អភិបាលរាជធានី៖អភិបាលខណ្ឌទាំង១៤ត្រូវបន្តការផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ-១៩បើទោះបីនៅកម្ពុជាមិនមានការរីករាលដាលបន្តទៀតក៏ដោយ

156
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវតែបន្តការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យបានខ្លាំងក្លាបន្តទៀត បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជាមកដល់ពេលនេះ មិនមានការរីករាលដាលនៃការឆ្លងបន្តពីជំងឺនេះ ហើយអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ទាំងជាង១០០នាក់ ក៏បានជាសះស្បើយ នៅសល់តែម្នាក់ក៏ដោយ។

ការងារណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ ក្នុងឪកាសទទួលសម្ភារៈការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ពីអង្គការការីតាសកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះបានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមកនេះ។

លោកបន្តថា មកដល់ពេលនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អ្នកដែលឆ្លងនូវជំងឺ កូវីដ-១៩បានជាសះស្បើយអស់ហើយ គឺនៅសល់តែម្នាក់គត់ ហើយក៏គ្មាននរណាម្នាក់បានស្លាប់ដោយជំងឺ កូវីដ-១៩នេះដែរ ។ ក្នុងស្ថានភាពបែបនេះ ឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់ដូចជា បាត់បង់នូវភាពភ័យខ្លាចចំពោះការឆ្លងរាលដាលនៃជម្ងឺ កូវីដ-១៩នេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធរ ដែលជាម៉ែ ជាឪប្រជាពលរដ្ឋ យើងនៅតែបន្តការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត ជុំវិញការបង្ការទប់ស្កាត់នូវជំងឺ កូវីដ-១៩នេះ ។ ដូច្នេះទេក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ត្រូវតែបន្តការផ្សព្វផ្សាយអំពីការទប់ស្កាតការបង្ការនៃជំងឺកូវីដ-១៩ ទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមទីផ្សារទាំងរដ្ឋនិងឯកជន ដើម្បីបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល ។បើទោះបីនៅពេលនេះ យើងឃើញថា ជម្ងឺកូវីដ-១៩នេះមិនមានការរីករាលដាលបន្តទៀតក៏ដោយ។

គួរបញ្ជាក់ថា សំរាប់ព្រឹកថ្ងៃទី១៣ខែឧសភានេះអង្គការការីតាសកម្ពុជាបានផ្ដល់នូវសម្ភារៈមួយចំនួនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការការពារនិងប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាជម្ងឺកូវីដ-១៩ ដែល ក្នុងនោះសម្ភារៈដែលត្រូវទទួលជូនរួមមាន ៖ សាប៊ូចំនួន៧០០០ដុំ ម៉ាស់ចំនួន ៧០០ ប្រអប់ អាកុលចំនួន១៤០០លីត្រ ប័ណ្ណផ្សព្វផ្សាយចំនួន៥៦០០សន្លឹក ដើម្បីចែកជូនបន្តទៅរដ្ឋបាលខណ្ឌទាំង១៤ ដែលក្នុង១ខណ្ឌៗទទួលបានសាប៊ូចំនួន ៥០០ដុំ ម៉ាកចំនួន៥០ ប្រអប់ អាកុលចំនួន១០០លីត្រនិងប័ណ្ណផ្សព្វផ្សាយចំនួន៤០០សន្លឹក៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម