សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨

    1434
    ចែករម្លែក

    ដោយ : ​វិបុល​/​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ដែល​កើតឡើង​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ នេះ​មាន​ដូចតទៅ ៖

    * សម្តេច​តេ​ជោ​ហ៊ុនសែន​ថ្លែង​ចំណុច​គន្លឹះ​សំខាន់ៗ​ចំនួន​៥ នៅក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី​៦
    ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា​នេះ មេដឹកនាំ​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ​(GMS) រួមមាន កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ារ ថៃ និង វៀតណាម បាន​ជួបជុំគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី​៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស GMS ក្រោម​ប្រធានបទ​ការធ្វើ​អា​នុ​ភាវូបនីយកម្ម​កិច្ចសហប្រតិបត្តិការ​រ​យះ​ពេល​២៥​ឆ្នាំ ដើម្បី​មហា​អនុតំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​៕

    *​នាយករដ្ឋមន្ត្រី​ស្តីទី​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​ប៉ុនប៉ង ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​សង្គ្រាម​-​ភាពចលាចល​
    ​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​រួមគ្នា​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​ច្បាប់ ចំពោះ​សកម្មភាព​នានា ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ធ្លាក់​ទៅក្នុង​ស្ថានភាព សង្គ្រាម ភាពចលាចល បង្ក​ភាពវឹកវរ និង​បាតុភាព​អសកម្ម​មួយចំនួនទៀត​នៅក្នុង​សង្គម​។ ការបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​តំណែង​របស់លោក​អ៊ូច ភា ជា​អភិបាល​ខេត្តតាកែវ​ថ្មី ជំនួស​លោក​ឡាយ វណ្ណៈ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តតាកែវ​៕

    *​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សម្ពោធ​ខុន​ដូរ​តម្លៃ​ជាង​៥០​លាន​ដុល្លារ​
    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​មានប្រសាសន៍ថា “​ប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ល្អ​ដូចជា​សម្បូរ​ធនធាន​រ៉ែ ប្រជាសាស្ត្រ​វ័យក្មេង គោលនយោបាយ​វិនិយោគទុន​បើកចំហរ ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ ជាដើម ដែលជា​ហេតុ​ធ្វើ​ឲ្យ​អត្រាកំណើន GDP មាន​សន្ទុះ 7% ក្នុង​មួយឆ្នាំ ដែល​នេះ​បង្ហាញថា ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​រីកចម្រើន​លឿន​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​។ យើង​សូម​លើកទឹកចិត្ត​វិនិយោគិន​បរទេស ឬ​ក្រុមហ៊ុន​វិនិយោគ មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​អោយបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត​។ ជាពិសេស សូម​ស្វាគមន៍​ក្រុមហ៊ុន​បរទេស​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ដូចជា​សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង ដែល​បាន​បោះ​ជំ​ហ៊ាន​ចូលរួម​រីកចម្រើន​ជាមួយ​ប្រទេស​កម្ពុជា​”​។ ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ការលក់​ខុន​ដូរ​គម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ចុងក្រោយ​របស់​សហ​ព័​ន្ឋ JU SHI នៃ ទីក្រុង ហុងកុង “Picasso City Garden” នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​៕

    *​រដ្ឋបាល​ក្រុងព្រះសីហនុ​ផ្អាក តែ​ម្ចាស់​សំណង់​ខុសច្បាប់​នៅតែ​បន្ត ដោយ​អាង​ថ្នាក់​ខេត្ត​
    ​សាលាក្រុង​ព្រះសីហនុ បានធ្វើ​កំណត់ហេតុ​ផ្អាក​ការដ្ឋាន​សំណង់​មួយកន្លែង នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ជា​បណ្តោះអាសន្ន ដោយសារតែ​បាន​វាយរបង​ចាស់​ចោល រួច​សង់​របង​ថ្មី ហើយ​កាយ​ដី​ចូល​ព្រំ​របស់​ភាគី​ម្ខាង​ទៀត​ជិត​មួយ​ម៉ែត្រ និង​ពុំទាន់​មានច្បាប់​អនុញ្ញាត​នៅឡើយ​ទេ ដោយ​រង់ចាំ​ការដោះស្រាយ​នៅ​ថ្ងៃទី​៤ ខែមេសា ខាងមុខនេះ​។ ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃទី​៣១ ខែមីនា នេះ ការដ្ឋាន​សំណង់​នេះ នៅតែ​បន្ត​សាងសង់​ដដែល ដោយ​សំអាង​លើ​ថ្នាក់​ខេត្ត​អនុញ្ញាត​៕

    *​ជន​ពាក់ព័ន្ធ​សម្លាប់​នារី​នៅ​តាកែវ​៥​នាក់​ត្រូវបាន​បញ្ចូនទៅ​តុលាការ​ក្នុងនោះ​មាន​ស្នងការរង​នគរបាល​តាកែវ​ម្នាក់​
    ​នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា នេះ ជនសង្ស័យ ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​មេម៉ាយ​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ស​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​៕

    ទីតាំងផ្សាយពាណិជ្ជកម្ម