អង្គការ CMH ៖ ដើម្បីបង្ការ​កូ​វីដ ១៩ កម្ពុជា គួរ​ផ្អាក​ផ្សាយ និងលក់​គ្រឿង​ស្រវឹង​មួយរយៈ​សិន

180
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា ហៅ​កាត់​ថា CMH យល់ឃើញថា “ ដើម្បី រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍ ដែល​កើតឡើង​ដោយ​ការសេព​គ្រឿង​ស្រវឹង​ជុំគ្នា រាជរដ្ឋាភិបាល​គួរ​ចេញ​បទបញ្ជា ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​ទម្រង់ និងហាម​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​មួយរយៈ​សិន ព្រោះ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង ភាព​ងាយ​រកបាន​នៃ​គ្រឿង​ស្រវឹង ជំរុញឱ្យមាន​ការប្រើប្រាស់​គ្រឿង​ស្រវឹង​កើនឡើង “ ។​


​អង្គការ CMH បន្ថែមថា ការសេព​គ្រឿង​ស្រវឹង​ជុំគ្នា ជា​កត្តា​ប្រឈម​ខ្ពស់ នៃ ការឆ្លង​ជំងឺ​កូ​វី ១៩ ហើយ​កត្តា​ប្រឈម​ទាំងនោះ​មានដូចជា មិនបាន​លាងដៃ​ជាមួយ​អាល់កុល ឬ​សាប៊ូ មិនបាន​ពាក់​ម៉ាស់ មិនបាន​រក្សា​គម្លាត​ក្នុងអំឡុងពេល​សេព​គ្រឿង​ស្រវឹង​ជាដើម ។ លើសពីនេះ ក្នុងអំឡុងពេល​សេព​គ្រឿង​ស្រវឹង ភាពស្និទ្ធស្នាល ការស្វាគមន៍ ដូចជា​ចាប់ដៃ ប្រកៀក​ប្រកិត​គ្នា ឬ ឱប​គ្នា ជល់​កែវ​ជាមួយគ្នា និងហូប​គ្រឿងក្លែម​ជុំគ្នា​ជាដើម គឺ​សុទ្ធតែជា​កត្តា​ប្រឈម​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ព្រោះ​យើង​មិនអាច​ដឹងថា​នរណា​មាន​ផ្ទុក​វីរុស​នេះ​ទេ ។​


​លើសពីនេះ​ទៀត អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ថា “ ការសេព​គ្រឿង​ស្រវឹង​នឹងធ្វើ​ឱ្យ​ចុះខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ និងកាត់បន្ថយ​សមត្ថភាព​ទប់ទល​នឹង​ជំងឺឆ្លង​ជាច្រើន “ ។


​អង្គការ CMH បន្តថា បើ​យើង​ក្រឡេកមើល​ស្ថានភាព​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ភាគច្រើន​ចាប់ផ្ដើម​ប្រមូល​ផ្ដុំគ្នា​ផឹកស៊ី​ច្រៀង​សប្បាយ​ជា​ហូរហែ ដែល​ឥរិយាបទ​ទាំងនេះ​ប្រាសចាក​ទៅនឹង​សេចក្ដីណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល​ទាំងស្រុង ។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក៏ដូចជា​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា តែងតែបាន​ក្រើនរំឭក​ដដែល​ជា​ដដែល​ថា ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅកម្ពុជា ស្ថិតនៅ​ដំណាក់កាល​ភ្លើងស្ដុប​ពណ៌​លឿង​នៅឡើយ​ទេ ហេតុនេះ​សូម​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​មែនទែន ប្រយ័ត្ន​ប៉ះពាល់​ជាមួយ​វីរុស​កូ​វីដ ១៩ ធ្វើឱ្យ​សោកា​សុខភាព​របស់​អ្នក ។​


​គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ម៉ោង ៩ និង ០០ នាទី ព្រឹក​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ពិភពលោកមិនទាន់មាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅឡើយ​ទេ ហើយ​ចំនួន​អ្នក​ស្លាប់មាន ២៩២.៨១៦ នាក់ អ្នក​ឆ្លង​សរុប ៤.៣៤០.០៥៨ នាក់ និង​ជាសះស្បើយ ១.៦០២.១៥៥ នាក់ ៕ Kh/Ha

ទំនាក់ទំនងរវាងវីរុសកូវីដ១៩ និងគ្រឿងស្រវឹង

ទំនាក់ទំនងរវាងវីរុសកូវីដ១៩ និងគ្រឿងស្រវឹង

Posted by រស្មី TV on Tuesday, May 12, 2020

ទីតាំងផ្សាយពាណិជ្ជកម្ម