សារព័ត៌មាន​ចិន​ប្រាប់​អាម៉េរិក​ថា ការ​គំរាម​មិន​មាន​ប្រសិទ្ធភាព​លើ​ចិន​ទេ​

214
ចែករម្លែក

​អ្នក​ផ្សាយ​ទូរទស្សន៍​រដ្ឋ​ចិន​បាន​ចោទប្រកាន់​ពួក​អ្នកនយោបាយ​អាម៉េរិក​ថា​មួលបង្កាច់​និង​បាន​វាយប្រហារ​រិះគន់​ចិន​ប៉េកាំង​«​យ៉ាង​ឆ្លួត​លី​លា​»​អំពី​ជំងឺ​កូវី​ដ​១៩​ហើយ​វា​កាន់តែ​បង្កើន​អណ្តាតភ្លើង​នៃ​​អារម្មណ៍​ប្រឆាំង​អាម៉េរិក​តែប៉ុណ្ណោះ​។​

​បទ​អត្ថាធិប្បាយ​ថ្មី​ចេញពី​ស្ថានីយទូរទស្សន៍​CCTV​ទាមទារ​អោយ​ពួក​អ្នកនយោបាយ​អាម៉េរិក​បោះបង់ចោល​«​គំនិត​សង្គ្រាមត្រជាក់​»​របស់គេ និង​ថា «​ការ​សម្លុត​គំរាម​មិន​មាន​ប្រសិទ្ធភាព​ទេ​ជាមួយ​​ប្រជាជន​ចិន​»​។​

​អ្នក​ផ្សាយ​ទូរទស្សន៍​ចិន​CCTV ទាមទារ​អោយ​ពួក​អ្នកនយោបាយ​អាម៉េរិក​បោះបង់​ចោល​គំនិត​សង្គ្រាមត្រជាក់​

​ភាព​តានតឹង​នយោបាយ​រវាង​ចិន​និង​អាម៉េរិក​បាន​ផ្ទុះឡើង​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ នៅ​ពេល​ប្រទេស​មហាអំណាច​ទាំងពីរ ថ្កោលទោស​គ្នា​អំពី​ការដោះស្រាយ​ចំពោះ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​អាម៉េរិក​ចោទប្រកាន់​ចិន​ថា​បិទបាំង​ការផ្ទុះ​ជំងឺឆ្លង​នៅ​ដំណាក់កាល​ដំបូង និង​លាក់បាំង​ប្រភព​វីរុស​កូរ៉ូណា តែ​ចិន​ចោទ​អាម៉េរិក​ថា​ប្រើ​យុទ្ធនាការ​មួលបង្កាច់​និង​គេចវេស​ការទទួលខុសត្រូវ​ចំពោះ​ការ​​ដោះស្រាយ​អន់​របស់ខ្លួន​នៅក្នុង​ការ​ទប់​ស្តាត់​វីរុស​កូរ៉ូណា​ថ្មី ហើយ​អ្នកនាំពាក្យ​ចិន​ម្នាក់​ថែមទាំង​បាន​និយាយថា «​ទាហាន​អាម៉េរិក​អាច​នាំ​វីរុស​នេះ​មក​កាន់​ទី​ក្តុង​វូ​ហាន ប្រទេស​ចិន​»​។​

​វា​ក៏​ចោទប្រកាន់​ពួក​អ្នកនយោបាយ​អាម៉េរិក​ថា​ធ្វើអោយ​រស់​ឡើង​វិញ​គំនិត​ម៉ាក់​ខា​ធី​និយម បង្កើត​ភាព​តានតឹង​ប្រឆាំង​ចិន​និង​បំភ្លៃ​ការយល់ដឹង​អំពី​ចិន​នៅក្នុង​សង្គម​អាម៉េរិក​។​វា​បាន​ចាប់ផ្តើម​​ជាមួយនឹង​សម្រង់​សម្តី​លោក​ម៉ាក់ បូ​គូស អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​ចិន ដែល​បាន​ប្រដូច​រដ្ឋការ​ត្រាំ​ទៅនឹង សម័យ​លោក ម៉ាក់​ខា​ធី​(McCarthy )​ដោយសារ​តែ​វោហា​ស័ព្ទ​ប្រឆាំង​ចិន​របស់គេ​។​

​អ្នក​ធ្វើ​អត្ថាធិប្បាយ​ចិន​បាន​អាន​ថា «​ដើម្បី​អោយ​រួច​ទោស​ពី​ការងារ​ធ្វេសប្រហែស​របស់គេ​នៅក្នុង​ការបង្ក្រាប​ជំងឺឆ្លង​នេះ ពួក​អ្នកនយោបាយ​អាម៉េរិក​មួយចំនួន​ដែល​នៅ​មាន​គំនិត​សង្គ្រាមត្រជាក់ ​ប្រើ​ចិន​ជា​គោលដៅ​ជាថ្មី ដោយ​ធ្វើ​ការវាយប្រហារ និង​មួលបង្កាច់​ចិន​ទាំង​ល្ងីល្ងើ​…​។​ពួកគេ​កំពុង​ប្រើប្រាស់​កម្លាំង​ពលំ​របស់គេ​ទាំងអស់​ដើម្បី​ទាញ​អាម៉េរិក​ចូល​ក្នុង​គ្រោះមហន្តរាយ​អោយ​កាន់តែ​ធំ​ឡើង​»​។​

​អ្នក​ធ្វើ​អត្ថាធិប្បាយ​បាន​បន្ថែមថា ចិន​និង​អាម៉េរិក​គួរ​ធ្វើជា​”​សម​មិត្ត​” ជំនួស​អោយ​ការ​យក​គ្នា​ជា​សត្រូវ​នៅក្នុង​សមរភូមិ​ប្រឆាំង​ជំងឺឆ្លង​។​

​បទ​អត្ថាធិប្បាយ​នេះ​ជា​ការឆ្លើយតប​ចុង​ក្រោយ​មួយ​ក្នុងចំណោម​ការឆ្លើយតប​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាលចិន ទៅកាន់​រដ្ឋាភិបាល​អាម៉េរិក​។​កាលពី​ថ្ងៃ​សៅរ៍ ក្រសួងការបរទេស​ចិន​បានចេញ​​ការបដិសេធ​ដ៏​វែង ក្នុង​ការឆ្លើយតប​នឹង​អ្វី​ដែល​ខ្លួន​ហៅថា «​ការ​ភូតកុហក​២៤»​ដោយ​អ្នកនយោបាយ​អាម៉េរិក​អំពី​ការដោះស្រាយ​វិបត្តិ​ជំងឺឆ្លង​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម