ពួកតាលីបង់និយាយថាត្រៀមខ្លួនរួចរាល់ដើម្បីវាយបកលើកងកម្លាំងអាហ្វហ្គានីស្ថាន ក្រោយការសម្លាប់រង្គាលដ៏សាហាវ

223
ចែករម្លែក

ក្រុមតាលីបង់បានព្រមានកាលពីថ្ងៃពុធទី១៣ឧសភាថាពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធវាយបកវិញ បន្ទាប់ពីកងកម្លាំងអាហ្វហ្គានីស្ថានត្រូវបានគេបញ្ជាឱ្យបន្តការប្រយុទ្ធជាថ្មីដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវជាបន្តបន្ទាប់ ដោយរឹតធ្វើឱ្យរង្គោះរង្គើដល់ដំណើរការសន្តិភាពដ៏ផុយស្រួយ។

ការវាយប្រហារទាំងកណ្តាលថ្ងៃទៅលើមន្ទីរពេទ្យសម្ភពមួយក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់រួមទាំងទារកនិងគិលានុបដ្ឋាយិកា និងបន្ទាប់មកមានការវាយប្រហារមួយទៀតនៅឯពិធីបុណ្យសពមួយនៅភាគខាងកើតប្រទេស ដែលបណ្តាលឱ្យអ្នកកាន់ទុក្ខ ២៤ នាក់ស្លាប់។

លោកប្រធានាធិបតី អាស្រាហ្វ ហ្គានី បានស្តីបន្ទោសការវាយប្រហារទាំងពីរទៅលើក្រុមតាលីបង់និងក្រុមរដ្ឋអ៊ីស្លាម ដោយបញ្ជាឱ្យកងទ័ពអាហ្វហ្គានីស្ថាន “វិលត្រឡប់ទៅរកឥរិយាបថវាយលុកវិញ និងចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងសត្រូវ”។

ប៉ុន្តែក្រុមតាលីបង់ដែលបដិសេធមិនពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃអង្គារបានព្រមានថាពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងរាល់ការវាយប្រហាររបស់កងកម្លាំងអាហ្វហ្គានីស្ថាន។

ពួកតាលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃពុធថា “ចាប់ពីពេលនេះតទៅការទទួលខុសត្រូវនៃការកើនឡើងនូវអំពើហិង្សាបន្ថែមទៀតនិងផលប៉ះពាល់របស់វានឹងត្រូវធ្លាក់នៅលើស្មារបស់រដ្ឋបាលក្រុងកាប៊ុល”។

ឥរិយាបថវាយលុកនេះបានបង្កើនមន្ទិលថ្មីៗអំពីជោគវាសនានៃដំណើរការសន្តិភាពដែលកំពុងមានភាពស្រពិចស្រពិល ខណៈអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងវិបត្តិសុខភាពសាធារណៈ។

លោកហ្គានីមុននេះបានប្តេជ្ញាថានឹងប្រតិកម្មតបវិញជាលក្ខណៈការពារខ្លួនប៉ុណ្ណោះចំពោះការវាយប្រហាររបស់តាលីបង់ដើម្បីបង្ហាញពីភាពស្មោះត្រង់នៅមុនកិច្ចចរចាសន្តិភាព ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់រវាងក្រុមតាលីបង់និងសហរដ្ឋអាម៉េរិកកាលពីខែកុម្ភៈ។

ក្រុមតាលីបង់បានដកខ្លួនចេញពីការវាយប្រហារធំៗនៅក្នុងទីក្រុងកាប៊ុលនិងទីក្រុងដទៃទៀតចាប់តាំងពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។

ទោះយ៉ាងណា តាលីបង់បានធ្វើការវាយប្រហារជាទៀងទាត់ប្រឆាំងនឹងកងកម្លាំងអាហ្វហ្គានីស្ថាននៅក្នុងខេត្តមួយចំនួន។

ពួកតាលីបង់បានស្តីបន្ទោសក្រុមរដ្ឋអ៊ីស្លាមនិងបក្ខពួកនៃអង្គភាពស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលចំពោះការវាយប្រហារចុងក្រោយនេះ។

ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា ខ្លួននៅពីក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅពិធីបុណ្យសព ប៉ុន្តែការវាយប្រហារនៅមន្ទីរពេទ្យមិនមែនជាការវាយប្រហាររបស់ពួកគេនោះទេ។

ក្រុមមន្រ្តីជាន់ខ្ពស់អាម៉េរិករួមទាំងរដ្ឋមន្រ្តីការបរទេស ម៉ៃ ផមផេវ ដែលបានកត់សម្គាល់អំពីការបដិសេធរបស់ពួកតាលីបង់ចំពោះការវាយប្រហារកាលពីថ្ងៃអង្គារ បានទទូចដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមសកម្មប្រយុទ្ធតាលីបង់ឱ្យធានាថាដំណើរការសន្តិភាពទទួលបានជោគជ័យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកផមផេវនិយាយថា “ក្រុមតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានគួរតែសហការគ្នាដើម្បីនាំជនដៃដល់ទៅកាត់ទោស”៕ ដោយ៖ កញ្ញាដាលីស

ការវាយប្រហារធំៗពីរកាលពីថ្ងៃអង្គារសម្លាប់មនុស្សរាប់សិបនាក់

ទីតាំងផ្សាយពាណិជ្ជកម្ម