ប៊ីល ហ្គេតសារភាពអំពីការសោកស្តាយធំបំផុតរបស់គាត់ជុំវិញជំងឺកូវីដ១៩

181
ចែករម្លែក

សហស្ថាបនិកក្រុមហ៊ុន MICROSOFT លោកប៊ីល ហ្គេតបានសម្តែងនូវការសោកស្តាយធំបំផុតរបស់លោកចំពោះកង្វះសកម្មភាពរបស់លោកក្នុងការចូលរួមទប់ស្កាត់វិបត្តិជំងឺកូវីដ១៩។

មហាសេដ្ឋីរូបនេះបានប្រាប់កាសែត Wall Street Journal ថាគាត់មានអារម្មណ៍ថា “សោកស្តាយខ្លាំងណាស់” ដែលគាត់មិនបានព្រមានអំពីគ្រោះថ្នាក់ឱ្យបានគ្រប់គ្រាន់ បើទោះបីជាមានការជជែកវែកញែកជាច្រើនឆ្នាំលើប្រធានបទស្តីពីជំងឺរាតត្បាតក៏ដោយ។ លោកហ្គេតបាននិយាយថា “ខ្ញុំបន់ឱ្យខ្ញុំបានប្រឹងប្រែងបន្ថែមដើម្បីអំពាវនាវឱ្យគេយកចិត្តទុកដាក់អំពីគ្រោះថ្នាក់។ ចំណុចទាំងមូលនៃការជជែកវែកញែកអំពីវាគឺថាយើងអាចចាត់វិធានការនិងកាត់បន្ថយការខូចខាតបានយ៉ាងច្រើន”។

លោក ប៊ីល ហ្គេត ក៏ជាសហប្រធានមូលនិធិ Bill & Melinda Gates ដែលជាអង្គការសប្បុរសធម៌ឯកជនធំបំផុតមួយនៅលើពិភពលោក។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal លោកហ្គេតនិយាយថា វិបត្តិជំងឺរាតត្បាតនាពេលបច្ចុប្បន្នគឺជា “រឿងគួរឱ្យភ្ញាក់ផ្អើលបំផុត” ដែលបានកើតឡើងនៅក្នុងជីវិតរបស់គាត់។

លោកបានបន្ថែមថាទឹកប្រាក់រាប់រយលានដុល្លារនឹងត្រូវវិនិយោគតាមរយៈអង្គការរបស់លោក លើការផ្គត់ផ្គង់ ការផ្តល់ជំនួយ និងការស្រាវជ្រាវជំងឺរាតត្បាតកូវីដ១៩។

លោកបាននិយាយថាលោកបានពណ៌នាពីកង្វល់របស់លោកទៅកាន់អ្នកនយោបាយអាម៉េរិកមួយចំនួនរួមទាំងប្រធានាធិបតីដូណាល់ត្រាំក្នុងពេលជួបគ្នានៅអគារ Trump Tower កាលពីខែធ្នូឆ្នាំ ២០១៦ ។

លោកហ្គេតនិយាយថា “ខ្ញុំបានជ្រើសរើសនិយាយអំពីហានិភ័យនៃជំងឺរាតត្បាត នៅពេលខ្ញុំបានទៅជួបជាមួយមនុស្សទាំងអស់រហូតដល់ថ្នាក់កំពូលនៅអឺរ៉ុបសហរដ្ឋអាម៉េរិកនិងនៅជុំវិញពិភពលោក”។

លោកហ្គេតបានសម្តែងការព្រួយបារម្ភរបស់គាត់ទាក់ទងនឹងជំងឺរាតត្បាតដែលអាចកើតមានអស់ជាច្រើនឆ្នាំនៅក្នុងការសន្ទនាទាំងសាធារណៈនិងឯកជន៕ ដោយ៖ កញ្ញាដាលីស

លោក ប៊ីល ហ្គេត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ