គិតត្រឹមពាក់កណ្តាលខែឧសភា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាង​សង់​បាន៨៦ភាគរយហើយ

242
ចែករម្លែក

ដោយៈសុផល/ភ្នំពេញៈស្ពានមិត្តភាពកម្ពជា-ចិនស្ទឹងត្រង់ក្រូចឆ្មារដែលបានបើកការ សងសង់កាលពីថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០១៨នោះ បច្ចុប្បន្ននេះសាងសង់បាន៨៦ភាគរយ ហើយនិងគ្រោងបញ្ចប់នៅមុនខែមេសា​ឆ្នាំ២០២១ខាងមុខ។នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធាណការនិងដឹកជញ្ជូន។

នៅសល់៥ប្រឡោះទៀតប៉ុណ្ណោះ​ ស្ពានកាត់ទន្លេ​មេគង្គស្ទឹងត្រង់​ក្រូចឆ្មារ​ នឹងចាក់​ភ្ជាប់​បេតុងតួស្ពានបានទាំងមូល។តាមផែនកា​រ​ នៅខែវិច្ឆិកា​នេះការស្ថាបនា​សំណង់​ផ្នែក​ធំ​ៗ​នឹងត្រូវបញ្ចប់​។

ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រនិងទទឹង១៣,៥០មជាប្រភេទស្ពានបេតុង​សរ​សៃ​​ដែ​កគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិកជា​ហិរញ្ញ​ប្បទានសម្បទាន​ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន​រួមជាមួយ​ថវិកា​បដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជាសម្រា​ប់ដោះស្រាយផលប៉ះពាល់និង​បោសសំអាត​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះមានទីតាំងឋិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុក​ស្ទឹងត្រង់ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិ​ក្តុល​​លើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គម្រោងស្ពាននេះសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប(Shanghai Constru​c​tion Group)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក​ទេស ក្វាងចូវវ៉ានអាន។ តាមគ្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេលចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខ។

គួរកត់សម្គាល់ផងដែរថា៖កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងនៅត្រើយខាងកើត និង​ត្រើយ​​ខាងលិច អាច ធ្វើដំណើរនិងទំនាក់ទំនងគ្នាទៅវិញទៅ​មកបានតាមរយៈ​ការជិះ​ទូកដ ឬសាឡាងចម្លងកែច្នៃតូចៗ ដែលពួកគាត់តែងតែជួបនូវការលំបាក គ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាព ក្នុងការដឹកជញ្ជូនទំនិញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ចូន ធ្លាប់​បាន​​មានប្រសាសន៍ថា៖ស្ពាននេះជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនងការដឹកជញ្ជូននិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្ត​កំពង់​ចាម​និងខេត្តត្បូងឃ្មុំដែលរស់នៅយ៉ាង ច្រើនកុះករនៅត្រើយខាងកើត និង​ត្រើយ​ខាង​លិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

គួររម្លឹកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ ទន្លេមេគង្គពីស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនិងផ្លូវ​តភ្ជាប់​សងខាងស្ពាន៕

ទីតាំងផ្សាយពាណិជ្ជកម្ម