​ឪពុកម្តាយ​ត្រូវ​ជំរុញ​កូន​ឱ្យ​សិក្សា​តាម​ការបង្រៀន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​

248
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​ក្រើនរំលឹក​ដល់​ឪពុកម្តាយ​សិស្ស​ឱ្យ​ជំរុញ​កូនចៅ​សិក្សា​តាម​កម្មវិធី​របស់​ក្រសួង​អប់រំ​ដែល​បាននិងកំពុង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជា​រៀងរាល់ថ្ងៃ​។​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​លោក​ជាវ​តា​យ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​ចុះ​ជួប​សួរ​សុខទ​ក្ខ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជិត​៩០​គ្រួសារ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក​។​

​នាពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ជនបទ​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ទោះបី​មកដល់ពេលនេះ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១២២​នាក់​គឺ​នៅតែ​ម្នាក់​មិនទាន់បាន​ជាសះស្បើយ​ក្តី​រាជរដ្ឋាភិបាល​ក៏​ពុំ​ធ្វេសប្រហែស​ចំពោះ​ករណី​នេះដែរ​។​និយាយ​រួម​ព្រោះតែ​មានការ​ព្រួយបារម្ភ​នូវ​ការចម្លង​ថ្មី ទើប​ការបិទ​សាលារៀន​បន្ត​អនុវត្ត​ដរាប​ដល់​មាន​ភាព​ធូរស្បើយ​ជាស​កល​។

លោក​ជាវ​តា​យ​បាន​បន្តថា​ក្នុងដំណាក់កាល​នេះ​ឪពុកម្តាយ​គ្រប់រូប​ត្រូវ​ជំរុញ​កូន​ឱ្យ​សិក្សា​តាម​កម្មវិធី​របស់​ក្រសួង​អប់រំ​ដែល​បាននិងកំពុង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជា​រៀងរាល់​ថ្ងៃនោះ​។​ទាំងនេះ​ជាការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​បំណង​កែប្រែ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​សម្រាប់​ពេលអនាគត​។​

ជាមួយគ្នានេះដែរ​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពត​ក៏បាន​ជំរុញ​ដល់​ប្រជាកសិករ​ឱ្យខិត​ខំ​ដាំ​ដំណាំ​បន្លែបង្ការ​ដើម្បី​ត្រៀម​សម្រាប់​ការខ្វះខាត​ព្រោះ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ អាច​នឹង​អូសបន្លាយ​ពេល​វែង​ដែល​មិនមាន​អ្នកណា​ដឹង​មុន​បាន​។​

​សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​មាន​ករណី​ភ្លៀង​ផ្គរ​និង​ខ្យល់​កន្ត្រាក់​ក្នុងភូមិ​សាស្ត្រ​នៃ​ឃុំ​ចំនួន​ប្រាំ​របស់​ស្រុក​ឈូក​។​ហេតុការណ៍​នោះបាន​បណ្តាលឱ្យ​ប៉ះពាល់​គេហដ្ឋាន​ប្រជាពលរដ្ឋ​៨៩​គ្រួសារ​ដោយ​ផ្ទះ​បួន​ខ្នង​រលំ​ទាំងស្រុង​៦៤​ខ្នង​ប៉ះពាល់​មធ្យម​និង​២១​ខ្នង​រង​ការខូចខាត​បន្តិចបន្តួច​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម