ស្នងការនគរបាលរាជធានីភ្នំពេញៈ មន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំនឹងត្រូវដាក់ពិន័យ

211
ចែករម្លែក

ដោយ:មុន្នីរ័ត្នភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង។ មន្ត្រីទាំងអស់ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ។

ការថ្លែងនេះនៅក្នុងកិច្ចប្រជុំជាមួយ មន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍តាមបណ្តាអធិការខណ្ឌទាំង១៤ ដើម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ស្នងការនគរបាលរាជធានីភ្នំពេញបានកោតសរសើរដល់កម្លាំងទាំងអស់ដែលបានខិតខំទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើនបានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ ។ ល ។

ជាមួយគ្នានេះ ស្នងការនគររាជធានីភ្នំពេញបានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ ។ លោកស្នងការក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យ បានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

សូមជម្រាបថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសច្បាប់សរុបចំនួន ២១.៣៦៩គ្រឿង ក្នុងនោះម៉ូតូចំនួន ១៥.៩១០គ្រឿង និងរថយន្តចំនួន ៥.៤៥៩គ្រឿង ក្នុងនោះរថយន្តតូចចំនួន ៤៤៤៤គ្រឿង និងរថយន្តធំចំនួន ១.០១៥គ្រឿង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម