តាមរយៈកម្មវិធីថែទាំផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូចជាង២ពាន់ករណីបានត្រូវដោះស្រាយ ដែលក្នុងនោះជាង ៦៣០ ត្រូវបានជួសជុលរួច

168
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ តាមរយៈកម្មវិធីថែទាំផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូចជាង២ពាន់ករណីបានត្រូវដោះស្រាយ ដែលក្នុងនោះជាង ៦៣០ ត្រូវបានជួសជុលរួច គិតមកទល់នឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០នេះនិងកំពុងបន្តជួសជុលផ្លូវខូចជាច្រើនកន្លែងទៀតតាមសំណូមពរប្រជាពលរដ្ឋ។នេះបើតាមលោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុទ្ធ បានឱ្យដឹងថា៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ឲ្យដំណើរការជាផ្លូវការ “កម្មវិធីថែទាំផ្លូវ (ROAD CARE)” កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៨។

តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស អាចធ្វើការរាយការណ៍ដោយផ្ទាល់ពី ផ្លូវជង្ហុក ផ្លូវសំបុកមាន់និងផ្លូវខូច តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE mobile app)ទៅកាន់អាជ្ញាធរដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា ។អ៊ែបនេះអាចទាញយកដោយឥតគិតថ្លៃ នៅលើPlay Store និង App Storeក្នុងទូរស័ព្ទដៃ។
“កម្មវិធីថែទាំផ្លូវ”នេះបានត្រូវបង្កើតឡើងឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមផ្តល់ពត៌មានអំពីផ្លូវជង្ហុក ផ្លូវសំបុកមាន់និងផ្លូវខូចតាមរយៈការថត បង្ហោះជារូបថតនិងវីដេអូរួចបញ្ជូនទៅកាន់ក្រុមការងារទទួលបន្ទុករបស់ក្រសួង មន្ទីរសាធារណការនិងដឹកជញ្ជូនទាំង២៥ និងអាជ្ញាធរពាក់ព័ន្ធដើម្បី ធ្វើការជួសជុល។”កម្មវិធីថែទាំផ្លូវ”បង្កើតឡើងដោយស្នាដៃកូនខ្មែរ។

តាមប្រភពក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា៖កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងគុណភាពផ្លូវ ដែលទាមទារឲ្យមានការជួសជុល និងថែទាំទូទាំងប្រទេស តាមរយៈការរាយការណ៍ពីស្ថានភាពជង្ហុក សំបុកមាន់ និងផ្លូវខូចដោយអ្នកប្រើប្រាស់។អ៊ែបនេះមានភាពឆ្លាតវៃ ព្រោះវាដឹងទីតាំងពិតប្រាកដ ថា រូបថត ឬវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋថតបញ្ជូនមកនោះ ស្ថិតនៅកន្លែងណា ដូច្នេះមានការងាយស្រួលសម្រាប់មន្ត្រីសាធារណការចុះទៅជូសជុលផ្លូវដេលខូចខាតនោះ។តែប្រសិនបើប្រជាពលរដ្ឋច្រើនគ្នាថតផ្លូវខូចកន្លែងតែមួយគឺប្រព័ន្ធនេះដឹងភ្លាម។អ៊ែបនឹងថ្លែងអំណរគុណដល់អ្នកដែលបានរាយការណ៍ក្រោយពេលផ្លូវជួសជុលរួច។

កម្មវិធីថែទាំផ្លូវនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារជង្ហុកសំបុកមាន់និងផ្លូវខូចព្រមទាំងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម