខ្ញុំតែងទទួលបានលុយធីបច្រើនជាងគេត្រឡប់មកផ្ទះវិញ”។

នាងនិយាយថា “ស្រីៗ ដែលធ្វើការនៅទីនោះក៏មិនចង់និយាយជាមួយខ្ញុំដែរ ពីព្រោះពួកគេខឹងដែលភ្ញៀវគ្រប់គ្នាចូលចិត្តខ្ញុំ។ ពួកគេបានបង្កការលំបាកសម្រាប់ខ្ញុំក្នុងការធ្វើការពីព្រោះពួកគេតែងនិយាយដើមខ្ញុំឬមិនធ្វើការងារបោសសម្អាតទេ”។

នាងវីលឡាហ្គោម៉េសនិយាយថានាងបានឈប់ពីការងារដោយសារតែនាងធុញទ្រាន់នឹងមិត្តរួមការងារដែលតែងនិយាយដើមនាងឬធ្វើអ្វីៗដើម្បីធ្វើឱ្យការងាររបស់នាងកាន់តែលំបាកជាងមុន ហើយផ្ទុយទៅវិញនាងបានចាប់យកតួនាទីជាអ្នកបម្រើនៅភោជនីយដ្ឋានផ្សេងទៀត។

នាងនិយាយថា ទោះយ៉ាងណា មុខមាត់ស្អាតរបស់នាងជាថ្មីម្តងទៀតបានបង្កផលវិបាកដល់នាង។ នាងលាតត្រដាងថា “ម្ចាស់ភោជនីយដ្ឋានចូលចិត្តខ្ញុំខ្លាំងណាស់ គាត់បានផ្ទេរខ្ញុំភ្លាមទៅធ្វើជាមេក្រុម ពីព្រោះខ្ញុំអាចរកលុយធីបបានច្រើន ប៉ុន្តែស្រីៗផ្សេងទៀតដែលខ្ញុំធ្វើការជាមួយខឹងនឹងរឿងនោះ ព្រោះពួកគេត្រូវចំណាយពេលយូររាប់ខែឯណោះដើម្បីឡើងតំណែង ហើយខ្ញុំបានឡើងតំណែងនៅក្នុងសប្តាហ៍ដំបូងនៃការធ្វើការនៅទីនោះ”។

នាងបន្តថា​ “នៅពេលស្រីៗដទៃទៀតដែលធ្វើការនៅទីនោះបានដឹងរឿងខ្ញុំឡើងតំណែង ពួកគេមិននិយាយរកខ្ញុំហើយក៏មិនជួយខ្ញុំលើរឿងគ្រប់យ៉ាង។ វាពិតជាលំបាកណាស់សម្រាប់ខ្ញុំក្នុងការរៀនសូត្រពីការងារថ្មី ពីព្រោះជាទូទៅនៅថ្ងៃដំបូង មិត្តរួមការងាររបស់អ្នកតែងជួយអ្នក ប៉ុន្តែចំពោះករណីខ្ញុំ ពួកគេពិតជាកាចដាក់ខ្ញុំណាស់”។

នៅទីបំផុតតារាបង្ហាញម៉ូតរូបនេះឆ្អែតចិត្តហើយក៏លាឈប់ពីការងារ មុនពេលចាប់យកតួនាទីថ្មី ធ្វើការនៅក្នុងអគារចែកចាយមួយ ដោយផ្តល់ជូនអតិថិជននូវកញ្ឆាវេជ្ជសាស្ត្រ ដែលស្របច្បាប់នៅផ្នែកខ្លះនៃសហរដ្ឋអាម៉េរិក។

ប៉ុន្តែជាថ្មីម្តងទៀត នាងវីលឡាហ្គោម៉េសបានដឹងថាមិត្តរួមការងារច្រណែននឹងសម្រស់របស់នាង ព្រោះភ្ញៀវដែលចូលហាងតែងសុំឱ្យនាងជួយ ដោយរឹតនាំឱ្យមានក្តីច្រណែនក្នុងចំណោមមិត្តរួមការងារ។

នាងនិយាយថា “ខ្ញុំថែមទាំងត្រូវទៅធ្វើការដោយមិនតុបតែងមុខមាត់ និងស្លៀកពាក់យ៉ាប់ៗដើម្បីកុំឱ្យទាក់ទាញពេក ប៉ុន្តែការស្លៀកពាក់ដូច្នេះបែរជារឹតទាក់ទាញអតិថិជនជាងមុន ព្រោះពួកគេចូលចិត្តដូច្នេះ”។

ទីបំផុតនាងបានប្តូរទៅធ្វើការនៅហាងលក់កញ្ឆាផ្សេងទៀត កន្លែងដែលអ្វីៗរឹតតែយ៉ាប់ជាងមុន ព្រោះប្រពន្ធម្ចាស់ហាងស្អប់ខ្ញុំខ្លាំងមែនទែននៅទីនោះ។

នាងវីលឡាហ្គោម៉េសបកស្រាយថា “ប្រពន្ធគាត់ស្អប់ខ្ញុំព្រោះប្តីគាត់រួសរាយដាក់ខ្ញុំពេក និងថែមទាំងឱ្យម៉ោងការងារបន្ថែមនិងលុយបន្ថែមដល់ខ្ញុំ។ ប្រពន្ធមេខ្ញុំឱ្យខ្ញុំធ្វើកិច្ចការសព្វបែបយ៉ាងដែលខ្ញុំមិនមានបន្ទុកត្រូវធ្វើសោះ និងនិយាយមករកខ្ញុំធ្វើមើលតែខ្ញុំជាមនុស្សឆ្កួត។ ជួនកាលមេស្រីថែមទាំងបែកកញ្ឆា ហើយថៅកែយល់ថាខ្ញុំជាអ្នកធ្វើឱ្យប្រពន្ធគាត់ទៅជាបែបនោះ។ ខ្ញុំបានឈានដល់ចំណុចមួយ ដែលប្រពន្ធមេទាញក្បាលទៅដាក់នៅចំពោះមុខមេប្រុសរួចសួរថា “យកខ្ញុំឬយកនាង” ដូច្នេះគាត់បានសម្រេចចិត្តឱ្យខ្ញុំចាកចេញពីការងារ”។

អរគុណណាស់ដែលសំណាងបានរត់មករកម្តាយវ័យក្មេងរូបនេះ នៅពេលនាងបានចុះកុងត្រាជាមួយជាងថតរូបម្នាក់ ដែលសន្យាថានាងនឹងរកលុយបានច្រើនជាមួយរាងសិចស៊ីនិងសម្រស់ឆើតឆាយរបស់នាង។

នាងនិយាយថា “ខ្ញុំខ្លាចខ្លាំងណាស់ប៉ុន្តែមានបំណងសាកល្បង ព្រោះនៅគ្រានោះ ខ្ញុំគ្មានការងារធ្វើ និងត្រូវបង់ថ្លៃផ្ទះនិងទឹកភ្លើង។ ដូច្នេះខ្ញុំបានចាប់ផ្តើមបើកគណនី Snapchat ដែលបង់ប្រាក់ ហើយវាដំណើរការយ៉ាងរលូន។ ខ្ញុំរកប្រាក់បាន ២០.០០០ ដុល្លារក្នុងមួយយប់។ បន្ទាប់មកជាងថតរូបបានស្នើឱ្យខ្ញុំចាប់ផ្តើមដំណើរការសេវាកម្ម OnlyFans ដូច្នេះខ្ញុំក៏ធ្វើតាម ហើយជីវិតខ្ញុំបានផ្លាស់ប្តូរទាំងស្រុង ព្រោះឥឡូវខ្ញុំជាថៅកែខ្លួនឯងនិងកំណត់ក្បួនច្បាប់ដោយខ្លួនឯង”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម