ចុះទៅមើលលទ្ធផលធ្វើបាននៃគម្រោងគ្រប់គ្រងរួមគ្នា ដើម្បីការពារដីជម្រាលនៅស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ

171
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២០ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺ លោកDr. Nick Beresford ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា បានអញ្ជើញមកឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត” ដែលគម្រោងនេះត្រូវបានអនុវត្តដោយសហគមន៏តំបន់ការពារធម្មជាតិរស្មីសាមគ្គី និងគាំទ្រថវិកាដោយរាជរដ្ឋាភិបាល GEF និង UNDP ចំនួន ១,៥លានដុល្លារ។

ក្រោយពេលបានចុះពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ស្រះទឹកសហគមន៍ ព្រៃឈើសហគមន៍ និងផលិតកម្មដំណាំបន្លែ រួចមកលោករដ្ឋមន្រ្តី ព្រមទាំងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ចំនួន ៥០គ្រួសារ។ ក្នុងពិធីសំណេះសំណាល ជាបន្តបន្ទាប់លោកម៉ុន សំអាត ប្រធានសហគមន៍ លោកឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយ ការណ៍អំពីសកម្មភាពរបស់សហគមន៍ ការគ្រប់គ្រង ថែរក្សាការពារព្រៃឈើសហគមន៍ ផល ប្រយោជន៍នៃការប្រើប្រាស់ទឹកដែលឧបត្តម្ភដោយគម្រោង ការទទួលបានផល និងអនុផលព្រៃ ឈើ និងដំណាំរួមផ្សំ និងជាពិសេសអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមការពារជំងឺឆ្លងសកលកូវីដ-១៩។

បន្ទាប់មកលោកបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល អង្គការ UNDP និង GEF ដែលបានផ្តល់ថវិកាគាំទ្រអនុវត្តគម្រោង ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ គាំទ្រអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចយើងបានឃើញនាព្រឹកនេះ រួមមានការទាញយកទឹកធម្មជាតិពីភ្នំឱរ៉ាល់មកប្រើប្រាស់ក្នុងសហគមន៍ ការជីកស្រះស្តុកទឹក ការការពារ ថែរក្សា និងអភិរក្សព្រៃឈើសហគមន៍ ការគ្រប់គ្រងដីជម្រាល និងដីកសិកម្ម ការកាយព្រំដីព្រៃ ឈើសហគមន៍ ការដាំឫស្សី និងបន្លែរួមផ្សំ និងជាពិសេសជីវភាពត្រូវបានកែលម្អបានយ៉ាងល្អប្រសើរ ហើយពិតណាស់អ្វីដែលប្រជាសហគមន៍បាននិងកំពុងទទួលនាថ្ងៃនេះ គឺជាក្តីប្រាថ្នាចង់បានយ៉ាងទទូចរបស់រាជរដ្ឋាភិបាល។

ក្រៅពីនេះ ដើម្បីប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គីឱ្យកាន់តែរីក ចម្រើន រក្សាបាននូវនិរន្តរភាពនៃការការពារ ថែរក្សា និងគ្រប់គ្រងព្រៃឈើធម្មជាតិនៅតំបន់នេះឱ្យបានគង់វង្ស និងបង្កើនផលិតភាពផលិតកម្មដំណាំ បន្ថែមទៀត ។លោករដ្ឋមន្ត្រីបានស្នើសុំឱ្យនាយកគម្រោង និង UNDP ជួយបណ្តុះបណ្តាលការងារបច្ចេកទេសកសិកម្មថ្មីៗដែលធន់ការប្រែប្រួលអាកាសធាតុ បង្កើតរបរកសិកម្មបន្ថែមដូចជាចិញ្ចឹមមាន់ ដំណាំប្រើទឹកតិច។ ទាក់ទាញគម្រោងនានាយកមកអនុវត្តនៅតំបន់នេះឱ្យបានច្រើន ពិសេសសហគមន៍ព្រៃឈើ ប្រយោជន៍ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់ភ្នំឱរ៉ាល់ ឱ្យមានការរីកចម្រើននាពេលអនាគត។ យោងតាមការស្នើសុំ លោកបានស្នើឱ្យមន្ទីរបរិស្ថានខេត្តជួយសហការចុះបញ្ជីសហគមន៍នេះផង ដើម្បីទទួលបាននូវសិទ្ធិស្របច្បាប់ត្រឹមត្រូវ។

លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងបានឱ្យដឹងថា គម្រោងនេះមានគោលបំណងស្តារ កែលម្អ និងថែរក្សាគម្របព្រៃឈើ ធ្វើឱ្យមុខងារទីជម្រាលមានស្ថិរភាព លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាកម្មប្រព័បរិស្ថានឱ្យមាននិរន្តរភាព។ ដោយឡែក ការអភិរក្សដីកសិកម្ម ការអនុវត្តកសិ-រុក្ខកម្ម ការគ្រប់គ្រងព្រៃឈើសហគមន៍ឱ្យមាននិរន្តរភាព និងការលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងត្រួតពិនិត្យទីជម្រាល គឺស្ថិតនៅក្នុងសមាសភាគទាំងបីរបស់គម្រោង ហើយសមាសភាគនីមួយៗមានការវិវឌ្ឍរីកចម្រើន គួរឱ្យកត់សម្គាល់។ ជាក់ស្តែងទុយោទឹកប្រវែង ២៧ ០០០ម៉ែត្រ ត្រូវបានតចូលក្នុងភូមិ ៣ ផ្តល់លទ្ធភាពឱ្យពលរដ្ឋ ២៤៣ គ្រួសារប្រើប្រាស់ទឹកក្នុងគ្រួសារ និងក្នុងវិស័យកសិកម្ម។ ស្រះទឹកធំៗ ចំនួន ៣ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងសហគមន៍ កសិករ ៣៤គ្រួសារបានដាំឫស្សីផ្អែម ខ្ញី រំដេង និងស្លឹកគ្រៃ ស្វាយចន្ទី គ្រប់គ្រងនិងថែរក្សាព្រៃឈើសហគមន៍បានចំនួន ៤ ០៧៨ហត។ល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម