មន្រ្តីសាធារណការ កំពុងសម្រុកជួស ជុលផ្លូវដែលរងការខូចខាតនៅច្រកទ្វារព្រំដែនចាំយាម

148
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ មន្រ្តី និងកម្មករជំនាញនៃមន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តកោះកុង កំពុងសម្រុកយ៉ាងខ្លាំងទៅសកម្មភាពជួលជុលកែលម្អស្តារឡើងវិញនូវផ្លូវបេតុងដែលសភាពចាស់ទ្រុឌទ្រោមខូចខាតមាត់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា។

ជាការរង់ចាំយូរមកហើយ ឥឡូវបានដូចបំណងហើយនូវការអនុវត្តជួលជុលផ្លូវបេតុងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គ្រាបច្ចុប្បន្នរងការខូចខាតយ៉ាងធ្ងន់ធ្ងរលំបាកធ្វើដំណើរ និងដឹកជញ្ចូនទំនិញពាណិជ្ជកម្មឆ្លងប្រទេសកម្ពុជា និងប្រទេសថៃ។

ប្រាប់រស្មីកម្ពុជា លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះ កុង បាននិយាយនៅថ្ងៃទី១៣ ឧសភា ថា ការដ្ឋានដែលមន្រ្តីរបស់លោក កំពុងជួលជុលផ្លូវនៅមាត់ច្រកព្រំដែនចាំយាមនេះ គឺស្ថិតនៅក្នុងគម្រោងអនុវត្តជួសជុសថែទាំឆ្នាំ២០១៩ កន្លងទៅ របស់រដ្ឋបាលខេត្ត ដែលមន្ទីរជាអ្នកទទួលបន្ទុកធ្វើដោយផ្តើមចាប់ពីគល់ស្ពានកោះកុងរហូតដល់ច្រកទ្វារព្រំដែន ប្រវែងជាង៨គីឡូម៉ែត្រ។

លោក អន ដាវុធ លើកឡើបន្ថែមថា កន្លងទៅ ព្រោះតែថវិការដ្ឋមានកំណត់ និងរដូវវស្សាផងនោះ ដំណើរការជួលជូលកែលម្អមួយខ្សែខាងលើត្រូវអនុវត្តជាជំហានៗ ហើយឥឡូវសម្រេចបានជាង៨០ភាគរយ នៅសលតែ២០ភាគរយទៀតប៉ុណ្ណោះ នឹងបញ្ចប់ជាស្ថាពរ។

បើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ប្តេជ្ញាចិត្តថា កំណាត់ផ្លូវបេតុងតំបន់ច្រកព្រំដែនចាំយាម ផ្តើមជួលជុលជម្រៅបេតុងថ្មី២តឹកកន្លង នឹងបញ្ចប់នៅចុងខែឧសភា ឬដើមខែមិថុនា ខាងមុខ មុនរដូវភ្លៀងចូលមកដល់។ ហើយនឹងបន្តអនុវត្តគម្រោងជួលជុលថែទាំសម្រាប់ឆ្នាំ២០២០ថែមទៀត ព្រោះស្ថានភាពផ្លូវខាងលើនេះ ខូចខាតច្រើនលំបាកធ្វើដំណើរទៅមក។ ដូច្នេះលោកខិតខំយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីងាយធ្វើដំណើរដោយសុវត្ថិភាពល្អ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ចំណែកឯ លោក អ៊ឹង សុភា និងអ្នកស្រី ស្រីពេជ្រ ជាក្រុមអាជីវករលក់ដូរ និងអ្នកដឹកទំនិញតាមព្រំដែនចាំយាម ពេញចិត្តចំពោះការសកម្មភាពជួសជុលកែលម្អផ្លូវបេតុងដែលខូចខាតចាស់ទ្រុឌទ្រោមនេះឡើងវិញ គ្រាកន្លងទៅ សភាពនៃផ្លូវមានជង្ហុកជ្រៅ និងហ៊ុយធូលីដី ធ្វើឱ្យគ្រោះថ្នាក់ ព្រមទាំងប៉ះពាល់សុខភាពសណ្តាប់ធ្នាប់សាធារណៈ និងកតិ្តយសមុខមាត់ខេត្តប្រទេស។

ក្រុមអាជីវករ រំពឹងថា នៅពេលក្រុមការងារជំនាញ កែលម្អផ្លូវបេតុងថ្មីស្អាតនេះរួចរាល់ ចរន្តចំនួនភ្ញៀវទេសចរកាន់កើនមិនកកស្ទះដូចមុន ហើយការដឹកជញ្ចូនទំនិញពាណិជ្ជកម្មក៏បានលឿនរហ័សទាន់ពេលវេលា។ ទោះបីជាពេលនេះ ជាដំណាក់កាលជួសជុលពិបាកធ្វើដំណើរក្នុងរយៈពេលខ្ចីក៏ពិតមែន តែសប្បាយចិត្តទុកនឹងទទួលបានផ្លូវបេតុងល្អ។

ពលរដ្ឋក៏ស្នើដល់អាជ្ញាធរ និងមន្ទីរជំនាញ ដាក់ស្លាកចរាចរណ៍សម្គាល់ពីការដ្ឋានផង កន្លងទៅមានពលរដ្ឋមួយចំនួនជួបគ្រោះថ្នាក់តែពុំមានស្លាកសញ្ញាពេលយប់ជ្រៅ ខ្លះស្រវឹងស្រាជិះម៉ូតូដួលក៏មានដែរ។

រាប់ចាប់តាំងពីឆ្នាំ២០១៨ មកទល់ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង អនុវត្តកែលម្អជួសជុលថែទាំងផ្លូវបេតុងពីគល់ស្ពានកោះកុងមកក្បែរតំបន់ព្រំដែនចាំយាម សម្រេចជាង២ម៉ឺនម៉ែត្រការ៉េ។ ក្រោយពីស្ពានកោះកុង ត្រូវបានរដ្ឋាភិបាលទិញពីក្រុមហ៊ុនLYP Groupរបស់ឧកញ៉ា លី យ៉ុងផាត់ មកជាសម្បត្តិរដ្ឋ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឥតគិតថ្លៃអ្វីទាំងអស់។

កាលពីនោះ រាល់ធ្វើដំណើរឆ្លងទៅមកលើស្ពានកោះកុងពីក្រុងខេមរភូមិន្ទទៅស្រុកមណ្ឌលសីមា ក្រុមហ៊ុនកំណត់ឱ្យម្ចាស់យានបង់ថវិកាទៅប្រភេទយានជំនិះនីមួយៗ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម