អ្នកចំបាប់ស៊ូម៉ូវ័យក្មេងរបស់ជប៉ុនស្លាប់ដោយសារកូវីដ១៩

219
ចែករម្លែក

សមាគមស៊ូម៉ូជាតិនិយាយថា អ្នកចំបាប់ស៊ូម៉ូវ័យ២៨ឆ្នាំម្នាក់បានស្លាប់នៅជប៉ុននៅថ្ងៃពុធទី១៣ឧសភា ក្រោយឆ្លងកូវីដ១៩ និង ទទួលរងការខូចសរីរាង្គជាច្រើន ដោយក្លាយជាករណីស្លាប់ទីមួយនៅក្នុងកីឡាប្រពៃណីរបស់ជប៉ុន។

សូប៊ូស៊ី អ្នកចំបាប់លំដាប់ទាបនៅក្លិប Takadagawa ក្នុងទីក្រុងតូក្យូបានស្លាប់កាលពីព្រឹកថ្ងៃពុធ ក្រោយតស៊ូនឹងជំងឺនេះជាងមួយខែ។

សមាគមស៊ូម៉ូនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាកររូបនេះបានវិវត្តអាការៈគ្រុនក្តៅអំឡុងថ្ងៃទី៤-៥មេសាប៉ុន្តែមិនអាចទាក់ទងទៅការិយាល័យសុខាភិបាលមូលដ្ឋានបានទេ ដោយសារខ្សែទូរស័ព្ទមមាញឹកឥតឈប់ឈរ។

សមាគមបានបន្ថែមថា ក្រោយមកគាត់ត្រូវបានបដិសេធដោយមន្ទីរពេទ្យជាច្រើន មុនពេលចុងបញ្ចប់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យក្រុងតូក្យូនៅល្ងាចថ្ងៃទី៨មេសា ក្រោយគាត់ចាប់ផ្តើមក្អកចេញឈាម។

ការធ្វើតេស្តគ្រាដំបូងបង្ហាញថាគាត់អវិជ្ជមានកូវីដ១៩ ប៉ុន្តែក្រោយមកក៏តេស្តវិជ្ជមាននៅថ្ងៃទី១០មេសា ក្រោយផ្ទេរទៅមន្ទីរពេទ្យមួយទៀត កន្លែងដែលគាត់ត្រូវគេដាក់នៅបន្ទប់សង្គ្រោះបន្ទាន់តាំងពីថ្ងៃទី១៩មេសា។

ប្រធានសមាគមស៊ូម៉ូ លោកហាក់កាគូ និយាយថា ដំណឹងនេះពិតជារន្ធត់ពេកក្រៃ។

លោកហាក់កាគូនិយាយថា “យើងគ្មានពាក្យអ្វីនឹងថ្លែងទេ នៅពេលយើងគិតអំពីការខូចចិត្តរបស់គ្រួសារគាត់។ វាច្បាស់ជាមានការឈឺចាប់ខ្លាំងណាស់ដែលត្រូវតស៊ូនឹងជំងឺនេះជាងមួយខែ ប៉ុន្តែក្នុងនាមជាអ្នកចំបាប់ស៊ូម៉ូម្នាក់ គាត់បានខិតខំតស៊ូនិងប្រយុទ្ធដល់ទីបញ្ចប់”៕ ដោយ៖ កញ្ញាដាលីស

សូប៊ូស៊ី ស្លាប់ដោយសារកូវីដ១៩នៅថ្ងៃពុធនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម