សួន​បណ្ដុះ​កូនឈើ​មណ្ឌល​៣​ត្រៀម​កូនឈើ​ប្រមាណ​៣​ម៉ឺន​ដើម​សម្រាប់​ដាំ​និង​ចែកចាយ​

286
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​សួន​បណ្ដុះ​កូនឈើ​មណ្ឌល​៣​ដែល​បណ្ដុះ​ប្រភេទ​ឈើ​ព្រៃ​ហូប​ផ្លែ​និង​ឈើ​លម្អ​បាន​ត្រៀម​កូនឈើ​ប្រមាណ​៣​ម៉ឺន​ដើម​សម្រាប់​ការងារ​ដាំ​ដុះ​ក៏ដូចជា​ការចែក​ចាយ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោកស្រី​ថៃ​ប៊ុន​ធា​បុគ្គលិក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​កាលពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​

​លោកស្រី​ថៃ​ប៊ុន​ធា​បានបញ្ជាក់​ថា​សួន​បណ្ដុះ​កូនឈើ​មណ្ឌល​៣​ជា​សួន​មួយ​ក្នុងចំណោម​សួន​បណ្ដុះ​កូនឈើ​ទាំង​៤​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​ជា​រៀងរាល់ឆ្នាំ​សួន​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បណ្ដុះ​កូនឈើ​សម្រាប់​ការដាំដុះ​និង​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​យកទៅ​ដាំ​ដុះ​នៅ​តំបន់​នានា​ជាពិសេស​នៅក្នុង​តំបន់​អង្គរ​។​

​លោកស្រី​បានឱ្យដឹងថា​នៅ​សួន​នេះ​មាន​បណ្ដុះ​ប្រភេទ​ឈើ​មួយចំនួន​ដូចជា​ដើម​រំដួល​ដើម​សេ​មាន់​ដើម​គុយ​ដើម​ផ្ញៀវ​ដើម​ផ្កាត្របែកព្រៃ​ដើម​ផ្កា​អ៊ិន​តា​ណែ​ល​និង​ប្រភេទ​ដើមឈើ​មួយចំនួនទៀត​សរុប​ជាង​១០​មុខ​។​សួន​បណ្ដុះ​កូនឈើ​មណ្ឌល​៣​នេះ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បណ្ដុះ​ឡើងវិញ​នូវ​ប្រភេទ​កូនឈើ​ដែល​កម្រ​ក្នុង​បំណង​អភិរក្ស​ដើមឈើ​ទាំងនោះ​ឱ្យ​គង់វង្ស​ទៅ​ថ្ងៃក្រោយ​។​

​ចំណែក​ការងារ​បណ្ដុះ​វិញ​ដូច​ទៅនឹង​សួន​បណ្ដុះ​កូនឈើ​ដទៃទៀត​ដែរ​ក្រុមការងារ​បាន​ដើរ​រើស​គ្រាប់ពូជ​នៅតាម​ព្រៃ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​តែ​ពូជ​ខ្លះ​ក៏ត្រូវ​ទិញ​គេ​ដែរ​ដោយសារ​ជា​ប្រភេទ​ឈើ​កម្រ​ឬ​ឆ្នាំ​ខ្លះ​ដើម​ទាំងនោះ​ខ្សត់​ផ្លែ​ជាដើម​។​លោកស្រី​ថៃ​ប៊ុន​ធា​ប្រាប់ថា​ក្នុង​មួយឆ្នាំ​សួន​បណ្ដុះ​កូនឈើ​មណ្ឌល​៣​អាច​បណ្ដុះ​ឈើ​ចម្រុះ​ពី​២​ទៅ​ជាង​៣​ម៉ឺន​ដើម​។​

​ទន្ទឹមនឹងនោះ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មានបំណង​ស្នើសុំ​កូនឈើ​យកទៅ​ដាំ​សូម​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ហើយ​រយៈពេល​មួយ​សប្ដាហ៍​ពួកគេ​នឹង​ទទួលបាន​កូនឈើ​យកទៅ​ដាំ​។​អាជ្ញាធរ​ជាតិ​អប្សរា​សូម​លើកទឹកចិត្ត​ដល់​ព្រះសង្ឃ​ប្រជាពលរដ្ឋ​គ្រប់រូប​យក​កូនឈើ​ទៅ​ដាំ​នៅតាម​សាលារៀន​វត្ត​អារាម​និង​នៅក្នុង​សហគមន៍​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​។​

​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ចំនួន​៤​ទីតាំង​ទី​១​គឺ​ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា​ដែល​បណ្ដុះ​កូនឈើ​ប្រណីត​៤​ប្រភេទ​មាន​ដើម​បេង​គ្រញូង​ច្រេះ​និង​ធ្នង់​។​ទី​២​ស្ថានីយ​បណ្ដុះ​កូនឈើ​ប្រាសាទតាកែវ​ដែល​បណ្ដុះ​ប្រភេទ​កូនឈើ​លេខ​១​លេខ​២​លេខ​៣​និង​ក្រៅ​លំដាប់ថ្នាក់​។​

​ទី​៣​ស្ថានីយ​បណ្ដុះ​កូនឈើ​មណ្ឌល​៣​ដែល​បណ្ដុះ​ប្រភេទ​ឈើ​លម្អ​និង​ប្រភេទ​ឈើ​ហូប​ផ្លែ​ព្រៃ​និង​ទី​៤​ស្ថានីយ​បា​ឡុង​បណ្តុះ​ថែទាំ​និង​ផ្សាំកូនឈើ​បន្តវេន​គ្រប់​ប្រភេទ​។​ក្នុង​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ដាំ​កូនឈើ​និង​ចែកចាយ​កូនឈើ​ប្រមាណ​១១​ម៉ឺន​ដើម​៕S/

​រូបភាព​:​សួន​បណ្ដុះ​កូនឈើ​មណ្ឌល​៣​ត្រៀម​កូនឈើ​ប្រមាណ​៣​ម៉ឺន​ដើម​សម្រាប់​ដាំ​និង​ចែកចាយ​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម