អាត្ម័ន​, អធិបតេយ្យ​, វារៈ​, វេយ្យាករណ៍​, វឌ្ឍន​, ហាក់​, ហនុមាន​, ហាង​

404
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​អាត្ម័ន ( ន​. ) (​អាត្ម​ន៑​; អត្ត​) អាត្មា (​ខ្លួន​; ចិត្ត​) ។ តាម​លទ្ធិ​ខ្លះ​ប្រែ​ថា “​ព្រលឹង​” ក៏មាន​, គេ​និយាយថា : ក្នុង​រូបយើង​មាន​អាត្ម័ន​, កាលណា​យើង​ដេកលក់​ស៊ប់​, ចួនកាល​អាត្ម័ន​ចេញពី​រូប ត្រាច់ចរ​ទៅ ខាងក្រៅ​, លុះដល់​វេលា ទើប​វិលត្រឡប់​ចូលមកក្នុង​រូប​វិញ (​គេ​ថា ព្រលឹង​តូច ព្រលឹង​ធំ តាម​ទម្លាប់​ជឿ​) ។ សម្រាប់​ឲ្យ​ងាយ​ចាំ​ថា : អាត្ម័នអាត្មា ទោះ​ប្រើពាក្យ​ណា ក៏បាន​ដូចគ្នា ទាំង​ពាក្យ​អត្តា នេះឯង​ក៏​ជា ពាក្យ​មានន័យថា ចិត្ត​ឬ​ខ្លួនប្រាណ ។

​អធិបតេយ្យ អៈ​ធិ​ប៉ៈ​តៃ កុំ​ថា –​ប៉ៈ​តី ( ន​. ) (< ប​ធិបតី + ភាវ​, ដោយ​អំណាច ឯ​យ្យ​-​បច្ច័យ​ត្រូវ​លុប ឥ របស់ តិ ចេញ ផ្សំ​ជា អាធិបតេយ្យ​, ប៉ុន្តែ​ខ្មែរ​យើង​ធ្លាប់ប្រើ​ជា អធិប​តេ​-​យ្យ តាម​ស្រួល​មាត់ យូរហើយ​) អធិបតីភាព​, ភាវៈ​នៃ​បុគ្គល​ជា​អធិបតី​, ឥស្សរភាព​, អំណាច​ដាច់ខាត​លើ​ខ្លួន​តាម​គន្លង ច្បាប់​បើក​សិទ្ធិ​ឲ្យ : ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យ​ពេញលក្ខណៈ ។ កុំ​ប្រើ​ជា អធិបតេយ្យភាព ឡើយ ដ្បិត អធិបតេយ្យ ប្រែ​ថា “​ភាវៈ​ឬ​ភាព​នៃ​…​ជា​អធិបតី​” ដូចគ្នា​នឹង អធិបតីភាព ដែរ​ស្រេច ទៅហើយ​, បើ​ប្រើ​ជា អធិបតេយ្យភាព ត្រូវ​ប្រែ​ថា “​ភាព​នៃ​ភាព​នៃ … ជា​អធិបតី​”, ប៉ុន្តែ​បើ​ប្រើ​ជា អធិបតីភាព បាន ។ បើ​ផ្សំ​ជាមួយនឹង​សព្ទ​ឯទៀត ត្រូវ​ប្រើ​ជា អាធិបតេយ្យ តាម​លំនាំ​វេយ្យាករណ៍ បាលី​បាន ដូច ធម្មាធិបតេយ្យ​, លោកាធិបតេយ្យ​, ប្រជាធិបតេយ្យ ជាដើម ។

​វារៈ សំ​. បា​. ( ន​. ) (​វារ​) ថ្ងៃ (​ក្នុង​សប្តាហ៍​); វេលា​; វេន​, ឱកាស​: ក្នុង​វារៈ​នេះ​… ។ ការរារាំង​, ការពារ​; ការ​ណាត់​ឬ​មត់គ្នា​, ការបិទ​, ខ្ទប់​, គ្រប​; គម្រប​;… ។

​វេយ្យាករណ៍ ( ន​. ) (​វេយ្យាករណ​; សំ​. វៃយាករណ ឬ វ្យា​ករ​ណ​) ការធ្វើ​ឲ្យ​ជាក់ ច្បាស់​, ឲ្យ​ប្រាកដ​; ការពន្យល់​; ពាក្យ​អធិប្បាយ​; ពាក្យ​ដោះស្រាយ​; ពាក្យរាយ​; ទំនាយ​; ឈ្មោះ​អង្គ​នៃ​ពុទ្ធភាសិត (​បាលី​ភាសា ឮ​) មួយ​យ៉ាង​ជា​ពាក្យរាយ (​មិនមែន​គាថា​, បាលី ជា​ពាក្យរាយ​នេះ​ហៅ​វេយ្យាករណ បាឋ វិញ​ក៏បាន​); គម្ពីរ​ប្រាប់​គោល​របស់​ភាសា​, មូល​របស់​ភាសា​: រៀន​វេយ្យាករណ៍​, ចេះ​វេ​យ្យា ករ​ណ៍​, អ្នក​វេយ្យាករណ៍ (​ម​. ព​. ព្យាករណ៍ ផង​) ។ វេយ្យាករណបណ្ឌិត (–​កៈ​រ៉ៈ​ណៈ​–) អ្នកប្រាជ្ញ ខាង​វេយ្យាករណ៍ (​អ្នកប្រាជ្ញ​ចេះ​គោល​ឬ​មូល​របស់​ភាសា​) ។

​វឌ្ឍន វ័ត​-​ឍៈ​នៈ បា​.; សំ​. ( ន​. ) (​វឌ្ឍន​; វ​ទ៌្ធ​ន ឬ វ​ធ៌​ន​) សេចក្ដីចម្រើន​; ការលូត លាស់​; ដំណើរ​ដុះដាល​; ដំណើរ​កើត​កាល​វាលគុម្ព ។ ព​. ផ្ទ​. ហាយន ឬ ហាយនៈ ។ វឌ្ឍនកម្ម អំពើ ឬ​ការងារ​ដែល​នាំ​ឲ្យ​ចម្រើន​ផលប្រយោជន៍ ។ វឌ្ឍនកាល ឬ​–​សម័យ កាល​ឬ​សម័យ​ដែលមាន សេចក្ដីចម្រើន​ប្រយោជន៍​ផ្សេងៗ ។ វឌ្ឍនធម៌ ធម៌​ឬ​សភាវៈ​ដែល​នាំ​ឲ្យ​កើត​សេចក្ដីចម្រើន ។ វេ​វ​. វប្បធម៌ ។ វឌ្ឍនភាព ភាវៈ​ឬ​ដំណើរ​នាំ​ឲ្យ​ចម្រើន ។ វឌ្ឍនាការ (​បា​. < វឌ្ឍន + អាការ​) អាការ​នៃ សេចក្ដីចម្រើន ។​ល​។

​ហាក់ ( និ​. ) ដូចជា​, ទំនងជា​; កួន​ជា​; លោជា : ហាក់នឹងថា​, ហាក់នឹងទៅ ។ ហាក់​ក៏​នឹង​ថា ដូចជា​នឹង​ថា ។ ហាក់ជា ប្រហែលជា (​ច្រើន​ប្រើ​ក្នុង​កាព្យ​) ។ ហាក់ដូច ឬ ហាក់ដូចជា ក្រែង​ដូច​. ប្រាកដ​ដូច : បើ​យើង​មិន​ទៅ​ហាក់ដូចជា​យើង​មិន​រាប់អាន​គេ ។ ហាក់បើថា ដូចជា​ថា ។​ល​។

​ហនុមាន ហៈ​នុ​ម៉ាន ( ន​. ) ឈ្មោះ​ស្តេច​ពានរ​មួយ​ជា​សេនា​របស់​ព្រះរាម ក្នុង​រឿង​រាមកេរ្តិ៍ (​ហៅ ពាយុបុត្រ ឬ វាយុបុត្រ ក៏បាន​) ។

​ហាង ( គុ​. ) ល្វីង​លាយ​ប្រហាត (​ដូច​យ៉ាង​រស​ទំពាំង​ឫស្សីព្រៃ​ជាដើម​) : រស​ហោង ។ ដែល​ធុំ ខ្មោះ​ក្រ​ហាត (​ដូច​យ៉ាង​ក្លិន​សេះ​ជាដើម​) : ក្លិន​ហោង ។ ចិ​.( ន​. )​ហាង​លក់ទំនិញ​ធំៗ​, ឃ្លាំងទំនិញ : ហាង​លក់​សំពត់​គ្រប់យ៉ាង​, តាំងហាង ។ ស​.( ន​. ) (​កន្ទុយ : ខ្សែ​ហាង ខ្សែ​កន្ទុយ​គឺ​ខ្សែ​ដែល​ត​ភ្ជាប់ ពី​ចុង​កែប​មក​ពាក់​ក្រោម​គល់​កន្ទុយ​សេះ : រឹតខ្សែ​អុក​ពាក់​ខ្សែ​ហាង រឹតខ្សែ​ទ្រូង​ពាក់​ខ្សែ​កន្ទុយ (​ច្រើន​ប្រើ​ក្នុង​សាស្ត្រា ទេសន៍​បុរាណ ឬ​ប្រើ​ក្នុង​ពាក្យកាព្យ​បុរាណ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម