លួចម៉ូតូបានពីស្រុកជីក្រែង ត្រូវនគរបាលស្រុកប្រាសាទបាគងស្ទាក់ចាប់បាន

167
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ នគរបាលស្រុកប្រាសាទ បាគង បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូពីស្រុកជីក្រែង រួចជិះបំណងចូលមកក្រុងសៀមរាប។

ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅម៉ោង២យប់ឈានចូលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យកំពុងបណ្តើរម៉ូតូទាំងកណ្តាលយប់មកសួរនាំ ទើបដឹងថាជាជនសង្ស័យលួចម៉ូតូពីស្រុកជីក្រែង។

លោកបន្តថា ជនសង្ស័យទី១ឈ្មោះម៉េងសុភណ្ឌ ហៅម៉ៃ ភេទប្រុសអាយុ២១ឆ្នាំ ស្រុកកំណើត និងទីលំនៅសព្វថ្ងៃភូមិអន្លង់វិល ឃុំគោកធ្លកក្រោមស្រុកជីក្រែង។ ទី ២ ឈ្មោះ ចែត ម៉េងហួយ ហៅអួយ ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនិងទីលំនៅសព្វថ្ងៃ ភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ ជនទាំងពីរ ត្រូវចាប់ខ្លួនក្នុងបទលួច និងសមគំនិតលួចម៉ូតូ។

លោកបន្ថែមថា កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង វេលាម៉ោង ៤និង២០នាទីទាបភ្លឺ ជនទាំងពីរបានលួចម៉ូតូ ១គ្រឿង ម៉ាកសង់ សេ១២៥ ខ្មៅ សេរី២០០៧ ឡើងតែម ២០១៤ ពាក់ស្លាកលេខ ឧត្តរមាន​ជ័យ​1A.3474 លេខតួ លេខម៉ាស៊ីន៨១៦៩១៥៥ របស់ជនរងគ្រោះឈ្មោះសុខ ឡី ភេទប្រុស អាយុ២០ឆ្នាំ។ ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះពិនិត្យ និងឆែកកាមេរាសុវត្ថិភាព រួចបានដាក់ការសង្ស័យលើមុខសញ្ញាទាំងពីរនាក់ខាងលើ ។

បន្ទាប់មកទើបសហការជាមួយនគរបាលតាមមូលដ្ឋាន ហើយនៅម៉ោង ២យប់ ថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២០កម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់បានតែម្តង។ ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពិតជាបានប្រព្រឹត្តលួចម៉ូតូនោះមែន។ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ នារសៀលថ្ងៃទី១៤ខែឧសភានេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម