ផមផេវធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលនៅមួយថ្ងៃមុនពេលរដ្ឋាភិបាលថ្មីស្បថកាន់អំណាច

173
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃពុធទី១៣ឧសភា មួយថ្ងៃមុនពេលរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែលត្រូវស្បថចូលកាន់អំណាច ដើម្បីពិភាក្សាអំពីផែនការដាក់បញ្ចូលផ្នែកភាគច្រើននៃតំបន់កាន់កាប់ វេសប៊ែង ចូលមកក្នុងទឹកដីរបស់រដ្ឋជ្វីហ្វមួយនេះ។

អ្នកការទូតកំពូលរបស់ប្រធានាធិបតីដូណាល់ត្រាំរូបនេះក៏បានសម្តែងការថ្កោលទោសជាថ្មីចំពោះសត្រូវរួមរបស់ពួកគេផងដែរគឺ អ៊ីរ៉ង់ ដោយចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមនេះថាបានជំរុញនូវអំពើភេរវកម្មក្នុងអំឡុងពេលកំពុងផ្ទុះជំងឺរាតត្បាតកូវីដ១៩។

លោកផមផេវបានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីបេនចាមីនណេតាន់យ៉ាហ៊ូនិងគូប្រជែងប្រែមកជាសម្ព័ន្ធមិត្តរបស់គាត់គឺលោកបេននី ហ្គាន ដែលគ្រោងនឹងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយនៅថ្ងៃព្រហស្បតិ៍ទី១៤ឧសភាដើម្បីបញ្ចប់ការជាប់គាំងនយោបាយពេញមួយឆ្នាំ។

ដំណើររបស់លោកផមផេវគឺកើតឡើងស្របពេលជាមួយនឹងការកើនឡើងនៃអំពើហិង្សានៅតំបន់វេសប៊ែង។

កងទ័ពអ៊ីស្រាអែលបានបាញ់សម្លាប់ក្មេងប្រុសប៉ាឡេស្ទីនអាយុ ១៥ ឆ្នាំនៅជិតទីក្រុងហេប្រុនកាលពីថ្ងៃពុធ គឺមួយថ្ងៃគត់បន្ទាប់ពីអ្នកគប់ដុំថ្មជនជាតិប៉ាឡេស្ទីនម្នាក់បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ក្នុងអំឡុងពេលប្រតិបត្តិការចាប់ខ្លួនមួយនៅក្បែរតំបន់ជេនីន ដែលនោះគឺជាករណីស្លាប់លើកដំបូងរបស់កងទ័ពអ៊ីស្រាអែល។

នៅក្នុងកិច្ចពិភាក្សាជាមួយលោកណេតាន់យ៉ាហ៊ូនិងលោកហ្គាន លោកផមផេវបានលើកឡើងពីផែនការសន្តិភាពមជ្ឈិមបូព៌ាដ៏ចម្រូងចម្រាសរបស់លោកត្រាំ ដែលផ្តល់ភ្លើងខៀវដល់អ៊ីស្រាអែលដើម្បីកាត់យកតំបន់តាំងលំនៅដ្ឋានរបស់ជនជាតិជ្វីហ្វនិងតំបន់យុទ្ធសាស្រ្តនានានៅវេសប៊ែង។

សម្រាប់ប្រជាជនប៉ាឡេស្ទីននិងសហគមន៍អន្តរជាតិភាគច្រើន ចំណាត់ការបែបនេះនឹងធ្វើឱ្យរលាយក្តីសង្ឃឹមនៃដំណោះស្រាយរវាងរដ្ឋទាំងពីរចំពោះជម្លោះនេះ។

វាក៏បង្កភាពតានតឹងជាមួយប្រទេសហ្សកដានីផងដែរ ដែលជារដ្ឋអារ៉ាប់មួយក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួនតូចប៉ុណ្ណោះ ដែលមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអ៊ែល និងមានព្រំដែនជាមួយតំបន់ព្រំដែនយុទ្ធសាស្ត្រ ដែលស្មើនឹងចំនួនប្រហែល ៣០ ភាគរយនៃតំបន់វេសប៊ែង។

រដ្ឋមន្រ្តីក្រសួងការបរទេសហ្សកដានីលោក អាយម៉ាន់ សាហ្វាឌី និយាយកាលពីថ្ងៃពុធថា “ការសម្រេចចិត្តណាមួយរបស់អ៊ីស្រាអែលក្នុងកាត់យកការតាំងទីលំនៅដ្ឋាន ជ្រលងភ្នំហ្ស៊កដានី និង តំបន់ភាគខាងជើងនៃសមុទ្រមរណៈនៅក្នុងទឹកដីប៉ាឡេស្ទីនដែលគេកាន់កាប់ គឺជាចំណាត់ការដ៏មហន្តរាយ”។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោកសាហ្វាឌីព្រមានថា វានឹងសម្លាប់ឱកាសតែមួយគត់សម្រាប់សន្តិភាពនិងរុញតំបន់ឆ្ពោះទៅរកជម្លោះកាន់តែច្រើនឡើង៕ ដោយ៖ កញ្ញាដាលីស

លោកផមផេវ (ឆ្វេង) និងលោកណេតាន់យ៉ាហ៊ូ ជួបគ្នានៅអ៊ីស្រាអែលកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម