បរិយាយ​លេខ​នេះ​៖ សូម​ប្រឆាំង​គ្រឿងញៀនឲ្យ​ដូច​ការប្រយុទ្ធ ប្រឆាំង​កូ​វីដ​១៩ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​

358
ចែករម្លែក

​កាលពី​ម៉ោង ១១​ព្រឹក ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ កងកម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ក្នុង​រាជធានី​ភ្នំពេញ​បាន​បើកប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែងចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ចំណុច​បឹងកក់​ មុខក្រសួងការពារជាតិ​។​

​ក្នុង​ប្រតិបត្តិការ​នោះ កងកម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជា​ជនសង្ស័យ អាយុ​៤៩​ឆ្នាំ​។ វត្ថុតាងដែល​ដកហូត រួមមាន​៖ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ១​កញ្ចប់​ធំ (​មួយកញ្ចប់​ធំ​)​។ បំពង់​ជ័រ ពណ៌​ទឹកក្រូច សម្រាប់​ចូក​គ្រឿងញៀន​មួយ​។ កូន​ថង់​ប្លា​ស្ទិ​ក​សម្រាប់ច្រក​គ្រឿងញៀន​មួយចំនួន​។ លុយ​ខ្មែរ​ចំនួន ៤​ម៉ឺន​រៀល (​បួន​ម៉ឺន​រៀល​)​។​

​ក្រោយ​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​នេះហើយ កងកម្លាំង​ជំនាញ បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​។​
​ ​
​នៅ​ចំណុច​ផ្លូវ​រថភ្លើង ប្លុក​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញ ជា​តំបន់​ចែកចាយ​គ្រឿងញៀន​ដែល​ល្បីល្បាញ​យូរ​មកហើយ​។ ក្មេងៗ​ប្រុសៗឈរ​លក់​គ្រឿងញៀន​ទាំង​ថ្ងៃ ទាំងយប់ ដូច​លក់​ស្ករ​គ្រាប់​។ ដូច្នេះហើយ បាន​ជាមាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ថា បើ​អាច​វាយ​បំបែកចំណុច​ផ្លូវ​រថភ្លើង ដូច​មុខ​ពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌ​សែន​សុខ ពិតជា​ប្រសើរ​ណាស់​។​
​ ​
​គេ​នៅ​ចាំបាន​ថា ក្នុងអំឡុងពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន ខុសច្បាប់ លើក​ទី​១ រយៈពេល ៦​ខែ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូត​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ទាំង​នគរបាល​ខណ្ឌ ប៉ុស្តិ៍ កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំងសណ្តាប់ធ្នាប់​សាលាខណ្ឌ​សែន​សុខ បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន ដូច​ភ្លៀងរលឹម និង​បោសសម្អាត​បទល្មើស​គ្រឿងញៀន នៅ​តំបន់​ត្រពាំង​ឈូក មុខ​ពេទ្យ​លោកសង្ឃ​។​

​ទីបំផុត​ទៅ បញ្ហា​គ្រឿងញៀន នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក បាន​លុបបំបាត់ ហើយ​អាជ្ញាធរ​សមត្ថកិច្ច តម្រូវ​ឲ្យ​រុះរើ​ផ្ទះ និង​បន្ទប់​ជួលចំនួន ៥៣ ខ្នង ដែលជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ជាពិសេសគឺ​បទល្មើស​គ្រឿងញៀន​។​

​ក្នុងអំឡុង​ពេលដែល​យើង កំពុង​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ រួមទាំង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នាពេលនេះ យើង​ហាក់​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ តែ​ក៏​អាជ្ញាធរ​សមត្ថកិច្ច​យើង​មិនបានបន្ធូរដៃ​ឡើយ​។​

​ដូច្នេះ​សូម​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​យើង​បន្ថែម​ការយកចិត្តទុកដាក់​លើ​ការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ពិសេស​វាយ​បំបែកចំណុច​ផ្លូវ​រថភ្លើង ឲ្យ​ទទួលជោគជ័យ ដូច​បង្ក្រាប​គ្រឿងញៀននៅ​តំបន់​ត្រពាំង​ឈូក នៅមុខ​ពេទ្យ​លោកសង្ឃ កាលពីដើមឆ្នាំ​២០១៧​។

​មហាជន​ជឿជាក់ថា កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​យើង នឹងធ្វើ​បាន ប្រសិនបើ​ប្រតិបត្តិ ការ​នោះ ធ្វើ​រួមគ្នា ដូច​ភ្លៀងរលឹម ដោយមាន​ការចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​ផង ដូចនឹង​យុទ្ធនាការប្រឆាំង​កូ​វីដ​១៩ និង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ក៏ដូចជា​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន នៅ​តំបន់​ត្រពាំង​ឈូក នៅមុខ​ពេទ្យ​លោកសង្ឃ​កន្លងមក​៕ ដោយ​៖ ម៉េង​ឆៃ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម